ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន​បង្ហូត​នៅ​ទីស្នាក់ការ អ​.​ស​.​ប

ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បាន​បង្ហូត​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ជា​លើក​ដំបូង​នៅ​ទីស្នាក់ការ អ​.​ស​.​ប ក្រុង​ញូ​វ​យ៉​ក ដែល​នោះ​ជា​ព្រឹត្តិការណ៍​និមិត្តរូប​មួយ ។

ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន​ពណ៌​ក្រហម ខ្មៅ ស និង​ខៀវ ត្រូវ​បាន​បង្ហូត​នា​វេលា​ម៉ោង​១៣​និង​១៥​នាទី ម៉ោង​នៅ​ក្រុង​ញូ​វ​យ៉​ក​នៅ​ក្នុង​សួនច្បារ​នៃ​វិទ្យាស្ថាន​អន្តរជាតិ ហើយ​បន្ទាប់​មក​ត្រូវ​យក​ទៅ​ដាក់​រួម​ជាមួយ​ទង់ជាតិ​របស់​រដ្ឋ​ជា​សមាជិក អ​.​ស​.​ប ១៩៣ រួម​ទាំង​ទង់ជាតិ​របស់​បុរី​វ៉ា​ទី​កង់ ដែល​ដូច​គ្នា​នឹង​ប៉ា​ឡេ​ស្ទី​ន​ដែរ​មាន​លក្ខន្តិកៈ​ជា​រដ្ឋ​ពុំ​មែន​សមាជិក ។

មុន​ពេល​ចាប់ផ្តើម​ពិធី​បង្ហូតទង់ជាតិ​នេះ ដែល​ចូលរួម​ដោយ​មនុស្ស​ជា​ច្រើន ក្នុង​នោះ​មាន​អគ្គលេខាធិការ អ​.​ស​.​ប​ផង ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​មូ​ដ​អាប់​បាស់ ថ្លែង​ថា ក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​ប្រជាជន​ខ្ញុំ​នៅ​គ្រប់​ទិស​ទី​ថា សូម​បងប្អូន​បង្ហូតទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន​ឱ្យ​បាន​ខ្ពស់​បំផុត ព្រោះ​នេះ​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​របស់​យើង ។ វា​ជា​ថ្ងៃ​ប្រកបដោយ​មោទនភាព​បំផុត ។

មុន​នេះ​បន្តិច លោក អាប់​បាស់ ទាមទារ​នៅ​វេទិកា​មហាសន្និបាត អ​.​ស​.​ប ថា ប៉ា​ឡេ​ស្ទី​ន​គួរ​ទទួល​បានការ​ទទួលស្គាល់​ជា​រដ្ឋ​សមាជិក​ពេញ​សិទ្ធិ​មួយ ៕