១២នាក់ បានក្លាយជាម្ចាស់ជ័យលាភីគុនដាវថ្នាក់ជាតិ ឆ្នាំ២០១៥

អត្ត​ពលិក​គុនដាវ​ចំនួន​១២​នាក់ បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី តាម​រយៈ​ការ​ឈ្នះ​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​រៀងៗ​ខ្លួន ក្នុង​ការ​​ប្រកួត​កីឡា​គុនដាវ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៥ ដែលបាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ម្សិល​មិញ ហើយ​នៅ​ក្នុង​ចំនួន​អ្នក​ទាំង​នោះ​ក៏​មាន​អ្នក​ខ្លះ​ទទួល​បាន​មេដាយ​រហូត​ដល់​៣តែ​ម្នាក់​​ផង​ដែរ។

តាម​រយៈ​ការ​ប្រកួត​ត្រឹម​៣​ថ្ងៃ នៅ​សាល​ដំបូល​ទូក​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នោះ គឺ​មាន​ការ​ប្រកួត​ប្រជែង​តែ​៤​វិញ្ញាសា​ទេ ហើយ​ជា​លទ្ធ​ផល​នៃ​ការ​ប្រកួតនោះ កីឡាការិនី ឆាយ លីលី មក​ពី​ក្លិប​អ៊ីសា ទទួល​បាន​មេដាយ​មាស លើ​វិញ្ញាសាឯកត្ត​ជន​ដាវធំ ខណៈ​​លេខ​២​បាន​ទៅ មួង ម៉ានុត និង​លេខ​៣ សួង ពិសី ដោយ​អ្នក​ទាំង​២​នេះ​មក​ពី​ក្លិប​ហូសាណា​ដូច​គ្នា។
1
ចំណែក​​ការ​ប្រកួត​ឯកត្ត​ជន​ដាវ​តូច​បុរស កីឡាករ ជឹម ធារ៉ា ​របស់​ក្លិប​ហូសាណា បាន​ឈ្នះ​មេដាយ​មាស ក្រោយ​រូប​គេ​បាន​​យក​ឈ្នះលើ​កីឡាករ​ ឆាយ សុខលាភ ​ក្លិប​អ៊ីសា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​លេខ​៣​បាន​ទៅ​លើ សាន់ សុខសីហា ក្លិប​អ៊ីសា។
2
ចំពោះ​ការ​ប្រកួត​ឯកត្ត​ជន​ដាវ​ធំ​បុរស កីឡាករ ឃឹម សាមាន មក​ពី​ក្លិប​សន្ធរម៉ុក ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ខណៈ​លេខ​​២​បាន​ទៅ​ មាលា បូរិន ក្លិបនរា និង​លេខ​៣បាន​ទៅ សាន់ សុខសីហា ក្លិប​អ៊ីសា។ រីឯ​ការ​​ប្រកួត​ជា​ក្រុម​បុរស​ដាវ​ធំ ​លេខ​១​បាន​ទៅ​ក្លិប​អ៊ីសា ដែល​បាន​កីឡាករ សាន់ សុខសីហា សំ សិទ្ធិបញ្ញា និង ឆាយ សុខលាភ ខណៈ​​លេខ​២បាន​លើ​​ក្លិប​សន្ធរម៉ុក ដែល​មាន​កីឡាករ ឃឹម សាមាន កេត ស៊ីសុវណ្ណឧត្តម និង សរ សុវណ្ណារី ហើយ​កីឡាករ មាលា បូរិន ឃឹម នាគ និង ជុំ សម្បត្តិ ​របស់​​ក្លិបនរា បាន​ទទួល​​លេខ​៣។

ទាក់​ទង​ទៅ​នឹង​លទ្ធ​ផល​នៃ​ការ​ប្រកួត​នេះ ​លោក ​សុខ​យ៉ា និមល​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​ការ​ប្រកួត កាល​ពី​ម្សិល​មិញ​នោះ​​ថា៖​ «ឆ្លង​តាម​ការ​​ប្រកួត​អស់​រយៈ​ពេល​៣​ថ្ងៃ​ ដោយ​ឈរ​លើ​ស្មារតី​ចេះ​អធ្យា​ស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក មិត្ត​ភាព សាមគ្គី​ភាព ដោយ​ប្រកាន់​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​ច្បាប់​បញ្ញត្តិ និង​បទ​បញ្ជា​បច្ចេក​ទេស​ក្នុងការ​ប្រកួត​ នាំ​ឲ្យ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ទទួល​បាន​នូវ​​លទ្ធ​ផល​ល្អ​ប្រសើរ»។
3
យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​​ប្រកួត​នៅ​ឆ្នាំ​នេះ ​មាន​អ្នក​ចូល​រួម​ប្រកួត​ត្រឹម​៣៥​នាក់​ទេ ដែល​ពួក​គេ​លេង​តំណាង​ឲ្យ​​ក្លិប​​ចំនួន​៥ រួម​​មានក្លិប​ហូសាណា ក្លិប​អ៊ីសា ក្លិប​សន្ធរម៉ុក ក្លិប​សាមគ្គី និង​ក្លិប​នរា ខណៈ​អ្នក​មក​ចុះ​ឈ្មោះ​ចូល​រួម​មុន​ការ​ប្រកួត​​មាន​រហូត​ដល់​​៥៩​នាក់​(ស្រី៦​នាក់)។
4
ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ចូល​រួម​នេះ បាន​ធ្វើ​ឲ្យ​ លោក ព្រំ ប៊ុណ្ណយី អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​កីឡា ដែល​បាន​ចូល​រួម​ជា​អធិប​តី​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​​នោះ បានជំរុញ​​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ខិតខំ​​បណ្តុះ​ធន​ធាន​មនុស្ស ពិសេសកីឡាករ កីឡាការិនី​ជា​ថ្នាល​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើនជាង​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត National Games 2016 និង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕