ទាហាន​ឈុតខ្មៅ​ថៃចាប់ ពលរដ្ឋ​ខ្មែរ​២​នាក់​ចោទថា ចូលធ្វើ​ចារកម្ម​ក្នុង​ទឹកដី​ថៃ​

នៅ​ម៉ោង​១២​ជាង​ថ្ងៃត្រង់ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥​នេះ កម្លាំង​វរ​នគរបាល​ព្រំដែន​គោក​លេខ​៨១៧​កម្ពុជា បានទទួល​ព័ត៌មាន​ថា ទាហាន​ឈុតខ្មៅ​ថៃ​បាន​ឃាត់ខ្លួន​ប្រជា​ពល​​រដ្ឋ​ខ្មែរ​ចំនួន​២​នាក់ នៅត្រង់ចំណុច​ប៉ម​០១០​នៅ​ទល់មុខ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​១៣ ដោយ​ចោទប្រកាន់​ជនជាតិខ្មែរ​ទាំង​២​នាក់​នោះ​ថា មាន​ចេតនា​ធ្វើ​ចារកម្ម​ព័ត៌មាន​(​ចូល​លួច​ថត​នៅក្នុង​ទឹកដី​ថៃ​)​។​

​បន្ទាប់ពី បានទទួល​ព័ត៌មាន​នេះ​ភ្លាម លោក​មេបញ្ជាការ​វរ​នគរបាល​ព្រំដែន​គោក​លេខ​៨១៧ បាន​ទំនាក់ទំនង​ទៅ​ភាគី​ថៃ​ដើម្បី​សុំ​ជួបចរចា និង​សាកសួរ​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់​នោះ ដែល​ត្រូវ​ភាគី​ថៃ​ចោទប្រកាន់​។ ជន​ទាំង​២​នាក់​នោះ​ទី​១. ឈ្មោះ​កាយ សុធា ភេទ​ប្រុស​អាយុ​៣២ ទី​២. ឈ្មោះ​ស៊ឹម វុ​ធ ភេទ​ប្រុស​អាយុ​៥៦​។​

ពួកគេ​រស់នៅ ភូមិ ស្រឡៅ​ជ្រុំ ឃុំ​សេរី​មានជ័យ ស្រុក សំពៅ​លូន ខេត្ត បាត់ដំបង​។​នៅពេល​សាកសួរ​ចំពោះមុខ​ភាគី​កម្ពុជា និង​ភាគី​ថៃ ពួកគេ​បាន​និយាយថា ពួកគេ​មិនមាន​ចេតនា​ចូល​បន្លំ​ថត ឬ​យក​ព័ត៌មាន​អ្វី​នៅក្នុង​ទឹកដី​ថៃ​នោះឡើយ ដោយ​ពួកគេ​អះអាងថា ពួកគេ​ពុំមាន​សម្ភារៈ​ណាមួយ ដែល​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ករណី​ចារ​កម្មនេះ​ទេ គឺ​ពួកគេ​ចូលទៅ​ដី​ថៃ រង់ចាំ​បងប្អូន ដែល​ត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ មក​កម្ពុជា​វិញ តាម​ច្រក​០១០​នេះ​ប៉ុណ្ណោះ​។

​ដូច្នេះ​ពុំមាន​ពាក់ព័ន្ធ​ចារកម្ម​នៅលើ​ទឹកដី​ថៃ​នោះឡើយ ដោយ​សង្កេតឃើញថា វា​ជា​ករណី​ជាក់ស្ដែង និង​មិនមាន​ភស្តុតាង​ណាមួយ​ធ្វើការ​ចោទប្រកាន់​នោះ ថ្នាក់ដឹកនាំ​វរ​នគរបាល​ព្រំដែន​៨១៧​បាន​ធានា​អះអាង​យក​ជនរងគ្រោះ​ទាំង​២​នាក់ មកកាន់​ប្រទេស​កម្ពុជា​វិញ​៕​សុ ថា​ត់​