ក្រសួង​ការងារ ប្រកាស​ឱ្យ​បើកប្រាក់​ឈ្នួល ឬ​ប្រាក់​បុរេប្រទាន ៥០ ភាគរយ មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដល់​កម្មករនិយោជិត​

ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ដល់​ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថាន ទាំងអស់ ត្រូវខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​កម្មករនិយោជិត​ឱ្យបាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ បើ​ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាតឱ្យ​កម្មករ និយោជិត ទទួល​ប្រាក់​បុរេប្រទាន​យ៉ាងតិច ៥០ ភាគរយ មុនពេល​បុណ្យ​ភ្ជុំបិណ្ឌ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥ បានប្រកាស​ឱ្យដឹងថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ក​ម្មករ និយោជិត ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ សូម​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់ ស្តីពី ការងារ​អនុវត្ត​នូវ​ចំណុច ២ ៖ គឺ​ទី​១.​អនុញ្ញាតឱ្យ​កម្មករ និយោជិត​ទាំងអស់​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្នុងអំឡុងពេល ៤ ថ្ងៃ គឺ​ថ្ងៃទី​១១-១២-១៣ និង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ ជំនួស​ថ្ងៃអាទិត្យ​ទី​១១​។ ទី​២.​ខិតខំ​រៀបចំ​បើកប្រាក់​ឈ្នួល​កម្មករ និយោជិត​ឱ្យបាន​មុន​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ បើ​ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាតឱ្យ​កម្មករ និយោជិត​ទទួល​ប្រាក់​បុរេប្រទាន យ៉ាងតិច ៥០ ភាគរយ មុន ពេល​បុណ្យ​ភ្ជុំបិណ្ឌ​៕​