កុំកុំ និង ម៉ៃ ថៃសាន់ ប្រយុទ្ធគ្នាក្នុងរឿង «IP Man3»

កាលពីពេលថ្មីៗនេះប្រភពព័ត៌មានរបស់ហុងកុងបានឱ្យដឹងថា កំពូលតារាសម្តែងក្បាច់គុនចិន លោកចេន ជីតាន់ (Donnie Yen) ហៅ កុំ កុំ បានធ្វើការផ្សព្វផ្សាយខ្សែភាពយន្តថ្មី គឺរឿង«IP Man3» ដែលនឹងត្រូវដាក់បញ្ចាំងនៅទីក្រុងហុងកុង ក្នុងពេលឆាប់ៗខាងមុខនេះ។នៅក្នុងសន្និសីទកាសែតមានដាក់បញ្ចាំងនូវឈុតឆាកប្រយុទ្ធគ្នារវាង កុំកុំ ជាមួយនឹងលោក ចាង ជិន (តារាសម្តែងក្បាច់គុនចិន) រួមជាមួយអតីតស្តេចប្រដាល់ ម៉ៃ ថៃសាន់ ផងដែរ។

កុំកុំ បានឱ្យដឹងថា ដៃគូប្រយុទ្ធទាំងពីរនាក់នេះគឺបញ្ចេញក្បាច់ប្រយុទ្ធខុសៗគ្នា ជាពិសេសនៅពេលប្រយុទ្ធជាមួយនឹង ម៉ៃ ថៃសាន់ នោះគឺត្រូវត្រៀមលក្ខណៈប្រយុទ្ធដោយស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីចៀសវាងនូវឧប្បត្តិហេតុអាចកើតមានឡើងដោយចៃដន្យ។កុំកុំ និយាយថា ពេលថតកុនក៏មានការញញើត ម៉ៃ ថៃសាន់ ដែរព្រោះដឹងស្រាប់ហើយថា ទម្ងន់ដៃរបស់គាត់អាចសម្លាប់ជីវិតមនុស្សបាន។

 

ប៉ុន្តែខ្ញុំក៏ចង់ផ្តួលគាត់ដែរ ឬក៏រកស្នៀតទាត់តម្រង់ល្វែងក្រោមរបស់គាត់។ខ្សែភាពយន្តរឿង «IP Man3» ដែលត្រូវដាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ គឺដំណាលគ្នា ជាមួយនឹងការដាក់បញ្ចាំងខ្សែភាពយន្តរឿង «Star Wars 7» របស់ហូលីវូដ ប៉ុន្តែទោះជាយ៉ាងណា កុំកុំ រំពឹងថា រឿងទាំងពីរនេះអាចទទួលបានជោគជ័យដូចគ្នា៕គ ឡេង