Kim Bum នឹង​ដើរ​តួ លី ស៊ាវឡុង ក្នុង​រឿង​ភាគ​​ថ្មី

Kim Bum នឹង​ដើរ​តួ លី ស៊ាវឡុង ក្នុង​រឿង​ភាគ​​ថ្មី

តារា​សម្ដែង​កូរ៉េ​ខាងត្បូង Kim Bum នឹង​ដើរ​តួ​​ជា​ស្ដេច​ក្បាច់​គុន Bruce Lee នៅ​ក្នុង​រឿង​ភាគ​ចិន​ថ្មី។ សារព័ត៌មាន​ប្រទេស​ចិន​បាន រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៩និង​៣០ ខែ​កញ្ញា​មុន​នេះ​ថា Kim Bum ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ដើរ​តួ លី ស៊ាវ​ឡុង ក្នុង​រឿង​ភាគ​ដែល​មាន​ឈ្មោះ​ថា “Yip Man and Bruce Lee” ដែល​នឹង​ចាប់​ផ្ដើម​ថត​ក្នុង​ប្រទេស​ចិន​នៅ​ខែ​នេះ។

 

Kim Bum នឹង​ដើរ​តួ លី ស៊ាវឡុង ក្នុង​រឿង​ភាគ​​ថ្មី

 

អ្នក​ដឹក​នាំ​សម្ដែង​និង​ផលិតករ​របស់​រឿង​នេះ លោក Pan Xiaotian បាន​ឲ្យ​ដឹង​ថា “លី ស៊ាវ​ឡុង គឺ​ជា​តារា​​​លំដាប់​​អន្តរជាតិ។ មនុស្ស​ទូទាំង​ពិភពលោក​បាន​ស្រលាញ់​ចូល​ចិត្ត​ភាពយន្ត​របស់​គាត់។ ហេតុ​អ្វី​ទាល់តែ​តារា​ចិន​ទើប​អាច​​ដើរ​តួ​គាត់​បាន?”។

 

សារព័ត៌មាន​ចិន​បាន​លើក​ឡើង​ថា មាន​តារា​​សម្ដែង​ប្រុស​ល្បីឈ្មោះ​ជា​ច្រើន​ជា​បេក្ខជន សម្រាប់​តួ​អង្គ​របស់ Kim Bum ដូច​ជា Li Yi Feng, Yang Yang, Huo Jianhua (Wallace Huo), Kevin Cheng, និង William Chan។ “នៅ​ពេល​ដែល​ខ្ញុំ​ចូល​រួម មហោស្រព​ភាពយន្ត​អន្តរជាតិ Busan មិត្តភ័ក្ដិ​ម្នាក់​បាន​ណែនាំ Kim Bum ឲ្យ​ខ្ញុំ​ស្គាល់” Xiaotian ប្រាប់។

 

Kim Bum ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ដែល​មាន​ទេព​កោសល្យ​ម្នាក់​នៅ​ប្រទេស​ចិន ដោយ​បាន​​ជា​បេក្ខភាព សម្រាប់​តារា​សម្ដែង​ថ្មី និង​មាន​ប្រជាប្រិយ​បំផុត សម្រាប់​កម្មវិធី​ប្រគល់​រង្វាន់ Beaksang Arts Awards។ អតីត​មិត្ត​ប្រុស​របស់​តារា​សម្ដែង Moon Geun Young ​រូប​នេះ​ក៏​ធ្លាប់​បាន​ដើរ​តួ​សំខាន់​​មួយ​​រូប​ដែរ​ក្នុង​រឿង​ហុងកុង​មួយ​កាល​ពី​មុន។

 

“ខ្ញុំ​ស្រលាញ់ លី ស៊ាវឡុង។ ខ្ញុំ​​ចូលចិត្ត​មើល​ភាពយន្ត​របស់​គាត់​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម៉្លេះ”។ Kim Bum ប្រាប់។

 

តំណាង​ក្រុមហ៊ុន​របស់ Kim Bum បាន​ប្រាប់​ថា​តារា​សម្ដែង​​រូប​នេះ​បាន​ត្រៀម​ខ្លួន​​រួច​ជា​​ស្រេច​ដោយ​បាន​លើក​ឡើង​ថា “Kim Bum កំពុង​ហាត់​ក្បាច់​គុន​រាល់​ថ្ងៃ ហើយ​កំពុង​ធ្វើ​ការ​ស្រាវ​​​ជ្រាវ​ពី លី ស៊ាវ​ឡុង​។ គាត់​បាន​ត្រៀម​​ខ្លួន​រៀបរយ​សម្រាប់​ដើរ​តួ​នេះ​ឲ្យ​បាន​សម្រេច”។

 

“Yip Man and Bruce Lee” ជា​​ការ​​សហការ​ផលិត​រវាង​ប៉ុស្តិ៍​ទូរទស្សន៍​ Jiangxi Television, Yangzhou Television និង Suzhon Televison។ រឿង​ភាគ​​នេះ​នឹង​ចាប់​ផ្ដើម​ថត​នៅ​ក្នុង​ខែ តុលា ហើយ​ក៏​មាន​ជំនួយ​ការ​ពី​ប្រទេស​កូរ៉េ​​ផង​ដែរ៕

 

ចុចអាន៖ភាពយន្ត​​កុងហ្វូ​ថ្មី​របស់ ឈិន ឡុង ចាប់​ផ្ដើម​ថត​នៅ​ឌុយបៃ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi