វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ប្រកាស​ផ្តល់​អាហា​រូបករណ៍​​១២០​កន្លែង សិក្សា​បរិញ្ញា​ប័ត្រ​ផ្នែក e-Commerce និង Telecoms ដំបូង​គេ​បង្អស់​​នៅ​កម្ពុជា

ភ្នំពេញ៖ ដោយសារការីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) និងទូរគមនាគមន៍ (Telecoms) បានធ្វើឱ្យវិស័យពាណិជ្ជកម្មអេឡិចត្រូនិច (e-Commerce) កំពុងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ពីសំណាក់ពាណិជ្ជករ អាជីវករ និងក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលកំពុងធ្វើអាជីវកម្ម ទាំងកម្ពុជា និងនៅឯបរទេស។ ក៏ប៉ុន្តែធនធានមនុស្សលើវិស័យខាងលើ ពុំទាន់ឆ្លើយតបតាមតំរូវការទីផ្សារការងារនៅឡើយ។

ជាក់ស្តែងនៅប្រទេសកម្ពុជាមាន គ្រឹះស្ថានឧត្តមសិក្សាតិចណាស់ ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលលើជំនាញ ទូរគមនាគមន៍ និងពាណិជ្ជកម្មអេឡិចត្រូនិច។ ដោយមើលឃើញពីការកង្វះ ធនធានមនុស្សលើវិស័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចបង្កើតនូវគ្រឹះ ស្ថានឧត្តមសិក្សាមួយឡើងដែលមានឈ្មោះថា វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន ហៅកាត់ថា “NIPTICT” (ណិបតិច)។ វិទ្យាស្ថានជាតិ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យធ្វើការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញបត្រ៖ ពាណិជ្ជកម្ម អេឡិចត្រូនិច និងភស្ដុភារ (e-Commerce & Logistics), ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking), វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)។

លោក បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានឲ្យដឹងថា ជំនាញទាំង៣នេះសុទ្ធតែជាមុខវិជ្ជាបច្ចេកទេស ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ព្រោះថាធនធានមនុស្សផ្នែកបច្ចេកទេសនៅមានការខ្វខាតច្រើន។

ប្រធានវិទ្យាស្ថានជាតិរូបនេះបានថ្លែងថា៖ «សព្វថ្ងៃនេះ យើងសង្កេតឃើញថា និស្សិតដែលចូលរៀន ផ្នែកបច្ចេកទេសមានប្រមាណតែ ៨ ភាគរយប៉ុណ្ណោះ ក្រៅពីនោះភាគច្រើនចូលរៀនផ្នែកវិទ្យាសាស្ត្រសង្គម គ្រប់គ្រងនិងទីផ្សារ។ ជំនាញបច្ចេកទេស ជាពិសេសជំនាញ ICT ទូរគមនាគមន៍ (Telecoms) និងពាណិជ្ជកម្មអេឡិចត្រូនិច (e-Commerce) ជាជំនាញដែលងាយរកការងារធ្វើ និងមានប្រាក់កម្រៃខ្ពស់ ដោយសារក្រុមហ៊ុននានាមានតម្រូវការច្រើន តែធនធានមនុស្សលើផ្នែកបច្ចេកទេសទាំងនេះ ចំនួននៅមានចំនួនតិច»។

ក្នុងឆ្នាំសិក្សា ២០១៥-២០១៦ នេះ វិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋ នឹងប្រលងជ្រើសរើសសិស្សដែលជាប់បាក់ឌុបចំនួន២៦០នាក់ ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រលើមុខជំនាញទាំង៣ ខាងលើ។ វិទ្យាស្ថានជាតិ NIPTICT នឹងផ្ដល់អាហារូបករណ៍១២០ កន្លែងដល់និស្សិតឆ្នើម ដែលក្នុងនោះ៦០ កន្លែងជាអាហា-រូបករណ៍១០០% និង៦០កន្លែងទៀតជាអាហារូបករណ៍៥០% ក្នុងរយៈពេល៤ឆ្នាំ។

កាលបរិច្ឆេទកំណត់ឈប់ទទួលពាក្យប្រលងគឺនៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៥។ ចំពោះវិញ្ញាសារប្រឡងមាន គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ វិទ្យាស្ថាននេះមានទីតាំងស្ថិតក្នុងអគារថ្មីសន្លាងកម្ពស់៤ជាន់ជាប់ខាងលិចទីស្ដីការគណៈរដ្ឋមន្ត្រី៕

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ប្រកាស​ផ្តល់​អាហា​រូបករណ៍​​១២០​កន្លែង សិក្សា​បរិញ្ញា​ប័ត្រ​ផ្នែក e-Commerce និង Telecoms ដំបូង​គេ​បង្អស់​​នៅ​កម្ពុជា

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ប្រកាស​ផ្តល់​អាហា​រូបករណ៍​​១២០​កន្លែង សិក្សា​បរិញ្ញា​ប័ត្រ​ផ្នែក e-Commerce និង Telecoms ដំបូង​គេ​បង្អស់​​នៅ​កម្ពុជា