លោក ថោង ខុន អះអាងថា បាតុភាព​អសកម្ម​លើ​កោះរ៉ុង​មានការ​ថយចុះ​ច្រើន

ខេត្ត​ព្រះសីហនុ​៖​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​អះអាងថា រាល់​បាតុភាព​ដែល​តែងតែ​កើតមានឡើង នៅលើ​កោះរ៉ុង​ពីមុន​នោះ​ឥឡូវ​មានការ​ថយចុះ​ច្រើន​ដូចជា​ការរៀប​សន្តិសុខ សណ្តាប់ធ្នាប់​រក្សា​សុវត្ថិភាព​ភ្ញៀវ​បានល្អ​រួមទាំង​ការទប់ស្កាត់ ការកំសាន្ត ការរាំរែក​របស់​ភ្ញៀវ​ពេលយប់​ក៏ត្រូវ​កាត់បន្ថយ​ត្រឹម​ម៉ោង​១២​យប់ ខណដែល​មុននេះ​ភ្ញៀវ​រាំរែក​ទល់​ភ្លឺ ។ ទន្ទឹម​នោះ​យើង​ក៏​ទប់ស្កាត់បាន​សកម្មភាព​ភ្ញៀវ​ជក់​គ្រឿងញៀន ជក់​កញ្ឆា ជាដើម​។  

​     ការអះអាង​របស់លោក ថោង ខុន ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការដ្ឋាន​ដើម្បី អភិវឌ្ឍន៍​លើ​កោះរ៉ុង​និង​បន្ទាប់ពី​ស្តាប់​នៅ​របាយការណ៍​ពាក់ព័ន្ធ​និង សន្តិសុខ សណ្តាប់ធ្នាប់​និង​ការរៀបចំ​របស់​ក្រុមការងារ​នេះ ។  

​    ​យ៉ាងណាក៏ដោយ លោក ថោង ខុន បាន​បង្ហើប​ឲ្យ​ដឹងថា បញ្ហា​ដែល​សំខាន់​មួយ​ដែល​ត្រូវ​ដោះស្រាយ​នោះ​គឺ​រាល់​អាជីវកម្ម​ទាំងអស់ នៅលើ​កោះរ៉ុង​រាប់ទាំង​ទូក កាណូត​ដឹកជញ្ជូន​គឺ​សុទ្ធតែ​អត់​ច្បាប់ មានន័យថា អត់​មាន​បង់​ចំណូល​ចូល​រដ្ឋ ។ ដូច្នេះ​យើង​ត្រូវ​ចាត់វិធានការ​យ៉ាងណា​ឲ្យ​ក្រុម​អាជីវកម្ម​ទាំងនោះ អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ គ្រា​ដែល​កោះរ៉ុង​កំពុងស្ថិត​ក្នុងការ​គ្រប់គ្រង​របស់​រដ្ឋ​នៅឡើយ ។ ការធ្វើ​ដូច្នេះ មិន​ត្រឹមតែ​ជាការ​អនុវត្ត​នូវ​កាតព្វកិច្ច​របស់​អាជីវ​ករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​ប្រមូល​ថវិកា​ចូល​រដ្ឋ និង​ប៉ះ​បូ​វ​ការចំណាយ​ផ្សេងៗ រួមមាន​ទាំង​ប្រាក់បៀវត្ស​សម្រាប់​មន្ត្រី បុគ្គលិក ដែល​បំរើការ​នៅទីនេះ ។  

​    ​ទាក់ទង និង​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា យើង​បាន​ត្រៀម​ចាត់វិធានការ​ទៅលើ​ក្រុមអាជីវករ​គ្រប់​ប្រភេទ​ដែល​ធ្វើ អាជីវកម្ម​អត់​ច្បាប់ ដោយ​ណែនាំ​ឲ្យ​ពួកគេ​បំពេញ បែបបទ​ធ្វើ​អាជ្ញាប័ណ្ណ​ជា​ជីវ​កម្ម​តាមច្បាប់​ត្រឹមត្រូវ ។ ចំពោះ​ការគ្រប់គ្រង​សំណល់​រឹង​និង​រាវ​វិញ លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងថា វា​នៅតែ​ជា​កង្វល់​នៅឡើយ​ក្នុងពេលដែល​កាកសំណល់​ទាំងនោះ​ប៉ះពាល់​ដល់ បរិស្ថាន សំខាន់​ទឹកសមុទ្រ​កខ្វក់ ។ ប៉ុន្តែ​លោក​អះអាងថា ក្រុមការងារ​បាន​ទាក់ទង​ក្រុមហ៊ុន​ឯកជន​មួយ​ដើម្បី​ចុះជួយ​សិក្សាការ​សាងសង់ រោងចក្រ​ចម្រោះ​ទឹកស្អាត​ដែល​អាច​នឹង​ចំណាយលុយ​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ ។ 

​    ​លោក ទិ​ត ចន្ថា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រសួង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ផែនការមេ​មួយ​នៅ​ខេត្ត​ព្រះសីហនុ ទៅក្នុង​តំបន់​សេដ្ឋកិច្ច ពហុ​បំណង​របស់​រាជរដ្ឋាភិបាល​ដែល​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​អទិភាព ។ តាមរយះ​ផែនការ​មេនេះ លោក​រំពឹងថា នឹងមាន​ដៃគូរ​អភិវឌ្ឍន៍ ចូលរួម​មិន​ខាន ដូចជា ADB និង ភាគី​ចិន ជាដើម ។ 

​    ​គួរ បញ្ជាក់ថា ក្រុមការងារ​អន្តរក្រសួង ដើម្បី​ដោះស្រាយ​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​កោះរុង កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥​នេះ បាន​ប្រជុំ​នៅ​សាលាខេត្ត​ព្រះសីហនុ សម្រាប់​ពិនិត្យមើល​វឌ្ឍនភាព​នានា​រយៈពេល​៤​ខែ​កន្លងមក ក្រោម​វត្តមាន លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។ សូមជម្រាបថា សង្កាត់​កោះរុង​មាន​ភូមិ​ចំនួន​៥ មាន​ផ្ទៃដី​ទំហំ​៧៨​គីឡូម៉ែត្រ​ក្រឡា ដែល​ចែកចេញជា​៤​ភូមិ គឺ​ភូមិ​កោះ​តូច ភូមិ​ដើមថ្កូវ ភូមិ​ព្រែក​ស្វាយ ភូមិ​សុខសាន្ត ។ 

​    ​ចំណែក កោះរ៉ុង​មាន​ផ្ទៃដី​ទំហំ ២៤​គីឡូម៉ែត្រ​ក្រឡា មាន​មួយ​ភូមិ គឺ​ភូមិ​កោះរ៉ុង​សន្លឹម​។ សង្កាត់​នេះ​មាន​ចំងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ​ភាគ​ខាងលិច​នៃ​កំពង​ផែ​ទេសចរណ៍​ក្រុងព្រះសីហនុ​។ ទោះជា ទីតាំង​ភូមិសាស្ត្រ​នៅ​តំបន់​កោះរ៉ុង ឆ្ងាយ​បន្តិច​ពី​ដីគោក​ខេត្ត​ព្រះសីហនុ​ក៏ដោយ ក៏​នៅតែមាន​ទេសចរ​ចូលចិត្ត​ទៅ​សម្រាក​កម្សាន្ត​នៅ​ទីនោះ ព្រោះ​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​មាន​សេវា​កម្សាន្ត​ជា​ច្រើនបែប​សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​។ 

​    ​ចំណែក ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ត្រូវបាន​គេ​មើលឃើញថា កំពុង​កែប្រែ​ជីវភាព​ល្អប្រសើ​ជា​បណ្តើរៗ តាមរយះ​សេវា​ទេសចរណ៍ ដូចជា ផ្ទះសំណាក់ បឹង​ហ្គា​ឡូ ភោជនីយដ្ឋាន ទូក​ទេសចរណ៍ និង​សេវាកម្ម​ផ្សេងៗ​ទៀត​។ ទូក​នេសាទ​មួយចំនួន​បានក្លាយ​ទៅជា​ទូក​សម្រាប់​ដឹក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​កម្សាន្ត​ជុំវិញ​កោះ មើល​ផ្កាថ្ម ស្ទូចត្រី ដែល​អាច​រកចំណូលបាន​ច្រើន​ក្នុង​មួយថ្ងៃ​។ 

​    ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​អាច​រកចំណូលបាន​កាន់​តែ​ច្រើនឡើង ជាក់ស្តែង​អ្នក​ដែល​មិនមាន​ជំនាញ គឺ​លក់​កំលាំង​ពលកម្ម ដោយ​ធ្វើជា​កម្មករ​ក៏​អាច​រកចំណូលបាន​១០​ដុល្លា​ក្នុង​មួយថ្ងៃ គ្រា​ដែល​បុគ្គលិក​បំរើ​តាម​ផ្ទះសំណាក់ បឹង​ហ្គា​ឡូ មាន​ចំនូ​លពី​៣០០​ដុល្លា ទៅ​៤០០​ដុល្លា​ក្នុង​មួយខែ​។ សម្រាប់​អ្នកមាន​ទូក​អាច​រកចំណូលបាន​ពី​១០០០​ដុល្លា ទៅ​១៥០០​ដុល្លា​ក្នុង​មួយខែ សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​ធ្វើជា​ផ្ទះសំណាក់​ដោយ​ខ្លួនឯង អាច​រកចំណូលបាន​ពី​៣០០០​ដុល្លា ទៅ​៤០០០​ដុល្លា​ក្នុង​មួយខែ បើ​មានផ្ទះ​សំណាក់​រាង​ធំ​បន្តិច ថែមទាំង​មាន​ភោជនីយដ្ឋាន​នៅ​នឹង​ផ្ទះ​ទៀត​នោះ ចំនូល​ចន្លោះ​ពី​៥០០០​ដុល្លា​ទៅ​១០០០០​ដុល្លា​ក្នុង​មួយខែ ហើយ​បើ​ពួកគាត់​មានលទ្ធភាព​សង់​បឹង​ហ្គា​ឡូ មាន​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​ទៀត ចំណូល​ចន្លោះ​ពី ១០០០០​ដុល្លា ទៅ​៣០០០០​ដុល្លា​ក្នុង​មួយខែ​។ ទាំងនេះ គឺជា​តួលេខ​នៃ​ការប្រែប្រួល​ដ៏​ធំធេង ដែល​យើង​មិនអាច​នឹកស្មាន​ដល់​។ 

​    ​លោក រដ្ឋមន្ត្រី​បានលើកឡើង​តាម​ប្រសាសន៍​ពីស​ម្តេច​ក្រឡាហោម ស ខេង បានកំណត់​នៅ​ឆ្នាំ​២០១៧ សង្កាត់​កោះរ៉ុង នឹងត្រូវ​ពង្រីក​អោយទៅជា​ខណ្ឌ​មួយ​ចំណុះអោយ​ខេត្ត​ព្រះសីហនុ​៕

លោក ថោង ខុន អះអាងថា បាតុភាព​អសកម្ម​លើ​កោះរ៉ុង​មានការ​ថយចុះ​ច្រើន