លោក សួន សេរី​រដ្ឋា រិះគន់​លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មេដឹកនាំ​គ្មាន​សមត្ថភាព

​រាជធានី​ភ្នំពេញ៖​លោក ​សួន ​សេរី​រដ្ឋា ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​និយាយ​រិះគន់​ទៅកាន់លោក​ សម រង្ស៊ី និង​លោក ​កឹម ​សុខា​ថា​គឺជា​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព​។​ការរិះគន់​នោះ ធ្វើឡើង​បន្ទាប់ពី​លោក​សួន​សេរី​រដ្ឋា​បានមក​ដល់​ទឹកដី​កម្ពុជា​ជា​លើកដំបូង កាលពី​ព្រឹក​មិញ​។ 

​    ​លោក សួន សេរី​រដ្ឋា បានធ្វើ​ការរិះគន់ និង​វាយប្រហារ​ទៅលើ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គឺជា​មេដឹកនាំ​ដែល​គ្មាន​សមត្ថភាព ហើយ​បើ​លោក​មើលឃើញថា លោក ​សម រង្ស៊ី និង​លោក ​កឹម សុខា គឺជា​មេដឹកនាំ​មាន​សមត្ថភាព ហើយ​លោក​អាច​រួបរួម​ជាមួយ​បាន លោក​មិនចាំបាច់​បង្កើត​គណបក្ស​ថ្មី​ទេ ដូច្នេះ​លោក​មិន​ចាប់អារម្មណ៍​ទាំងអស់ អំពី​ការអំពាវនាវ​របស់លោក​កឹម សុខា ក្នុងការ​អំ​នាវ​នាវ​ឲ្យ​គណបក្សនយោបាយ​រួបរួម​ជាមួយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ។ លោក​បញ្ជាក់ថា ការអំពាវនាវ​របស់​លោក​កឹម សុខា គឺ​គ្មាន​តំលៃ​សម្រាប់​លោក​យកមក​ពិចារណា បើសិនជា​គេ​មាន​គោលនយោបាយ​ត្រឹមត្រូវ ក្នុងនាម​ជា​ស្ថាប័ន​គណបក្ស​គេ​ត្រូវ​អញ្ជើញ​ដោយ​ផ្លូវការ​។​

​      ប្រធាន​គណបក្ស​អំណាច​ខ្មែរ ក៏បាន​ប្រកាស​ពី​ការស្វែងរក​ចងសម្ព័ន្ធ​ជាមួយ​គណបក្សនយោបាយ ដែល​អត់​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា ដើម្បី​ចងសម្ព័ន្ធ​តស៊ូ​គោលនយោបាយ​រួម មិនមែនជា​សម្ព័ន្ធ​បង្រួប​ង្រួ​ម​ទៅជា​គណបក្សនយោបាយ​តែមួយ​ទេ​។ 

​    ​គួរ​បញ្ជាក់ថា លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ធ្លា​ប់រង​ការចោទប្រកាន់​រឿង​ក្បត់ជាតិ និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា បាន​វិលត្រឡប់​ចូលមក​កម្ពុជា​នៅ​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃទី​១ ខែតុលា នេះ​ដោយមាន​អ្នក​មក​ទទួល​ជាង​១០០​នាក់​៕

លោក សួន សេរី​រដ្ឋា រិះគន់​លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មេដឹកនាំ​គ្មាន​សមត្ថភាព