ក្រោយ​ព្រឹទ្ធសភា​រុ​ស្ស៊ី​អនុម័ត​ឱ្យ​លោកពូ​ទី​ន ប្រើ​កម្លាំង​នៅ​ស៊ី​រី កង​យន្តហោះ​រុ​ស្ស៊ី​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេស​នេះ

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​៣០ កញ្ញា បាន​ទទួល​ការ​យល់ព្រម​របស់​ព្រឹទ្ធសភា​រុ​ស្ស៊ី​សម្រាប់​ការ​វាយប្រហារ​តាម​អាកាស​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​របស់​ប្រធានាធិបតី​លោក​បា​ចា អាល់​អាសា​ដ ប៉ុន្មាន​ម៉ោង​ក្រោយ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ស្តី​ពី​ការ​តស៊ូ​ប្រឆាំង​ការ​គំរាមកំហែង​ភេរវកម្ម ។

ព្រឹទ្ធ​សមាជិក​ទាំង​១៦២​រូប ដែល​មាន​វត្ត​មានបាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​សំណើ​របស់​វិមាន​ក្រឹម​ឡាំង​សុំ​អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំងយោធា​នៅ​ឯ​បរទេស ។

នាយក​ខុទ្ទកាល័យ​ប្រធានាធិបតី លោក​ស័​រ​ហ្គេ​យ​អីុវ៉ា​ណូ​វ បញ្ជាក់​ថា ប្រតិបត្តិការ​យោធា​ទាក់ទិន​នឹង​ស៊ី​រី ហើយ​ទាក់ទិន​នឹង​ការ​វាយប្រហារ​តាម​អាកាស​ដែល​សម្រាប់​ពេល​នេះ​យ៉ាង​ហោច​ណាស់​ក៏​បដិសេធ​ការ​ប្រើ​កងកម្លាំង​នៅ​លើ​ដី​ដែរ ។

បន្ទាប់​ពី​ការ​អនុម័ត​របស់​ព្រឹទ្ធសភា លោក​អុ​ី​វ៉ា​ណូ​វ ពន្យល់​ថា ទិស​ដៅ​យោធា​នៃ​ប្រតិបត្តិការ​នេះ​គឺ​សម្រាប់​តែ​ជួយ​ទ្រទ្រង់​ខាង​អាកាស​ដល់​កងទ័ព​ស៊ី​រី ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្រោយ​ទទួល​បាន​ភ្លើង​ខៀវ​នេះ កង​យន្តហោះ​រុ​ស្ស៊ី​នា​ថ្ងៃ​ទី​៣០ កញ្ញា បាន​ធ្វើការ​វាយប្រហារ​លើក​ដំបូង​នានា​នៅ​ស៊ី​រី​តាម​សំណើ​របស់​លោក​អាសា​ដ ជា​អន្តរាគមន៍​យោធា​មួយ​ភ្លាម​ៗ​នាំ​ឱ្យ​មានការ​សង្ស័យ​ក្នុង​ចំណោម​ពួក​លោក​ខាងលិច​ទាក់ទិន​នឹង​គោលដៅ​ពិតប្រាកដ​នៃ​ការ​វាយប្រហារ​ទាំងនេះ ថា​តើ​សំដៅលើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ឬ​ក៏​ពួក​ឧទ្ទាម​ស៊ី​រី ។

ការ​ទម្លាក់​គ្រាប់បែក​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​រុ​ស្ស៊ី​បង្ហាញ​ជូន អ​.​ស​.​ប នូវ​គម្រោង​ដំណោះស្រាយ​មួយ ដែល​សំដៅ​ធ្វើការ​សម្របសម្រួល​រាល់​កម្លាំង ដើម្បី​ប្រឈម​មុខ​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រមទាំង​រចនាសម្ព័ន្ធ​ភេ​វរ​កម្ម​ឯទៀត​ៗ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៣០ កញ្ញា ថា កងទ័ពអាកាស​រុ​ស្ស៊ី​បាន​ចេញ​វាយប្រហារ​ទាំងនេះ​សំដៅលើ​គោលដៅ​៨ ។ ទីតាំង​ទាំង​៨​នេះ​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​ទម្លាក់​គ្រាប់បែក ព្រមទាំង​ប៉ុស្តិ៍​បញ្ជាការ និង​បណ្តា​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​របស់​ក្រុម​នេះ​ក្នុង​តំបន់​ភ្នំ​របស់​ស៊ី​រី រួច​គោលដៅ​ទាំងនោះ​រង​ការ​កម្ទេច​ទាំងស្រុង ។

ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​ចេញ​ធ្វើ​ពី​មូលដ្ឋាន​អាកាសចរណ៍​ស៊ី​រី​មួយ បន្ទាប់​ពី​ប្រតិបត្តិការ​ហោះហើរ​ស៊ើប​យកការណ៍ និង​ការ​ផ្តល់​ទិន្នន័យ​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ពុំ​មាន​ទីតាំង​ស៊ី​វិល​ណាមួយ​រង​ការ​វាយប្រហារ​ឡើយ សូ​ម្បី​នៅ​ក្បែរ ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ អះអាង​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ថា ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​គ្រាន់​ជា​បណ្តោះអាសន្ន ហើយ​ធ្វើ​តែ​ក្នុង​ដំណាក់កាល​នៃ​ប្រតិបត្តិការ​វាយលុក​របស់​កងទ័ព​ស៊ី​រី​ប៉ុណ្ណោះ ។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​វាយប្រហារ​ទាំងនេះ​បារាំង និង​សហរដ្ឋ​អា​​មេ​រិ​កបាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ជ្រើសរើស​គោលដៅ​វាយប្រហារ​របស់​កងទ័ព​រុ​ស្ស៊ី ។ នៅ​ក្រុង​ញូ​វ​យ៉​ក រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក LACRENT FABIUS ថ្លែង​ថា តាម​សេចក្តីរាយការណ៍​នានា​ថា ការ​វាយ​ប្រ​ហរ​របស់​រុ​ស្ស៊ី​ពុំ​មែន​សំដៅលើ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ឡើយ ។

លោក​បន្ត​ថា គេ​ត្រូវ​ត្រួតពិនិត្យ​ថា​តើ​គោលដៅ​អ្វីខ្លះ​ដែល​កង​យន្តហោះ​រុ​ស្ស៊ី​វាយប្រហារ ។ ចំណែក​ប្រភព​ការទូត​បារាំង​មួយ​និយាយ​ថា ពុំ​មែន​លើ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​ទេ​ដែល​រុ​ស្ស៊ី​វាយប្រហារ ប្រាកដ​ណាស់ លើ​បណ្តា​ក្រុមប្រឆាំង​ស៊ី​រី ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក ASHTON CARTER ក៏​វាយតម្លៃ​ដែរ​ថា ការ​វាយប្រហារ​ទាំងឡាយ​ប្រហែល​ពុំ​សំដៅលើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឡើយ ។ លោក​ថា ការ​វាយប្រហារ​ទាំងនេះ​ហាក់ដូចជា​ធ្វើ​ក្នុង​បណ្តា​តំបន់​ដែល​ប្រហែល​គ្មាន​កងកម្លាំង​រដ្ឋ​អ៊ិ​ស្លា​ម ។

រីឯ​រដ្ឋមន្ត្រី​ការ​បរទេស​អា​​មេ​រិ​ក លោក​ច​ន ឃ័​រ​រី និយាយ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​ត្រៀម​ស្វាគមន៍​ដោយ​អនុគ្រោះ​ចំពោះ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី ប្រសិនបើ​សំដៅ​ពិតប្រាកដ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

កងទ័ពអាកាស​ស៊ី​រី​អះអាង​ថា បាន​ធ្វើការ​វាយប្រហារ​យ៉ាង​ច្បាស់​នានា ដោយ​កម្ទេច​ជា​ពិសេស​បណ្តា​ឧបករណ៍​យោធា មធ្យោបាយ​គមនាគមន៍ និង​ឃ្លាំង​ស្តុក​អាវុធ និង​គ្រាប់រំសេវ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ រីឯ​ទូរទស្សន៍​ស៊ី​រី​រៀបរាប់​ថា ការ​វាយប្រហារ​របស់​រុ​ស្ស៊ី គឺ​ក្នុង​ខេត្ត​ហា​ម៉ា និង​ខេត្ត​ហូ​ម ចំណែក​កងទ័ពអាកាស​ស៊ី​រី​ធ្វើការ​វាយប្រហារ​ក្នុង​តំបន់ LATTAQUIE ។

ពេល​រុ​ស្ស៊ី​ចាប់ធ្វើការ​វាយប្រហារ​តាម​អាកាស លោកពូ​ទី​ន យល់​ថា លោក​អាសា​ដ ត្រូវ​ត្រៀមខ្លួន​ធ្វើការ​សម្របសម្រួល​ជាមួយ​ពួក​ប្រឆាំង ដែល​ទទួល​ការ​អនុគ្រោះ ។ លោក​អះអាង​ថា ដំណោះស្រាយ​ជា​ស្ថាពរ និង​ស្ថិតស្ថេរ​នៃ​ជម្លោះ​នៅ​ស៊ី​រី​អាច​ទៅ​រួច តែ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​កែទម្រង់​នយោបាយ និង​ការ​ចរចា​ជាមួយ​កងកម្លាំង​ស្អាតស្អំ​របស់​ប្រទេស ដោយ​លោក​ចង់​និយាយ​សំដៅលើ​ពួក​ប្រឆាំង​ដែល​គួរ​អនុគ្រោះ ។

សហរដ្ឋ​អា​​មេ​រិ​ក និង​រុ​ស្ស៊ី​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ​រៀបចំ​ធ្វើ​ដោយ​ឆាប់រហ័ស​បំផុត​នូវ​ការ​ជួប​គ្នា​រវាង​កង​យោធា ដើម្បី​ចៀសវាង​រាល់​ឧប្បត្តិហេតុ​រវាង​កង​យន្តហោះ​នៃ​ប្រទេស​ទាំង​២ ។ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឡាវ​រ៉ូ​វ នៅ​មុខ​សារព័ត៌មាន​ពេល​ចេញពី​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ថ្លែង​ថា យើង​បាន​ព្រមព្រៀង​គ្នា​ដែល​កង​យោធា​រុ​ស្ស៊ី និង​អា​មេ​រិ​ក​ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា​ឱ្យ​បាន​ឆាប់​បំផុត ។ ចំណែក​លោក​ច​ន ឃ័​រ​រី អះអាង​ពី​ភាព​ចាំបាច់​នៃ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​កង​យោធា​ឱ្យ​បាន​ឆាប់​បំផុត ៕