ព្យុះ JOAQUIN ពង្រឹងកម្លាំង​នៅ​ជិត​បា​ហា​ម៉ាស់​គំរាម​តំបន់ឆ្នេរ​សមុទ្រ​អា​មេ​រិ​ក

មាន​ខ្យល់​បោកបក់​ដល់​ល្បឿន​១៨៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ព្យុះសង្ឃរា​ឈ្មោះ JOAQUIN កាលពី​យប់​ថ្ងៃ​ទី​៣០ កញ្ញា ក្លាយជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៣ ក្នុង​ចំណោម​៥​ប្រភេទ​ពេល​វា​បោកបក់​ជិត​ដល់​បា​ហា​ម៉ាស់ ខណៈ​ភាព​មិន​ច្បាស់​នៅ​តែ​មាន​លើ​ផល​ប៉ះពាល់​របស់​ព្យុះ​នេះ​លើ​បណ្តា​តំបន់ឆ្នេរ​សមុទ្រ​អា​មេ​រិ​ក​នា​ចុង​ស​ប្តា​ហ៍ ។

បណ្តា​អ្នក​ជំនាញការ​នៃ​មជ្ឈមណ្ឌល​ខ្យល់ព្យុះ​អា​មេ​រិ​ក NHC មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ៃ​អា​មី បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា​ថា យើង​យល់​ថា ព្យុះ​នោះ​នឹង​ក្លាយជា​ព្យុះ​យ៉ាង​ខ្លាំង​បំផុត​មួយ​រយៈពេល​២៤​ម៉ោង​ទៀត ។

បណ្តា​ព្យុះសង្ឃរា​ដែល​រាប់​ចូល​ក្នុង​ប្រភេទ​ព្យុះ​ប្រភេទ​ទី​៣ និង​លើស​ពី​នេះ ទាល់តែ​កម្លាំង​ខ្យល់​បោកបក់​មាន​ល្បឿន​លើស​ពី​១៧៨​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ឡើង​ទៅ ។ ព្យុះ JOAQUIN ស្ថិត​នៅ​ចម្ងាយ​១៤៥​គីឡូម៉ែត្រ ខាងកើត​សាន់​សាល់​វ៉ា​ឌ័​រ ជា​កោះ​មួយ​នៃ​ប្រជុំ​កោះ​បា​ហា​ម៉ាស់ ហើយ​បោកបក់​ឆ្ពោះទៅ​ភាគ​និរតី ។ ការ​ប្រកាស​អាសន្ន​ខ្យល់ព្យុះ​ស្ថិត​ជា​ធរមាន​សម្រាប់​កោះ​ជា​ច្រើន​នា​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ​នៃ​ប្រជុំ​កោះ​បា​ហា​ម៉ាស់ ។ បណ្តា​សាលារៀន​ត្រូវ​បិទទ្វារ​ចាប់តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា មក ។

NHC គូសបញ្ជាក់​ថា ព្យុះ​នេះ​ត្រូវ​ឆ្លងកាត់​តំបន់​នានា​នា​ភាគ​កណ្តាល​បា​ហា​ម៉ាស់ នៅ​យប់​ថ្ងៃ​ទី​៣០ កញ្ញា និង​ថ្ងៃ​ទី​១ តុលា ។ គេ​ព្យាករណ៍​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នា​ភាគ​កណ្តាល​បា​ហា​ម៉ាស់ ៕