រថយន្ត​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​KSO បើក​ជែង​មិន​ប្រយ័ត្ន បុក​គោយន្ត​កន្ត្រៃ​របួសធ្ងន់​ម្នាក់​

បាត់ដំបង: ​រថយន្ត​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​KSO បើក​ជែង​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​គោយន្តកន្ត្រៃ បើក​បញ្ច្រាស់​ទិសដៅ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​គោយន្ត​រងរបួស​បាក់ជើង​ម្ខាង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ដែល​បង្កឡើង ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុម ហ៊ុនKSO​បើក​ដោយ​ក្មេង​ទំនើង​នេះ បាន​កើតឡើង​កាលពី​ពី​យប់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គីស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​លោក​អ៊ឹង សុវណ្ណ នាយផ្នែក​នគរ​បាលច​រាច​រណ៍ នៃ​អធិការដ្ឋាន​ស្រុក​ថ្មគោលបានបញ្ជាក់​ថា​នៅ​មុនពេល​កើតហេតុ​គឺមាន​គោយន្ត​កន្ត្រៃ​មួយគ្រឿង ដែលបើកបរ​ដោយ​ឈ្មោះ​រឿ​ត គឹម​កាង​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរតា​គី បាន​នាំ​សាច់ញាតិ បងប្អូន​ទៅ​ដក​ព្រលិត​នៅ​បឹង​ដង្កៀបក្តាម ដើម្បី​យកមកលក់​និង​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ លុះ​ទៅដល់​ត្រង់ចំណុច​កើតហេតុ​ក៏ស្រាប់​តែមាន​រថយន្តក្រុង​មួយគ្រឿង​របស់​ក្រុមហ៊ុន​KSO ពាក់​ស្លាក​លេខ​ភ្នំពេញ3B-7627 ដែល​កំពុង​បើកប​រយ៉ា​ង​លឿន​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​ពីបន្ទាយមានជ័យ ទៅ​បាត់ដំបង ហើយ​រថយន្ត​នោះបាន​ឡើង​ជែង​នឹង​រថយន្តក្រុងមួយគ្រឿង​ទៀត ដែល​កំពុង​បើកបរ​នៅ​ពីមុខ ទើប​ធ្វើ​ឲ្យ​រថយន្តក្រុង​នេះជ្រុល​ទៅបុក​គោយន្ត​ទាំង​កំរោល​តែម្តង បណ្តាល​ឲ្យ​អ្នកបើកបរ​គោយន្ត​រងរបួសបាក់ជើង​ម្ខាង​ចំណែក​អ្នករួមដំណើរ​ផ្សេងទៀត​មិនមាន​ប៉ះពាល់​អ្វី​ឡើយ​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​បញ្ជូន​ជនរងគ្រោះទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។​ចំណែក​អ្នកបើក​រថយន្តក្រុង​បង្ក​​របស់​ក្រុមហ៊ុន KSO បាន​ចុះ​គេចខ្លួនបាត់ ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ​ជ្រួលច្របល់​ពេញ​រថយន្ត និងផ្លូវ​តែម្តង​។​

​ចំណែក​រថយន្ត​និង​គោយន្ត​កន្ត្រៃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​វាស់វែង និង​ធ្វើ​កំណត់ហេតុរួច​អូស​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​​តាមផ្លូវ​ច្បាប់​។

ការបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បណ្តាល​ឲ្យ​មាន​អ្នករបួស​និង​ស្លាប់ ដោយសារតែ​អ្នក​បើរថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​KSO មិនមែនជា​លើក​​ទី​១​នោះទេ គឺ​ច្រើនលើក​មកហើយ នេះ​មកពី​អ្នកបើកបរ មិន​គោរព​ច្បាប់​ចរាចរ មិនចេះ​អធ្យាស្រ័យ និង​យោយល់​គ្នា ទើប​បង្ក​ឲ្យ​គ្រោះថ្នាក់ បែបនេះ​កើតឡើង​​ជា​បន្តបន្ទាប់​បែបនេះ​៕R​