អង្គរ គឺជា​មណ្ឌល​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​យ៉ាង​ធំ ក្នុង​ពិភពលោក​

: ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា អង្គរ គឺជា​មណ្ឌល​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​យ៉ាង​ធំ​ក្នុង​ពិភពលោក​។ នេះ​ជា​ខ្លឹមសារ​យ៉ាងសំខាន់ ដែល លោក​សាស្ត្រាចារ្យ Roland Fletcher នៃ​សាកលវិទ្យាល័យ​ស៊ីដនី បាន​ជម្រាបជូន​លោក ស៊ុំ ម៉ាប់ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​កិច្ចពិភាក្សា​ការងារ​នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​។​

​លោក​សាស្ត្រាចារ្យ Roland Fletcher បាន​ជម្រាបជូន​លោក ស៊ុំ ម៉ាប់ អំពី​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​រយៈពេល​១៥​ឆ្នាំ​នៅ​អង្គរ រវាង​សាកលវិទ្យាល័យ​ស៊ីដនី និង​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​លើក​អំពី​គុណ​តម្លៃ​នៃ​ការចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព របស់​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​គម្រោង​ទាំងនោះ​។

​គម្រោង​មហា​អង្គរ (Greater Angkor Project) ជា​គម្រោង​សហប្រតិបត្តិការ​ដ៏​ល្អ ជា​លទ្ធផល​សម្រេចបាន​នូវ​ការផលិត​ផែនទី​អង្គរ​ដោយ​ប្រើ​បច្ចេកទេស​ទំនើប Remote Sensing ដែល​ក្នុង​នោះបាន​រំលេច​អំពី​វិស្វកម្ម​ធារាសាស្ត្រ​យ៉ាង​ប្រទាក់ក្រឡា និង​ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​បុព្វបុរស​ខ្មែរ​។

​ជាមួយគ្នានេះដែរ លោក​សាស្ត្រាចារ្យ​ក៏បាន​លើកឡើងថា សាកលវិទ្យាល័យ​ស៊ីដនី តែងតែ​ទទួលបាន​កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​ពេញ​ចិត្តនឹង​សមត្ថភាព​ពេញលេញ​របស់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​។ ទាំងនេះ​គឺជា​កត្តា​សំខាន់បំផុត​នៃ​ជោគជ័យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំងពីរ​។​

​ជា​កិច្ច​ឆ្លើយតប លោក ស៊ុំ ម៉ាប់ បាន​ជម្រាប​អំពី​គោលជំហរ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ក្នុង​ការបន្ត និង​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ស៊ីដនី ព្រមទាំង​ស្នើ​ឲ្យ​សាកលវិទ្យាល័យ​នេះ​បំពេញការងារ​ស្រាវជ្រាវ​រួមគ្នា​ជាមួយ​អ្នកជំនាញ​មកពី​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើការ​ទទួលយក​អ្នកបច្ចេកទេស​ទៅ​បណ្តុះបណ្តាល​ថែមទៀត​។ ក្នុងពេល​នោះដែរ លោក​បានផ្តល់​ព័ត៌មាន​អំពី​ក្រម​ប្រតិបត្តិ​ស្រាវជ្រាវ ដែល​តម្រូវ​ឲ្យ​អ្នកស្រាវជ្រាវ​ពី​អង្គរ​ទាំងអស់​យក​លទ្ធ​ផល​ស្រាវជ្រាវ​មក​តម្កល់ទុក​នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ ដើម្បី​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ជា​សាធារណៈ​៕​

អង្គរ គឺជា​មណ្ឌល​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​យ៉ាង​ធំ ក្នុង​ពិភពលោក​

អង្គរ គឺជា​មណ្ឌល​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​យ៉ាង​ធំ ក្នុង​ពិភពលោក​

អង្គរ គឺជា​មណ្ឌល​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​យ៉ាង​ធំ ក្នុង​ពិភពលោក​