វិទ្យាស្ថាន​បារាំង រៀបចំ​ពិព័រណ៍ ស្តីពី “​លំនៅដ្ឋាន​រួម​៖ អគារ វីឡា ស្ថាបត្យកម្ម និង​លំនៅដ្ឋាន​”

ភ្នំពេញ: ​វិទ្យាស្ថាន​បារាំង បានប្រកាសថា ការប្រកួតប្រជែង​ស្ថាបត្យកម្ម ពិព័រណ៍ សន្និសីទ និង​ការ​បញ្ចាំងភាពយន្ត​ឯកសារ នឹង​ប្រារព្ធ​ពិធី​សម្ពោធ នា​ថ្ងៃ​អង្គា​រ៍ ទី​៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ម៉ោង ៦ និង ៣០ ល្ងាច នៅ​វិទ្យាស្ថាន​បារាំង ក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​របស់​វិទ្យាស្ថាន​បារាំង នៅ​ថ្ងៃទី​១​តុលា​នេះ បង្ហាញថា សម្រាប់​ឆ្នាំ​ទី​បី ដែលជា​ឆ្នាំ​ជាប់ៗ​គ្នា​បន្ត​មកនេះ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា សូមបញ្ជាក់​ជូន​ថា ចាប់ពី​ថ្ងៃទី​៦ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នូវ​ស៊េរី​នៃ​ព្រឹត្តិការណ៍ ដែលមាន​ប្រធានបទ ស្តីអំពី ការអភិវឌ្ឍន៍​ទីក្រុង និង​ស្ថាបត្យកម្ម​។

​សេចក្តីប្រកាស លើកឡើងថា តាមរយៈ​ការតាំងពិព័រណ៍ សន្និសីទ និង​ការ​បញ្ចាំង​ជាច្រើន វដ្ត​នៃ​ប្រធានបទ បាន​ចោទ​ជា​សំណួរ​នៅលើ​បញ្ហា​នៃ​"​លំនៅដ្ឋាន​រួម​" ដែល​កំពុងតែ​ត្រូវបាន​ឆ្លុះបញ្ចាំង​យ៉ាង​ពិសេស ទៅលើ​ការអភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កំណើនប្រជាជន​មា​នស​ន្ទុះ​គួរ​ឲ្យ​កត់សំគាល់​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា មាន​គោលបំណង​ផ្តិត​យក​នូវ​ចំណោទ​ផ្នែក​នគ​រូប​នី​យ​វិទ្យា បញ្ចូល​ទៅក្នុង​កម្មវិធី​វប្បធម៌​របស់ខ្លួន ដែល​បាន​បើកចំហ​នូវ​ឱកាស​ដ៏​ចម្បង​ដល់​ផ្នែក​សិល្បៈ​ចក្ខុ​ភាពយន្ត និង​ការជជែក​ពិភាក្សា​ផ្តល់​ជា​គំនិត​យោបល់​។ នៅ​ឆ្នាំនេះ នឹងមាន​ផ្តល់ជូន​នូវ​ការតាំងពិព័រណ៍​ចំនួន​ពីរ សន្និសីទ​ចំនួន​ពីរ​និង​ខ្សែភាពយន្ត​ចំនួន​បី​។
​ព្រឹត្តិការណ៍​ទាំងអស់នេះ លោកអ្នក​អាច​អញ្ជើញ​ចូលរួម​ដោយ​ឥត​បង់ថ្លៃ ព្រមទាំង​ធ្វើ​ឡើងជា​បី​ភាសា (​ភាសា​បារាំង ជាមួយនឹង​ការបកប្រែ​ទៅជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​) ។​

​ពិព័រណ៍​ទីមួយ ដែល​នឹងដាក់​សម្ពោធន៍​នៅ​ថ្ងៃ​អង្គារ ទី​៦ ខែតុលា វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច គឺជា​លទ្ធផល​នៃ​ការប្រកួតប្រជែង​ស្ថាបត្យកម្ម រៀបចំឡើង​ដោយមាន​ការចូលរួម​ពី​មហាវិទ្យាល័យ​ស្ថាបត្យកម្ម ចំនួន ៨ នៅ​រាជធានី​ភ្នំពេញ​។
​ពិព័រណ៍​នេះ ដាក់តាំង​បង្ហាញ​គំរូ ដែលជា​ស្នាដៃ​របស់​ក្រុមនិស្សិត នៅ​ជុំវិញ​ទស្សនាទាន ស្តីពី ការកសាង​អគារ​-​វីឡា​។

​គំរូ​ចំនួន​បី ដែល​ត្រូវបាន​ជ្រើសរើស​យ៉ាង​សំរិតសំរាំង​ពី​គណ​:​មេ​ប្រយោគ នឹង​ទទួលបាន​ជ័យលាភី​នៅ​រាត្រី​នៃ​ការបើក​សម្ពោធន៍​តែម្តង​។​

​បន្ទាប់មក សាធារណជន​អាច​ជ្រាប​បន្ថែម​អំពី​ទស្សនាទាន ស្តីពី ការកសាង​អគារ​-​វីឡា តាមរយ​:​សន្និសីទ ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៨ ខែតុលា នៅវេលា​ម៉ោង ៦:៣០​នាទី ល្ងាច ដោយមាន​វត្តមាន​រប​ស់​ស្ថាបត្យករ លោក Yvon Chalm, លោក Ivan Tizianel និង​លោក កាំ​ង ហុក ដែលជា​ស្ថាបត្យករ​គ្រប់គ្រង​គំរោង​របស់​ក្រុមនិស្សិត ដែល​បាន​ចូលរួម​ការប្រកួតប្រជែង នឹងធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិ និង​ការវិវត្តន៍​នៃ​ទស្សនាទាន ស្តីពី​លំនៅដ្ឋាន ដែលជា​ក្តី​ស្រមៃ​របស់​ស្ថាបត្យករ​ដ៏​ល្បីល្បាញ លោក Le Corbusier​។​

​នៅ​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែតុលា រោងភាពយន្ដ​របស់​វិទ្យាស្ថាន​បារាំង នឹង​ឧទ្ទិស​ការ​បញ្ចាំង​របស់​ខ្លួន ចំពោះ​ប្រធានបទ​ស្តីពី​ស្ថាបត្យកម្ម​។

​ខ្សែភាពយន្ត​ចំនួន​ពីរ​រឿង​របស់​សមិទ្ធិ​ករ លោក Jacques Tati នឹងត្រូវ​ដាក់បញ្ចាំ​ង​គឺ​រឿង "​ពូ​ខ្ញុំ​" (​ថ្ងៃ​សុក្រ​ទី ០៩ ខែតុលា ម៉ោង ៥:០០​រសៀល​) និង​រឿង "​ម៉ោង​កំសាន្ត​" (​ថ្ងៃ​សុក្រ​ទី ០៩ ខែតុលា ម៉ោង ៧:០០​យប់​)​។

​អត្ថន័យ​ក្នុង​ខ្សែភាពយន្ត​ទាំងពីរ​រឿងនេះ លោក Jacques Tati ចង់បង្ហាញ​នូវ​ស្ថាបត្យកម្ម​ទំនើប និង​ទីកន្លែង​ដែល​ស្ថាបត្យកម្ម​បែបនេះ កំពុងតែ​រីក​ដាល​ឡើង​នៅក្នុង​ទីក្រុង​របស់ខ្លួន​។

​សាធារណជន ក៏​អាច​នឹង​ទស្សនា​ស្វែងយល់​ពី​ខ្សែភាពយន្ត​ឯកសារ "​សតវត្ស​របស់លោក Le Corbusier" ដែលជា​សមិទ្ធិ​ផលរប​ស់លោក​ស្រី Juliette Cazanave (​ថ្ងៃ​សៅរ៍​ទី​១០ ខែតុលា ឆ្នាំ​២០១៥ នៅ​ម៉ោង ៥:០០​រសៀល​)​។​

​ថ្ងៃ​អង្គា​រ៍ ទី​២០ ខែតុលា លោក សេង វណ្ណៈ នាយករង​ទីចាត់ការ​រៀបចំ​ក្រុង​នៃ​សាលា​រាជធានី​ភ្នំពេញ នឹង​មក​ធ្វើ​សន្និសីទ​ស្តីអំពី "​តំបន់​បៃតង​នៅ​ទីក្រុង​ភ្នំពេញ​"​។ តើ​យើង​អាច​រស់នៅក្នុង​ទីក្រុង​មួយ ដែលមាន​អាកាសធាតុ​ក្តៅ ហើយ​សើម ដោយ​គ្មាន​ធម្មជាតិ​បៃតង​បាន​យ៉ាងដូចម្តេច​? តើ​រុក្ខជាតិ​បៃតង​មាន​តួនាទី​អ្វីខ្លះ ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ធ្វើដំណើរ​ជា​សាធារណៈ ក្នុង​ទីក្រុង​ភ្នំពេញ​?

​លោក សេង វណ្ណៈ ជា​ស្ថាបត្យករ និង​ជា​អ្នករៀបចំ​ទីក្រុង បានបញ្ចប់​ការសិក្សា​នៅ​សាលា​ជាតិ​ជាន់ខ្ពស់ Paris-Malaquais ហើយ​បច្ចុប្បន្ននេះ ជា​នាយករង​នៃ​នាយកដ្ឋាន​នគររូបនីយកម្ម​នៃ​រាជធានី​ភ្នំពេញ នឹង​រង់ចាំ​ឆ្លើយ​សំណួរ​សំខាន់ៗ​របស់លោក​អ្នក​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា នឹងមាន​បើក​ការតាំងពិព័រណ៍ "​ស្គាល់​លោក Le Corbusier"​ផ្តោត​ឆ្ពោះទៅរក​មុខមាត់​ចំបង​របស់​ស្ថាបត្យកម្ម​សម័យ​ទំនើប​។
​ពិព័រណ៍​នេះ នឹងដាក់​តាំង​ជូន​ទស្សនា​នៅ​វិចិត្រសាល​របស់​វិទ្យាស្ថាន​បារាំង រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​

​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​ស៊េរី​នេះ លោក YOSHIYUKI Yamana ស្ថាបត្យករ និង​ជា​សាស្ត្រាចារ្យ​នៅឯ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​តូ​ក្យូ និង​ជា​អ្នកឯកទេស​ផ្នែក​ស្នាដៃ​របស់​ស្ថាបត្យករ "Le Corbusier" នឹង​ផ្ដល់ជូន​លោកអ្នក​នូវ​សន្និសីទ​ស្តីពី "Le Corbusier និង​អាស៊ី​" នៅ​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា ម៉ោង ៦:៣០ នាទី ល្ងាច​៕​