អ្នកគាំទ្រ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​គ្រោង​តវ៉ា​បញ្ចុះតម្លៃ​សំបុត្រ​ចូល​ទស្សនា​នៅ​ចុង​ស​ប្តា​ហ៍

តាម​ប្រភព​ព័ត៌មាន​ពី​BBC​បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​បាល់ទាត់​ចំនួន​២០​ក្លិប​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស និង​១០​ក្លិប​នៅ​ឆេ​ម​ពាន​ស៊ី​ប មាន​គម្រោង​ចូលរួម​តវ៉ា​នៅ​ចុង​ស​ប្តា​ហ៍​នេះ ដើម្បី​អំពាវនាវ​ឱ្យ​បញ្ចុះតម្លៃ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ក្រោយ​ពី​លទ្ធផល​ស្រាវជ្រាវ​មុន​នេះ​បញ្ជាក់​ថា សំបុត្រ​ទស្សនា​ក្នុង​ប្រឺ​មី​ញេ​លី​ក​មាន​តម្លៃ​ជា​មធ្យម​៥៣,៧៦​ផោន ដែល​ចាត់​ទុក​ថា​ថ្លៃ​បំផុត ។

អ្នកគាំទ្រ​មាន​គម្រោង​ប្រើ​ស្លាក​ក្រណាត់សរសេរ​ពាក្យ​តវ៉ា​ពី​តម្លៃ​សំបុត្រ​នៅ​ក្នុង​ការ​ប្រកួត​រវាង​ក្លិប Everton ជួប​ក្លិប​Liverpool រួម​ទាំង​ការ​ប្រកួត​រវាង​ក្លិប​Arsenal និង​ក្លិប​Man Utd ។ ទោះជា​បែប​ណា​ក៏​ដោយ មាន​ក្លិប​ជា​ច្រើន​ទៀត​បាន​បដិសេធ​មិន​ឱ្យ​ប្រើ​ស្លាក​តវ៉ា​ទេ រួម​មាន​ក្លិប Aston Villa ជួប​ក្លិប Stoke បុ​៉​ន្តែ​យល់ព្រម​ឱ្យ​ប្រេ​ើ​ស្លាក​គាំទ្រ​ក្លិប​ជំនួស​វិញ ។

លោក ខេ​វី​ន ម៉ៃ ប្រធាន​សមាគម​អ្នកគាំទ្រ​បាល់ទាត់​ថ្លែង​ថា តម្លៃ​សំបុត្រ​ជា​ឧបសគ្គ​ដ៏​ធំ​របស់​អ្នកគាំទ្រ​ភាគច្រើន​ក្នុង​ការ​ចូល​ទស្សនា និង​មិន​គួរ​មាន​ក្លិប​ណាមួយ​បដិសេធ​ការ​សម្តែង​មតិ​បែប​នេះ​ទេ ។

សម្រាប់​សំបុត្រ​ចូល​ទស្សនា​នៅ​ក្នុង​ទឹកដី​ថ្លៃ​បំផុត ទី​១​ក្លិប​Arsenal ថ្លៃ​៩៥​ផោន ទី​២​ក្លិប West Ham ថ្លៃ​៩៥​ផោន និង​ទី​៣​ក្លិប Chelsea ថ្លៃ​៨៧​ផោន ។ រីឯ​សំបុត្រ​នៅ​ក្រៅ​ដី​ថ្លៃ​បំផុត​រួម​មាន ទី​១​ក្លិប West Ham ថ្លៃ​៨៥​ផោន ទី​២ ក្លិប​Arsenal ថ្លៃ​៦៤​ផោន និង​ទី​៣​ក្លិប Chelsea ថ្លៃ​៥៩​ផោន ៕