ដំណាំ​ធូរេន​នៅ​ស្រុក​ទឹកឈូ​ងាប់​ជា​បន្តបន្ទាប់​ក្រោយ​ទឹក​ជំនន់​ស្រក

ទាញ​យក​កម្មវីធី

ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​ឃុំ​ម៉ាក់ប្រាង្គ នៃ​ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា កន្លង​ទៅ កំពុង​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ដោយសារ​ដំណាំ​យុទ្ធសាស្ត្រ​របស់​ពួក​គាត់ គឺ​ធូរេន ជ្រុះ​ស្លឹក​ងាប់​ជា​បន្តបន្ទាប់។ ពលរដ្ឋ​បញ្ជាក់​ថា ការ​បាត់បង់​ដំណាំ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​នេះ មាន​ន័យ​ស្មើ​នឹង​ការ​បាត់បង់​អ្វី​គ្រប់​យ៉ាង​ក្នុង​ជីវិត ពីព្រោះ​ពួក​គាត់​រស់នៅ​ពឹង​ផ្អែក​តែ​ទៅ​លើ​ផល​ដំណាំ​នេះ​តែ​ប៉ុណ្ណោះ។

តើ​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​អ្វី​ខ្លះ ហើយ​ថា​តើ​ពួក​គាត់​នឹង​ធ្វើ​អ្វី​បន្ត​ទៀត បន្ទាប់​ពី​ដំណាំ​យុទ្ធសាស្ត្រ​ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹក​ជំនន់?

ទឹក​ជំនន់​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា កន្លង​ទៅ បាន​ជន់​លិច​ឃុំ​ចំនួន​៣ នៃ​ស្រុក​ទឹកឈូ ខេត្ត​កំពត គឺ​ឃុំ​ម៉ាក់ប្រាង្គ ឃុំ​កំពង់ក្រែង និង​ឃុំ​ព្រៃឃ្មុំ។ ទឹក​ជំនន់​យ៉ាង​គំហុក​រយៈពេល ២​ថ្ងៃ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ១.៥៧១​គ្រួសារ ដោយ​អ្នក​ខ្លះ​ត្រូវ​ភៀស​ខ្លួន​ពី​លំនៅឋាន និង​ខ្លះ​ទៀត​បាន​បាត់បង់​ទ្រព្យ​សម្បត្តិ ដំណាំ និង​សត្វ​ចិញ្ចឹម​អស់​ជាច្រើន។

ជាង​មួយ​សប្ដាហ៍​ក្រោយ​ទឹក​ជំនន់ ផល​វិបាក​ថ្មី​មួយ​ទៀត​បាន​កើត​ឡើង​ចំពោះ​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​ឃុំ​ទាំង​បី ហើយ​ឃុំ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ឃុំ​ម៉ាក់ប្រាង្គ ដោយ​ធូរេន​ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ​សំខាន់​ជាង​គេ កំពុង​ជ្រុះ​ស្លឹក និង​ខូច​ឫស​ងាប់​ជា​បន្តបន្ទាប់។

ហេ ជាងទាត ចង្អុល​ទៅ​ដើម​ធូរេន កំពត ៦២០
លោក ហេ ជាងទាត ចង្អុល​ទៅ​ដើម​ធូរេន​អាយុ​ជាង ២០​ឆ្នាំ​ដែល​កំពុង​ជ្រុះ​ស្លឹក​ងាប់ នៅ​ភូមិ​បត់ក្បាលដំរី ឃុំ​ម៉ាក់ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yang Chandara

ស្ថិត​ក្នុង​វ័យ ៥៨​ឆ្នាំ សក់​ល្បាយ​អាចម៍​ខ្លា កំពុង​អង្គុយ​លក់​ដូរ​ក្នុង​អាហារដ្ឋាន​របស់​ខ្លួន​នៅ​រមណីយដ្ឋាន​ទឹកឈូ លោក ហេ ជាងទាត គឺ​ជា​ម្ចាស់​ចម្ការ​ធូរេន​ម្នាក់​នៅ​ក្នុង​ភូមិ​បត់ក្បាលដំរី ឃុំ​ម៉ាក់ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត។ លោក ហេ ជាងទាត ប្រកប​របរ​ជា​អ្នក​ដាំ​ដុះ​ធូរេន​ជាង ២០​ឆ្នាំ​មក​ហើយ ហើយ​ដំណាំ​យុទ្ធសាស្ត្រ​មួយ​នេះ បាន​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​លោក​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ជា​លំដាប់។ គ្រួសារ​របស់​លោក មិន​ដែល​បារម្ភ​ឡើយ​ចំពោះ​អនាគត ដោយ​រំពឹង​ទៅ​លើ​ធូរេន​ជិត ១០០​ដើម ដែល​ផ្តល់​ចំណូល​ប្រហែល ៥​ពាន់​ដុល្លារ​រៀង​រាល់​ឆ្នាំ។

យ៉ាង​ណា​ក៏ដោយ​ចុះ ក្តី​សង្ឃឹម​របស់​លោក និង​ក្រុម​គ្រួសារ បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ត្បិត​ដំណាំ​ធូរេន​ដែល​កំពុង​ដុះ​លូតលាស់​ល្អ និង​ផ្តល់​ទិន្នផល​ខ្ពស់ បែរ​ជា​ងាប់​ជា​បន្តបន្ទាប់ ក្រោយ​ទឹក​ជំនន់​ស្រក​ទៅ​វិញ៖ «ធូរេន​ខ្ញុំ​វា​ចូល​ខ្ទង់ ៩០​ដើម វា​ខូចខាត​អស់ ៧០​ដើម​ជាង​ហើយ ហើយ​នៅ​សល់​ជាង ១០​ដើម​ទៀត ក៏​វា​នៅ​តែ​របួស​ខ្លះ​ដែរ។ វា​មិន​អាច​ល្អ​ទាំងអស់​ទេ វា​ងាប់​មែក​ងាប់​អី​អ៊ីចឹង»

កំពុង​អង្គុយ​នៅ​ខាង​ឆ្វេង​ដៃ លោក ហេ ជាងទាត ជា​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អាយុ​ជាង ៥០​ឆ្នាំ ឈ្មោះ​អ្នកស្រី ស៊ូ ឈួ។ អ្នកស្រី គឺ​ជា​ភរិយា​របស់ លោក ហេ ជាងទាត ហើយ​អ្នកស្រី​ប្រកប​របរ​ជា​អាជីវករ​លក់​ម្ហូប​អាហារ​នៅ​រមណីយដ្ឋាន​ទឹកឈូ។ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ថា អ្នកស្រី​ខិតខំ​ប្រឹងប្រែង​លក់​ដូរ​រាល់​ថ្ងៃ គឺ​ដើម្បី​រក​ប្រាក់​ទប់ទល់​នឹង​ការ​ចំណាយ​លើ​ចម្ការ​ធូរេន​របស់​គាត់ ហើយ​ប្រាក់​ដែល​នៅ​សល់ គឺ​ដើម្បី​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ៖ «ថ្ងៃ​ខ្លះ​រក​បាន ២០ ទៅ ៣០​ម៉ឺន​រៀល។ ថ្ងៃ​ខ្លះ​រក​បាន ២ ទៅ ៣​ម៉ឺន​រៀល។ ថ្ងៃ​ខ្លះ​អត់​រលីង ២ ទៅ ៣​ថ្ងៃ​ក៏​មាន​ដែរ ហើយ​ប្រាក់​ដែល​បាន​មក គឺ​ទាំង​ដើម​ទាំង​ចុង មិន​មែន​តែ​ចំណេញ​ទេ។ ខំ​លក់​នៅ​ទីនេះ ឧបមា​ថា​យើង​លក់​បាន​ចំណេញ​បាន ១​ម៉ឺន​រៀល យើង​ចុះ​ចម្ការ​អស់ ៧​ពាន់​រៀល​ហើយ ហើយ​យើង​ហ៊ាន​ហូប​តែ ៣ ទៅ ៤​ពាន់​រៀល​ទេ។ យើង​ចាយ​គ្រាមៗ ធ្វើ​ម៉េច​ឲ្យ​ចម្ការ​របស់​យើង​ដាំ​ឲ្យ​ឡើង ដើម្បី​ចាស់ យើង​ធ្វើ​អី​អត់​បាន យើង​ហូប​ដំណាំ​ហ្នឹង​ណា។ ឥឡូវ​នេះ បើ​វា​ងាប់​អស់​ហើយ មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ»

ពោល​ទាំង​ក្តី​អស់​សង្ឃឹម ភ្នែក​ទាំង​គូ​ឡើង​ក្រហម​ហៀប​នឹង​ហូរ​ទឹក​ភ្នែក និង​និយាយ​ដោយ​សម្ដី​មួយ​ម៉ាត់ៗ អ្នកស្រី ស៊ូ ឈួ មិន​ដឹង​ថា​ត្រូវ​គិត​យ៉ាង​ម៉េច​ទៀត​ឡើយ ចំពោះ​ចម្ការ​ធូរេន​របស់​គាត់។ វ័យ​កាន់​តែ​ចាស់ និង​ម្យ៉ាង​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​គ្រួសារ​ផង ហាក់​ជំរុញ​ឲ្យ​អ្នកស្រី​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​ចំពោះ​អនាគត​គ្រួសារ៖ «ដឹង​និយាយ​ថា​ម៉េច ទើប​ភ្លាមៗ​អ៊ីចឹង ពិបាក ពិបាក​ទាល់​តែ​អ៊ី​មក​លក់​អត់​មាន​ចិត្ត​អី​បន្តិច​គ្មាន​ផង។ មិន​ដឹង​លក់​ធ្វើ​អ្វី​ទៀត​អាយុ ៥០-៦០​ឆ្នាំ​ទៅ​ហើយ​ហ្នឹង ហើយ​បើ​សិន​ជា​ដាំ​ទៀត​ក៏​ដាំ​អត់​ទាន់​អ៊ី​ហូប​ដែរ ដាំ​ទម្រាំ​ដល់ ១០​ឆ្នាំ​ទៀត អ៊ី​ទៅ​ណា​រួច​ទៀត​អាយុ ៧០ ហើយ​ហ្នឹង មាន​បាន​អី​សង្ឃឹម​ទៀត»

មិន​មែន​មាន​តែ​ចម្ការ​ធូរេន​របស់ លោក ហេ ជាងទាត និង​អ្នកស្រី ស៊ូ ឈួ ទេ​ដែល​រង​ខូចខាត កសិករ​ដែល​ដាំ​ដុះ​ធូរេន​ជាច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ឃុំ​ម៉ាក់ប្រាង្គ ក៏​ជួប​ប្រទះ​បញ្ហា​នេះ​ដូច​គ្នា​ដែរ។ អ្នក​ខ្លះ​ខូចខាត​ធូរេន​ជាង ១០​ដើម ខ្លះ​ទៀត​ជាង ២០​ដើម និង​ខ្លះ​រហូត​ដល់​ជិត ១០០​ដើម។ ការ​ខូចខាត​តិច ឬ​ច្រើន អាស្រ័យ​លើ​សណ្ឋាន​ដី​ចម្ការ​ខ្ពស់ ឬ​ទាប។

មេ​ឃុំ​ម៉ាក់ប្រាង្គ លោក សេង ឆាយ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​មាន​ចំនួន ១.០៨៦​គ្រួសារ ត្រូវ​នឹង ៥.២១១​នាក់។ ភាគ​ច្រើន​នៃ​ពលរដ្ឋ ប្រកប​របរ​ដាំ​ដុះ​ធូរេន ហើយ​ធូរេន​សរុប​នៅ​ក្នុង​ឃុំ​របស់​លោក​មាន​ប្រហែល ៦​ម៉ឺន​ដើម។ លោក សេង ឆាយ បាន​បញ្ជាក់​ថា ការ​លិច​លង់​លើក​នេះ ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ធូរេន​ច្រើន​ជាង​សព្វដង ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ កញ្ញា ធូរេន​រាប់​ពាន់​ដើម​បាន​ជ្រុះ​ស្លឹក​ងាប់​ជា​បន្តបន្ទាប់៖ «ដំណាំ​ដែល​គាត់​ដាំ​ហ្នឹង បើ​ខូចខាត​វា​ប្រាកដ​ជា​ប៉ះពាល់​ហើយ ប៉ុន្តែ​បង​ប្អូន​យើង​នៅ​ទីនេះ គឺ​គាត់​តាំង​ពី​ដើម​មក​ធ្លាប់​មាន​ហូរហែ ងាប់​ដំណាំ​ទៅ​តាម​ទឹក​ជំនន់​អ៊ីចឹង​ដែរ​ណា។ អ៊ីចឹង​អ្វី​ដែល​ជា​ការ​ព្យាយាម​របស់​គាត់​ហ្នឹង គឺ​ក្រោយ​ពេល​ដែល​ទឹក​ស្រក​ហើយ ងាប់​ប៉ុន្មាន គឺ​គាត់​ត្រូវ​រក​វិធី​ត ផ្ស៊ាំ​មែក ឬ​ក៏​បណ្ដុះ​កូន​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ដើម្បី​ជួស​កន្លែង​ដែល​ងាប់​ហ្នឹង​ទៅ​ទៀត​ហើយ»

សេង ឆាយ មេឃុំ​ម៉ាក់ប្រាង្គ កំពត ៦២០
លោក សេង ឆាយ មេឃុំ​ម៉ាក់ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yang Chandara

មេ​ឃុំ​ម៉ាក់ប្រាង្គ លោក សេង ឆាយ បាន​អះអាង​ថា លោក​នឹង​ធ្វើ​សំណើ​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត ដើម្បី​ចុះ​ពិនិត្យ​មើល​ការ​ខូចខាត​របស់​ពលរដ្ឋ និង​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ​ផ្សេងៗ។ លោក​ក៏​បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ឃុំ​របស់​លោក អំពី​ការ​លិច​លង់​នៅ​ថ្ងៃ​ក្រោយ​ទៀត​ដែរ។ លោក​ចង់​ឲ្យ​ភាគី​ខាង​ទំនប់​វារីអគ្គិសនី​កំចាយ ធ្វើ​ការ​ប៉ាន់​ប្រមាណ​ឲ្យ​បាន​ជាក់លាក់​អំពី​កម្រិត​ទឹក​នៅ​ក្នុង​អាង ចៀសវាង​ការ​បើក​ទឹក​យ៉ាង​គំហុក​ធ្វើ​ឲ្យ​ជន់​លិច​ឃុំ​របស់​លោក៖ «តាំង​ពី​ដើម​មក យើង​ធ្លាប់​តែ​រង​ទឹក​ជំនន់​ហូរហែ​អ៊ីចឹង ប៉ុន្តែ​យើង​ចង់​សំណូមពរ​ឲ្យ​អ្នក​ជំនាញ​ខាង​វារីអគ្គិសនី​ហ្នឹង ឲ្យ​គាត់​ធ្វើ​យ៉ាង​ម៉េច​បើ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូន​ដំណឹង​មក​ហើយ គួរ​តែ​គាត់​លៃលក​ទឹក​ក្នុង​ទំនប់​ឲ្យ​វា​សមស្រប។ បង្ហៀរ​យ៉ាង​ម៉េច​ឲ្យ​វា​សមស្រប កុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខាង​ក្រោម​ហ្នឹង​ទទួល​មួយ​ប្រាវ​ទឹក​ដែល​មក​ខ្លាំង​ហ្នឹង គាត់​រៀបចំ​អ្វី​អត់​ទាន់»

ទំនប់​វារីអគ្គិសនី​កំចាយ មាន​ចម្ងាយ​ជាង ៣​គីឡូ​ម៉ែត្រ​ពី​ឃុំ​ម៉ាក់ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត។ ទំនប់​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ (Sinohydro) ដែល​ចំណាយ​ប្រាក់​សាងសង់​សរុប​ជាង ២៨០​លាន​ដុល្លារ​អាមេរិក និង​បាន​បើក​ដំណើរ​ការ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១។ ទំនប់​វារីអគ្គិសនី​កំចាយ ទទួល​បាន​សម្បទាន​ជាង ៤០​ឆ្នាំ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ផ្តល់​ថាមពល​ភ្លើង ១៩៣​មេហ្គាវ៉ាត់។ កាល​ពី​ដើម​ឆ្នាំ​២០០៨ អង្គការ​បណ្ដាញ​ទន្លេ​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ធ្លាប់​បាន​ព្រមាន​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​កំចាយ របស់​ក្រុមហ៊ុន ស៊ីណូហាយដ្រូ នឹង​អាច​បណ្ដាល​ឲ្យ​ទឹក​លិច​ផ្ទៃ​ដី​ទំហំ ២.០០០​ហិកតារ នៃ​តំបន់​នៅ​ក្បែរ​នោះ។

ងាក​មក​ការ​ខូចខាត​ដំណាំ​ធូរេន​វិញ លោក ហេ ជាងទាត បាន​ជូន​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទៅ​ដល់​ចម្ការ​របស់​លោក​ដែល​មាន​ចម្ងាយ​ជាង ១​គីឡូ​ម៉ែត្រ​ពី​ផ្លូវ​ធំ ចុះ​តាម​ផ្លូវ​លំ​ដែល​អម​ដោយ​ដំណាំ​ធូរេន សាវម៉ាវ មង្ឃុត និង​វាល​ស្រែ។ គ្រប់​ចម្ការ​ធូរេន​នៅ​តាម​ដង​ផ្លូវ សុទ្ធតែ​មាន​ដើម​ធូរេន​ខ្លះ​ធ្លាក់​ស្លឹក និង​ងាប់​ជា​បណ្ដើរៗ៖ «តិច​ទៀត​យើង​ត្រូវ​រើ​កាប់​ចោល​ទាំងអស់ ដាំ​សាថ្មី​ឡើង​វិញ។ យើង​ចេះ​តែ​ដាំ​ផ្សង​ព្រេង​ទៅ បើ​ថា​វា​អត់​អី​ទេ កូន​ចៅ​ក្រោយ​ហូប​ទៅ។ ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង មួយ​យប់ៗ​ដេក​អត់​លក់​ផង ភ្ញាក់​ឡើង​នឹក​ឃើញ​ធូរេន​ហ្នឹង​អួល​ដើម​ទ្រូង​ចង់​ឈឺ​ហើយ តែ​យើង​ចេះ​តែ​ទ្រាំ​ទៅ»

រហូត​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​អាជ្ញាធរ​ណា​មួយ​ចុះ​សួរ​នាំ លោក ហេ ជាងទាត និង​ពលរដ្ឋ​ដទៃ​អំពី​ការ​ខូចខាត​ដំណាំ​យុទ្ធសាស្ត្រ​របស់​ពួក​គាត់​នៅ​ឡើយ។ សម្រាប់​ពលរដ្ឋ​រងគ្រោះ​ប្រហែល​ជា​មិន​មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​កាប់​ដើម​ធូរេន​របស់​ខ្លួន​ដែល​ងាប់​ដោយ​ស្ដាយ​ស្រណោះ និង​ចាប់​ផ្ដើម​ដាំ​វា​សាជាថ្មី​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។