ក្រសួង​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​លើ​ស្លាក​លេខ​ប៉ូលិស​ខុស​ច្បាប់

កាលពី​ថ្ងៃ​ពុធ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​បញ្ជា​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​លើ​ការ​ប្រើ​ស្លាក​លេខ​ប៉ូលិស​ខុស​ច្បាប់ ពីព្រោះ​អ្នក​បើក​រថយន្ត​បាន​និង​កំពុង​ប្រើ​វា​ជា​មធ្យោបាយ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ និង​គេច​ពី​ការ​បង់​ពន្ធ។

cam-photo-police-plates-jensសេចក្តី​ណែនាំ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​មាន​កាលបរិច្ឆេទ​ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា មាន​ខ្លឹមសារ​ថា មន្ត្រី​នគរបាល​ជាតិ​មួយ​ចំនួន​កំពុង​ប្រើ​ស្លាក​លេខ​របស់​ខ្លួន​ជា​មធ្យោបាយ​មិន​គោរព​ច្បាប់​ចរាចរណ៍ ឯ​អ្នក​ផ្សេង​ទៀត​បាន​ឲ្យ​ស្លាក​លេខ​របស់​ខ្លួន​ទៅ​បុគ្គល​ដែល​មិន​មាន​សិទ្ធិ​ប្រើ​វា។ សេចក្តី​ណែនាំ​និយាយ​ទៀត​ថា សកម្មភាព​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​ដល់​កង​កម្លាំង​ប៉ូលិស​របស់​ប្រទេស។

លោក ខេង បាន​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ណែនាំ​នោះ​ថា “នគរបាល​ជាតិ​ត្រូវ​ត្រួត​ពិនិត្យ​នៅ​តាម​អង្គភាព និង​តាម​ដង​ផ្លូវ ដើម្បី​អនុវត្ត​វិធានការ​ខ្លាំងក្លា​លើ​ពួក​ល្មើស។ ក្រសួង​មហាផ្ទៃ​បាន​ចេញ​គោលការណ៍​ណែនាំ​នេះ​ដើម្បី​ព្រមាន​ជន​ល្មើស​មួយ​ចំនួន ពីព្រោះ​ពួកគេ​ប្រើ​ស្លាក​លេខ​ប៉ូលិស​ជាតិ​ក្លែងក្លាយ​ប្រព្រឹត្ត​បទល្មើស​[ចរាចរណ៍]”។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ដែល​បើក​រថយន្ត​មាន​ស្លាក​លេខ​ប៉ូលិស​ថា ពួកគេ​នៅ​តែ​មាន​កាតព្វកិច្ច​បង់​ពន្ធ​នាំ​ចូល​និង​ពន្ធ​ផ្លូវ​ដដែល។

លោក ទី ឡុង អនុ​ប្រធាន​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ បាន​និយាយ​ថា លោក ខេង បាន​ចេញ​សេចក្តី​ណែនាំ​នេះ​តាម​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

លោក ឡុង បាន​និយាយ​ថា “យើង​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​ម្ចាស់​យានយន្ត​ទាំង​អស់​ដែល​ប្រើ​ស្លាក​លេខ​ប៉ូលិស ពីព្រោះ​ក្រសួង​ហិរញ្ញវត្ថុ​បាន​បញ្ជា​យើង​ឲ្យ​ចាត់​វិធានការ​លើ​ករណី​នេះ ដើម្បី​ប្រមូល​ចំណូល​សម្រាប់​ថវិកា​រដ្ឋ”។

លោក​បាន​បន្ថែម​ថា សេចក្តី​ណែនាំ​នេះ​ចេញ​ជា​ប្រតិកម្ម​ទៅ​នឹង​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​នៅ​ពេល​បើក​រថយន្ត​មាន​ស្លាក​លេខ​ប៉ូលិស។

លោក​បាន​និយាយ​ថា “យើង​បាន​ចេញ​ស្លាក​លេខ​ឲ្យ​មន្ត្រី​ប៉ូលិស ប៉ុន្តែ​អ្នក​ទាំង​នោះ​ឲ្យ​ស្លាក​លេខ​ទៅ​មនុស្ស​ដែល​មិន​មែន​ជា​មន្ត្រី​ប៉ូលិស ហើយ​ពួកគេ [អ្នក​ទទួល] ប្រើ​ស្លាក​លេខ​នោះ​ប្រព្រឹត្ត​បទល្មើស”។

លោក ឡុង បាន​និយាយ​ថា ការ​បង្ក្រាប​នឹង​មិន​ចាប់​ផ្តើម​ភ្លាមៗ​ទេ ប៉ុន្តែ​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ប្រើ​ស្លាក​លេខ​ប៉ូលិស​ខុស​ច្បាប់​សព្វ​ថ្ងៃ​មាន​ពេល​ប្តូរ​ទៅ​ជា​ស្លាក​លេខ​ស៊ីវិល​វិញ។

លោក​បាន​បន្ថែម​ថា “យើង​នឹង​ចាប់​ខ្លួន​ម្ចាស់​រថយន្ត ប្រសិនបើ​ពួកគេ​ប្រើ​ស្លាក​លេខ​ប៉ូលិស និង​ប្រព្រឹត្ត​បទល្មើស”៕ និត

The post ក្រសួង​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​លើ​ស្លាក​លេខ​ប៉ូលិស​ខុស​ច្បាប់ appeared first on ខេមបូឌា ដេលី.