​ម្ចាស់​កុង​ស៊ី​កាប់​គោ​ជ្រោយ​ចង្វារព្រម​តាម​សំណើ​អាជីវករ​ បន្ទាប់ពី​លោក​ឃ្លាំង ហួត​ ចុះ​សម្រប​សម្រួល

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី​១ តុលា នេះ លោក​ឃ្លាំង ហួត អភិ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ​ និង​មន្ទី​កសិ​កម្ម​រាជ​ធានី​បាន​ចុះ​មក​ទី​តាំង​កុង​ស៊ី​កាប់​គោ​នៅភូមិ​ដើម​គរ ​សង្កាត់​ជ្រោយ​ចង្វារ​ដើម្បី​ដោះ​ស្រាយបញ្ហា​ បន្ទាប់​ពី​អាជីវ​ករ​កាប់​គោ​បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ថៅ​កែ​កុង​ស៊ី​កុំឱ្យ​យក​ថ្លៃ​ខ្ពស់​ពេក​។

បន្ទាប់ពី​លោក​អភិ​បាល​ខណ្ឌ​ចុះ​សម្រប​សម្រួល​រួចមក ខាង​ម្ចាស់​កុង​ស៊ី​កាប់គោ​ឈ្មោះ​ហយ ហ៊ាង បាន​យល់​ព្រម​មិន​យក​ថ្លៃ​កន្លែង​កាប់​ទៀត​ទេ ហើយ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​យក​លុយ​ថ្លៃ​ចូល​ទិញ​ឆ្អឹង​គោ ផ្សេងៗនោះ​លោក​បាន​បដិ​សេធ​ថា មិន​បាន​យក​ទេ​ តែ​​ពេល​នេះម្ចាស់​កុង​ស៊ី​បាន​ប្រាប់ថា ពេល​កាប់​ហើយ​ត្រូវ​ចាត់​ចែង​រក​ទី​ផ្សារ​លក់​ខ្លួន​ឯង​ទៅ។

លោក​ឃ្លាំង ហួត ​បាន​ណែ​នាំ​ឱ្យ​ម្ចាស់​កុង​ស៊ីធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​អាជីវករ​កាប់​គោ​ឱ្យ​បាន​សមរម្យ​ ហើយ​លោក​បាន​ទុក​ពេល​ឱ្យ​ម្ចាស់​កុង​ស៊ី​ប្រកប​អាជីវ​កម្ម​​​រយៈ​ពេល​១​ឆ្នាំ​ទៀត​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ តុលា ២០១៥​ដល់​ថ្ងៃ​ទី​១ តុលា ២០១៦ នឹង​បិទ​ជា​ស្ថាពរ​ ដោយ​សារ​តំបន់​នេះ​មិន​អាច​ឱ្យ​បង្កើត​កុង​ស៊ី​បាន​ទេ ព្រោះ​ជា​តំបន់​អភិវឌ្ឍ ​​​ម្យ៉ាង​ទៀត​វា​អាច​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។

គួរ​បញ្ជាក់​ថា កាល​ពី​រសៀល​មិ្សល​មិញ​ អាជីវករ​រក​ស៊ី​កាប់​គោ​បាននាំ​គ្នា​​លើក​បដា​តវ៉ា​ប្រឆាំងនឹង​ថៅ​កែ​កុង​ស៊ី​កាប់​គោ​នៅ​សង្កាត់​ជ្រោយ​ចង្វារ​ដែល​យក​ថ្លៃ​ខ្ពស់​ពេក​ ខណៈ​ពេល​ដែល​លោក​ឃ្លាំង​ ហូត អញ្ជើញ​ចុះ​មក​ពិនិត្យ​ទី​តាំង​កុង​ស៊ី​កាប់​គោ​នោះ​ បន្ទាប់ពី​ប្រជា​ពលរដ្ឋ​ប្តឹង​ថា​កុង​ស៊ី​នេះ​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​​ការ​រស់​នៅ​​របស់​ពួក​គាត់៕