សម្តេច​សខេង ជួប​លោក​សមរង្ស៊ី ដើម្បី​បញ្ចប់​កិច្ចពិភាក្សា​លើ​ការកែប្រែ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់​

ភ្នំពេញ: ​ដូច​អ្វីដែល​គ្រោងទុក នៅ​ម៉ោង ៥ ល្ងាច​ថ្ងៃទី​១​តុលា​នេះ សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​សំឡេង​ភាគច្រើន និង​លោក​សម រង្ស៊ី ប្រធាន​ក្រុម​តំណាង​រាស្ត្រ​សំឡេង​មតិ​ភាគតិច នៅក្នុង​រដ្ឋសភា បាន​បន្ត​ជួបគ្នា ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា និង​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​នៅ​សេសសល់​មិនទាន់​ឯកភាពគ្នា​។​

​កិច្ចប្រជុំ នៅ​វិមាន​រដ្ឋសភា​នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសាសន៍ថា សម្រាប់​ការជួបគ្នា​នេះ នឹង​ជជែក​ពិភាក្សា​អំពី​វិសោធនកម្ម​លើ​បទ​បញ្ជាផ្ទៃក្នុង​រដ្ឋសភា ហើយ​មូលហេតុ នៃ​ការធ្វើ​វិ​សធន​កម្ម​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​នេះ ដោយសារ​ថា រដ្ឋធម្មនុញ្ញ​វិសោធនកម្ម ក៏មាន​ចែង​បញ្ហា​មួយចំនួន និង​ដោយសារ​ការអនុវត្ត​ជាក់ស្តែង​ទៅ គឺមាន​បញ្ហា​ខ្លះ ដែល​មិនទាន់​សមស្រប អីចឹង​ហើយ​បានជា​គណបក្ស​ទាំងពីរ​ឯកភាពគ្នា​ថា នឹង​យក​បទបញ្ជាផ្ទៃក្នុង​រដ្ឋ​សភា មក​ធ្វើការ​សិក្សា និង​ធ្វើ​វិសោធនកម្ម​។

​គណបក្ស​ទាំងពីរ បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ដែលមាន​លោក​ប៉ែន បញ្ញា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក អេង ឆៃអ៊ាង តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុមការងារ​បានធ្វើការ​ពិភាក្សា​គ្នា ហើយ​ទីបំផុត គឺ​បាន​ជជែក​ឯកភាពគ្នា​ស្ទើរ​ទាំងស្រុង​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា សម្តេច​សង្ឃឹម​ជឿជាក់ថា ការជួបគ្នា​នៅ​ល្ងាច​នេះ នឹង​លើកយក​បញ្ហា​នេះ មក​ជជែក ដែល​បាន​ឯកភាពគ្នា​ទៅលើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​រដ្ឋសភា ដើម្បី​នឹង​អនុវត្ត​នីតិវិធី​បន្តទៀត ជូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដាក់ជូនទៅ​រដ្ឋសភា ដើម្បី​អនុម័ត​៕​

សម្តេច​សខេង ជួប​លោក​សមរង្ស៊ី ដើម្បី​បញ្ចប់​កិច្ចពិភាក្សា​លើ​ការកែប្រែ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់​
សម្តេចសខេង ជួបលោកសមរង្ស៊ី នៅរដ្ឋសភា នាល្ងាចថ្ងៃទី១តុលា