កុមា​រា​អាយុ​៤​ឆ្នាំ​ម្នាក់​ ​ក្រោយ​ពី​ហូប​​​ដំឡូង​មី​​ដុតរួច សង្ស័យ​ពុល​​​បណ្តាល​ឱ្យ​​ស្លាប់​​​

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​អាយុ​៤ឆ្នាំ​ម្នាក់ ​បន្ទាប់​ពី​​​បានហូបដំឡូង​មី​ដុត​​រួច សង្ស័យ​​​ពុល​បណ្តាល​ឱ្យ​​ស្លាប់​​ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១​ តុលា ​២០១៥ នៅ​លំនៅ​​ឋាន​​របស់​ខ្លួន ​ស្ថិត​ក្នុងភូមិ​ស្រែ​ព្រិច ឃុំ​អភិវឌ្ឍ​ន៏ ស្រុក​ទឹកផុស ​។

​លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស​ បាន​ឱ្យ​ដឹង​ថា កុមារា​រង​គ្រោះ​​ឈ្មោះ ហេង ស្រៀ​ង អាយុ​៤​ឆ្នាំ ចំណែក​ឪពុក​​ឈ្មោះ ផ្លុ​ង ស្រេ​ម អាយុ​៣៥ឆ្នាំ ។ មុន​ពេល​កើតហេតុ នៅវេលា​ម៉ោងជាង​៣​រសៀល​​ថ្ងៃទី​៣០ កញ្ញា ទាំង២​នាក់​ឪពុក​និង​កូន​ បាន​ទៅ​ច្រូតស្មៅនៅ​​​បឹង​វែង ជាប់​​ចម្ការ​ដាំ​ដំ​ឡូ​មី​របស់​ក្រុមហ៊ុន​ចិនមួយ​ ស្ថិត​​នៅ​ក្នុងភូមិ​គោក​ពួច ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។ ពេល​ច្រូតស្មៅនោះ​ ឪពុក​បាន​ដក​​ដំឡូងមី២​មើម​ យក​មក​ផ្ទះដុត​​​​​ហូប ​ក្រោយ​ពេល​ហូប​ហើយ ឪពុក​​ឃើញ​កូន​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ដែរ តែ​មិន​បាន​ចាប់អារ​ម្ម​ណ៏​ក៏​នាំ​គ្នា​សម្ងំ​ដេក​ទៅ លុះ​​នៅ​ម៉ោង​​ជិត​​១​រំលងអ​ធ្រាត្រ​ទើប​ដឹង​ថាកូនប្រុស​បាន​ស្លាប់បាត់​ទៅ​ហើយ ​សង្ស័យ​បណ្តាល​មក​ពី​ហូប​ដំឡូងដុត​នោះហើយ​​មើល​ទៅ​ ​ទើប​​​កូន​ប្រុស​គាត់​ស្លាប់​បែប​នេះ ​​​​​ធ្វើ​ឱ្យ​​ឪពុក​​ស្រែក​ទ្រហោយំ​​​សោកស្តាយ​​​កូន​ប្រុស​យ៉ាង​ខ្លាំង ។

​សព​កុមារា​រង​គ្រោះ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​​ជិតខាង​​​នាំ​គ្នា​ជួយ​ចាត់ចែង​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​សោក​សៅ​បំផុត​ ៕