រាជរដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ចែក​ចាយ​ប្រេង កំពុង​ស្វែង​រក​រូបមន្ត​កំណត់​តម្លៃ​ជារួម

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ នាទីស្តីការក្រសួង ពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយរវាង ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតំណាងដោយលោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពលដែលតំណាង ដោយ លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការ និងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ ដែលធ្វើប្រតិបត្តិការ នៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន SOKIMEX, TELA, PTT (កម្ពុជា), CALTEX, Bright Victory Mekong Petroleum, TOTAL, LHR និងក្រុមហ៊ុនSAVIMEX។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យឡើងវិញដោយលម្អិត ជាមួយក្រុមហ៊ុនចែកចាយប្រេង អំពីស្ថានភាព តម្លៃប្រេងឥន្ធនៈបច្ចុប្បន្ននៅកម្ពុជា ប្រៀបធៀបជាមួយនឹងទីផ្សារពិភពលោក និងបណ្តាប្រទេសជិត ខាង។ ជាមួយគ្នានេះ ផងដែរ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យអំពីរូបមន្តកំណត់ថ្លៃ ដែលក្រុមហ៊ុនបាន ប្រើប្រាស់ ដោយប្រៀបធៀបជាមួយរូបមន្តកំណត់ថ្លៃ ដែលកំពុងអនុវត្តនៅប្រទេសជិតខាងនាពេល បច្ចុប្បន្ន។

លោក ឈួន ដារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបកស្រាយលម្អិតអំពីខ្សែសង្វាក់តម្លៃ នៃការ ផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសថៃ ដែលក្នុងនោះរួមមាន៖ រូបមន្តកំណត់ថ្លៃ រចនាសម្ព័ន្ធថ្លៃដើម និង ភាពខុសគ្នាលើការគណនាតម្លៃប្រេងឥន្ធនៈ រវាងប្រទេសកម្ពុជានិងប្រទេសថៃ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុននានាផ្តល់ព័ត៌មានបន្ថែមនៅថ្ងៃស្អែក (ថ្ងៃទី០២ ខែតុលា) ទាក់ទងនឹងរចនាសម្ព័ន្ធថ្លៃដើម និងកត្តាថ្លៃដើមផ្សេងទៀតដើម្បីកំណត់រូបមន្ត សមស្របមួយ សម្រាប់ការគណនាថ្លៃ ដែលនឹងត្រូវពិនិត្យឡើងវិញដោយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពលនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥។

លោកទេសរដ្ឋមន្ត្រីបានស្នើបន្ថែមទៀត ឲ្យមានកិច្ចប្រជុំមួយផ្សេងទៀតរវាងក្រសួង ពាក់ព័ន្ធ និងក្រុម ហ៊ុនប្រេងទាំងអស់ម្តងទៀតនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ដើម្បីពិភាក្សា និងឯកភាពលើរូបមន្ត កំណត់ថ្លៃប្រេងឥន្ធនៈ ដែលរូបមន្តនោះនឹងត្រូវកំណត់ និងមានការយល់ព្រមទទួលយកដោយ គ្រប់ភាគី ទាំងអស់ ។

លោក សុខ ខាវ៉ាន់ និងលោក រស់ សីលវ៉ា បានសម្តែងនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការនេះ ក្នុងការ ធ្វើការងារជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដោយបញ្ជាក់អំពីតួនាទីចម្បងរបស់រដ្ឋាភិបាលក្នុងការ ធ្វើនិយ័ត កម្មលើតម្លៃផលិតផល ជាយុទ្ធសាស្ត្រណាមួយ ដូចជាប្រេងឥន្ធនៈជាដើម ដើម្បីគិតគូរដល់ អត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ទាំងប្រជាជនកម្ពុជា ទាំងក្រុមហ៊ុននានា ក៏ដូចជាប្រទេសជាតិ ទាំងមូលផងដែរ។

តំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ បានសម្តែងនូវការស្វាគមន៍ និងឆន្ទៈរបស់ខ្លួនក្នុងការ សហការជាមួយរដ្ឋាភិបាល ដើម្បីបង្កើតរូបមន្តសមស្របមួយសម្រាប់ការកំណត់ថ្លៃប្រេងឥន្ធនៈ។ ឆ្លើយតបទៅនឹងសំណើរបស់ក្រសួង តំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈទាំងនោះ បានយល់ព្រម ផ្តល់ព័ត៌មានរបស់ខ្លួន ដល់ក្រសួងពាណិជ្ជកម្មនៅថ្ងៃស្អែកទី០២ ខែតុលា ឆ្នាំ២០១៥ ហើយនឹងចូលរួម ក្នុងកិច្ចពិភាក្សាបន្ទាប់ទៀតដូចដែលបានស្នើឡើង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើររបស់ខ្លួន ចំពោះក្រុមហ៊ុននានា ដែលមានសុឆន្ទៈនិងស្មារតីសហការល្អ និងបានកត់សម្គាល់អំពីការចូលរួមចំណែក របស់ក្រុមហ៊ុន ទាំងនោះក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលយកសំណើរបស់ក្រសួងទាំងបី ទៅពិនិត្យ ដើម្បីជួយផ្តល់ជាប្រយោជន៍ជូនប្រជាជនកម្ពុជា៕

រាជរដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ចែក​ចាយ​ប្រេង កំពុង​ស្វែង​រក​រូបមន្ត​កំណត់​តម្លៃ​ជារួម

រាជរដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ចែក​ចាយ​ប្រេង កំពុង​ស្វែង​រក​រូបមន្ត​កំណត់​តម្លៃ​ជារួម

រាជរដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ចែក​ចាយ​ប្រេង កំពុង​ស្វែង​រក​រូបមន្ត​កំណត់​តម្លៃ​ជារួម