តើគួរមានច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងស្រវឹង ឬអត់ ?

ភ្នំពេញ៖ តើគួរមានច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹង ឬអត់? នេះគឺជាការលើកឡើង របស់លោកមេធាវី កែវ សុភា ប្រធានក្រុមមេធាវីអេស ខេ & ភី កម្ពុជាលើកឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥។

លោកបានលើកឡើងទៀតថា គ្រឿងស្រវឹងជាប្រភពមួយ ក្នុងចំណោមកត្តា ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យបាត់បង់ជីវិត ៣០០នាក់ក្នុងមួយ១ឆ្នាំ នៅកម្ពុជា។ គ្រប់ប្រភេទនៃអំពើហិង្សាក្នុងគ្រួសារ កើតស្របគ្នានឹងភាពញឹកញាប់ នៃការប្រើប្រាស់គ្រឿងស្រវឹង ដូចជាការស្រែកជេរឈ្លោះប្រកែកគ្នា ការរករឿង ការបោកកម្ទេចទ្រព្យសម្បត្តិ ស្ថិតក្នុងលំដាប់ខ្ពស់ជាបន្តបន្ទាប់។

៩០%នៃកុមារកម្ពុជា អាយុ១០-១១ឆ្នាំ លើកឡើងនៅក្នុងការអង្កេតឆ្នាំ២០១៣ថា មូលហេតុចម្បង បណ្តាលឲ្យមានអំពើហិង្សាក្នុងគ្រួសារ និងសហគមន៍របស់ខ្លួន គឺគ្រឿងស្រវឹង។ ការខាតបង់ថវិការបស់កម្ពុជា បណ្តាលមកពីគ្រឿងស្រវឹង គឺ៤៤លានដុល្លារ ក្នុង១ឆ្នាំ។ តាមការគណនាកន្លងមក របស់អ្នកជំនាញគេរកឃើញថា ក្នុងទឹកប្រាក់៣ដុល្លារ ដែលចំណាយលើគ្រឿងស្រវឹង ឧស្សាហកម្មគ្រឿងស្រវឹង ទទួលប្រយោជន៍២ដុល្លារ ហើយរដ្ឋទទួលបានពន្ធត្រឹមតែ ១ដុល្លារប៉ុណ្ណោះ មានន័យថា ប្រទេសជាតិ និងសង្គមទាំងមូលបាត់បង់ ២ដុល្លារ ដោយមិនទាន់គិតដល់ជំងឺ មរណភាពភាពក្រីក្រ ភាពអសកម្មរបស់ធនធានមនុស្ស កំណើនបទល្មើស។ ដែលសង្គមកម្ពុជារងការឈឺចាប់។

យោងតាម អង្គការសុខភាពពិភពលោក និងមូលនិធិសហប្រជាជាតិដើម្បីកុមារ ៦៣% នៃការស្លាប់បណ្តាលមកពីជំងឺមិនឆ្លង ក្នុងនោះមាន គ្រឿងស្រវឹង និងថ្នាំជក់។ មានជំងឺជាង២០០មុខ បណ្តាលមកពីគ្រឿងស្រវឹង ដូចជាក្រិនថ្លើម ជំងឺបេះដូង សរសៃឈាម ជំងឺដំបៅក្រពះ និងជំងឺមហារីក។ ជំងឺទាំងនេះ ធ្វើឲ្យបាត់ធនធានថវិកា សម្រាប់ការព្យាបាល និងធ្វើឲ្យធនធានមនុស្ស មិនមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ សម្រាប់ការអភិវិឌ្ឍន៍ប្រទេសឡើយ។ គ្រឿងស្រវឹងនៅកម្ពុជា ជំរុញយ៉ាងសកម្ម ឲ្យមានការប្រើប្រាស់គ្រឿងញៀន៕

តើគួរមានច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងស្រវឹង ឬអត់ ?