ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​កាម​រី​ពីក្រោយ រង​របួស​បាក់​ភ្លៅ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ហុងដា​សេ​១២៥​យ៉ាង​លឿន​ដូច​ហោះ​ទៅ​បុក​​រថយន្ត​កាម​រី​​ពី​ក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​បាក់​ភ្លៅ​ស្តាំ​សន្លប់​ស្តូក​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ ២C-៥៩០៩ បើកបរ​ដោយ​ឈ្មោះ នៅ គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​ទទា​ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១D-៦០៥៨ បើកបរ​ដោយ​ឈ្មោះ ស៊ុន វាសនា ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ក្អា​ម ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប មក​ពីក្រោយ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​ភ្លៅ​ស្តាំ សន្លប់​ស្តូក​ស្តឹង​​តែ​ម្តង ។

បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​ប្រគល់​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ ។ រីឯ​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិកា​ដ្ឋា​ន
នគ​បាល​ក្រុង​បា​វិត​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ ៕