របាយការណ៍​៖ ៩ ខែ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ ៣៦៩.១០៥ តោន​

ភ្នំពេញ: ​របាយការណ៍​អំពី​ស្ថានភាព​នៃ​ការបំពេញ​បែបបទ​នាំចេញ​អង្ករ​ក្នុង​រយៈពេល ៩ ខែ ក្នុង​​ឆ្នាំ​២០១៥ ចាប់ពី​ខែមករា ដល់​ខែកញ្ញា គឺមាន​ចំនួន ៣៦៩.១០៥ តោន​។ តួលេខ​នេះ កើនឡើង ៣៧% បើ​ធៀប​នឹង​រយៈពេល ៩ ខែ ក្នុង​ឆ្នាំ​២០១៤ ដែលមាន​ចំនួន​ត្រឹម​តែ ២៦៩.៣៧០ តោន​ប៉ុណ្ណោះ​។​

​របាយការណ៍​ចេញផ្សាយ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​លោក ហ៊ាន វណ្ណ​ហន ប្រធាន​លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ បង្ហាញថា អង្ករ​កម្ពុជា ដែល​បាន​នាំចេញ​ក្នុង ៩ ខែ ឆ្នាំ​២០១៥​នេះ ត្រូវបាន​នាំចេញ​ទៅកាន់ ៥៥ ប្រទេស និង​នាំចេញ​ដោយ​ក្រុមហ៊ុន​ចំនួន ៧៥​។

​យ៉ាងណាក៏ដោយ របាយការណ៍​ដដែល បាន​បង្ហាញថា ការនាំចេញ​អង្ករ​កម្ពុជា នៅ​ឆ្នាំ​២០១៥ ប្រហែលជា​នឹងមិន​អាច​សម្រេច​តាម​ផែនការ ដែល​រាជរដ្ឋាភិបាល​កំណត់​យ៉ាងតិច ១ លាន​តោន​នោះទេ​។

​កាលពី​ឆ្នាំ​២០១៤ អង្ករ​កម្ពុជា​បាន​នាំចេញ មាន​ចំនួន ៣៨៧.០៦១ តោន​។ ឆ្នាំ​២០១៣ មាន​ចំនួន ៣៧៨.៨៥៦ តោន​។ ឆ្នាំ​២០១២ ចំនួន ២០៥.៧១៧ តោន និង​នៅ​ឆ្នាំ​២០១១ មាន​ចំនួន ២០១.៨៩៩ តោន​៕​