ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ មិនទាន់​ឯកភាព​លើ​ការកែប្រែ​បទបញ្ជាផ្ទៃក្នុង និង​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ នៅឡើយ​ទេ​

ភ្នំពេញ: ​ក្នុង​កិច្ចប្រជុំ​ជិត ២ ម៉ោង ចាប់ពី​ម៉ោង ៥ ដល់​ម៉ោង​ជិត ៧ យប់​ថ្ងៃទី​១​តុលា​នេះ គឺ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​សម្តេច​សខេង និង​លោក​សមរង្ស៊ី មិនបាន​ឯកភាពគ្នា​ទាំងស្រុង​នៅឡើយ​ទេ លើ​វិសោធនកម្ម​កែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ការកែប្រែ​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ ថ្នាក់ដឹកនាំ​ទាំងពីរ​គណបក្ស បាន​សន្យាថា នឹង​បន្ត​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ​ទៀត​។​

​លោក ប៉ែន​បញ្ញា តំណាង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក អេង​ឆៃអ៊ាង តំណាង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទកាសែត​រួមគ្នា​នៃ​កិច្ចប្រជុំ នៅ​ព្រលប់​ថ្ងៃទី​១​តុលា​នេះ នៅ​រដ្ឋសភា​។ កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ ពិភាក្សា​លើ​ចំណុច​សេសសល់​នៃ​ការកែប្រែ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា​។ កិច្ចប្រជុំ​នោះ ត្រូវបាន​អ្នកនាំពាក្យ​អះអាងថា មិន​តឹងតែង​នោះទេ តែ​ក៏​មិនមាន​ការសម្រេច​អ្វី​ជា​ដុំកំភួន​លើ​ការកែប្រែ​ច្បាប់​ទាំងពីរ​នោះដែរ​៕​