សមត្ថកិច្ច​ស្រុក​សង្កែ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លើក​ទី​២ ខណៈ​មន្ត្រី​ជលផល​ដែល​ដេក​លក់​សុំ​ចូលរួម​ដែរ

ខេត្តបាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​សង្កែ​បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជា​លើក​ទី​២ ក្នុង​រយៈពេល​៤​ថ្ងៃ​លើ​គោលដៅ​សំខាន់​ៗ​នានា​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​​ការ​លើក​ទី​២​នេះ​ត្រូវ​បាន​មន្ត្រី​ជលផល​ស្នើ​សុំ​ចូលរួម​បញ្ចេញស្នាដៃ​ដែរ ខណៈ​ការ​បង្ក្រាប​លើក​ទី​១​រវល់​ដេក​លក់ ហើយ​សមត្ថកិច្ច​ក៏​មិន​ផ្ដល់​ដំណឹង​ទៀត ព្រោះ​ខ្លាច​បែក​ការណ៍ ។

អធិការ​ស្រុក​សង្កែ លោក ស៊ុន សុវណ្ណ បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​លើក​ទី​២​នេះ កម្លាំង​ចម្រុះ​បាន​ចំណាយពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ កញ្ញា ២០១៥​កន្លង​ទៅ​នេះ ។ លោក​ថា កម្លាំង​ទាំងនោះ​រួម​មាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ មន្ត្រី​ជលផល ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូល​ដ្ធា​ន ដោយ​បាន​បង្ក្រាប​ទៅ​លើ​គោលដៅ​ចំនួន​៧​នៅ​តាម​តំបន់​ព្រៃ​លិច​ទឹក​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ឧបករណ៍​ល្មើសច្បាប់​ជា​ច្រើន​ត្រូវ​បាន​បង្ក្រាប រួច​ដុត​កំទេច​ចោល​នៅ​នឹង​កន្លែង តែ​មិន​ប្រទះ​នឹង​ជន​ប្រ​ព្រឹត្ត​ទេ ។

សូម​បញ្ជាក់​ថា កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន កម្លាំង​សមត្ថកិច្ច​ស្រុក​សង្កែ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ទ្រង់ទ្រាយ​ធំ​ម្ដង​ហើយ ខណៈ​មន្ត្រី​ជលផល​ដេក​លក់ ។ ការ​ចុះ​លើក​ទី​១ សមត្ថកិច្ច​រឹបអូស​បាន​ឧបករណ៍​បទល្មើស​នេសាទ​ជា​ច្រើន​​សន្ធឹកសន្ធាប់ តែ​គ្មាន​វត្តមាន​មន្ត្រី​ជលផល​ចូលរួម​ទេ ។ ត្រង់​ចំណុច​​នេះ​ត្រូវ​បាន​គេ​និយាយ​ថា កិច្ច​ប្រតិបត្តិការ​ដែល​មាន​វត្តមាន​មន្ត្រី​ជលផល​ច្រើន​តែ​បរាជ័យ ដូច្នេះ​ហើយ​ទើប​គេ​មិន​ចង់​សហការ​ជាមួយ​មន្ត្រី​ជលផល តែ​លើក​ទី​២​នេះ​មាន​មន្ត្រី​ជលផល​សុំ​ចូលរួម​ដែរ ។

ប្រភព​ពី​កម្លាំង​ចុះ​បង្ក្រាប​បាន​និយាយ​ថា គម្រោង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លើក​ទី​២​នេះ​ក៏​មិន​ខុស​ពី​គម្រោង​លើក​ទី​១​ដែរ គឺ​គេ​មិន​បាន​ផ្ដល់​ដំណឹង​ទៅ​ខាង​ជលផល​ទេ តែ​មន្ត្រី​ជលផល​ហាក់​បានដឹង​អំពី​ផែនការ​នេះ ទើប​ស្នើ​សុំ​ចូលរួម​បញ្ចេញស្នាដៃ​ជាមួយ​គេឯង​ដែរ​ទៅ ព្រោះ​មន្ត្រី​ជលផល​សព្វថ្ងៃ​ហាក់​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​អំពី​ភាព​អសកម្ម​របស់​ខ្លួន តែ​សកម្ម​ខាង​ដើរ​ប្រមូល​សំណែន ។

ទោះជា​យ៉ាងណា​បើ​តាម​លោក ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លើក​ទី​២​នេះ គឺ​កម្លាំង​ចម្រុះ​ធ្វើ​បាន​សម្រេច​លើ​គោលដៅ​ចំនួន​៧​កន្លែង រឹបអូស​បាន​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​មាន សាច់​មង​បាន​ប្រវែង​៣៧២០​ម៉ែត្រ ដក​បង្គោល​បាន​៧១០​ដើម បំផ្លាញ​ឡុ​ក​ចាប់​ត្រី​១៦​ឡុ​ក និង​ព្រ​លែង​កូន​ត្រី​វិញ​១១០​គីឡូក្រាម​ផង​ដែរ ។ លោក​បាន​បន្ថែម​ថា វត្ថុ​តាង​ទាំងនេះ​មិន​ត្រូវ​បាន​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​ទេ គឺ​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​តែ​ម្ដង ៕