មន្ទីរ​ទេសចរណ៍ គ្រោង​ពង្រីក​តំបន់​ទស្សនា​ទៅ តំបន់​ព្រៃ​ធម្មជាតិ នៅ​ស្រុក​បន្ទាយស្រី

មន្ទីរ​ទេសចរណ៍ និង​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប គ្រោង​ពង្រីក​តំបន់​ទស្សនា​របស់ខ្លួន​សម្រាប់អ្នកទេសចរ​ទៅកាន់​តំបន់​ព្រៃ​ធម្មជាតិ​ដែល​សម្បូរ​ទៅដោយ​ផ្កា​ព្រៃ និង​ចម្ការ​ឈើ​ក្រញូង ធ្នង់ ស្ថិតនៅ​ចម្ងាយ​ប្រមាណ៧០គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប គឺ​នៅក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី។

គម្រោង​ពង្រីក​នេះ  គឺ​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប​បានយូរ។ នេះ​ជាការ​បញ្ជាក់​របស់លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប។ លោក​ថា ដោយសារ​កន្លងមក​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ខេត្តសៀមរាប តែងតែបាន​ទស្សនា​ប្រាសាទបុរាណ និង​ទន្លេសាប និង​រមណីយដ្ឋាន​ធម្មជាតិ​មួយចំនួន​ដែល​ស្ថិតនៅ​ទី​រួម​ខេត្ត​ប៉ុណ្ណោះ។

បើតាម​លោក ង៉ូ​វ សេង​កាក់ ដើម្បី​ទៅ​ទស្សនា​តំបន់​ព្រៃ​ធម្មជាតិ​នោះ ភ្ញៀវទេសចរ​ត្រូវ​ជិះ​រថយន្ត​ពី​ទី​រួម​ខេត្តសៀមរាប ទៅដល់​ផ្លូវ​ចូលក្នុង​ព្រៃ​ត្រូវ​ប្តូរ​ទៅ​ជិះ​កង់​វិញ ដើម្បី​បន្តដំណើរ​ចូល​ទស្សនា​ព្រៃ​ចម្ការ​គ្រញូង ដើម​ធ្នង់ និង​ផ្កា​ព្រៃ​ជាច្រើន​ប្រភេទ​ទៀត ជាមួយគ្នា​នោះ អ្នកទេសចរ​ក៏​អាច​ចូលរួម​ដាំ​កូនឈើ​ទុកជា​អនុស្សាវរីយ៍​ផងដែរ។

លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏បាន​បញ្ជាក់ដែរថា ដ្បិតតែ​តំបន់​នោះ​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​បន្តិច ក៏ប៉ុន្តែ​អ្នកទេសចរ​ប្រាកដជា​ពេញចិត្ត​នៅពេលដែល​បាន​ទៅដល់​តំបន់​នោះ ពីព្រោះថា​ក្រៅពី​បានឃើញ​ដើមឈើប្រណីតៗ នៅក្នុង​ព្រៃ​ដី​ប្រមាណ១,៨៨៨ហិកតា អ្នកទេសចរ​ក៏​អាច​មើលឃើញ​សត្វ​ជ្រូកព្រៃ​និង​រមាស និង​សត្វ​មួយចំនួនទៀត ដែល​ចុះមក​ផឹកទឹក​នៅក្នុង​តំបន់​នោះ​ផងដែរ៕

ប្រភព៖ AKP

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម