ជនភៀសខ្លួន​រ៉ូហីងយ៉ា​ពីរ​រូប​ទៀត​នឹង​មក​កម្ពុជា​នៅ​ពេល​ខាង​មុខ

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​តុលា ថា កម្ពុជា​នឹង​ទទួល​បាន​ជនភៀសខ្លួន​ពីរ​នាក់​ថែម​ទៀត​ពី​កោះ​ណាវរូ (Nauru)។ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​នៅ​តែ​បង្ហាញ​ជំហរ​មិន​គាំទ្រ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ជនភៀសខ្លួន​នោះ​ទេ។

ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក គឹម សារិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ តុលា ថា ជនភៀសខ្លួន​ពីរ​នាក់​នោះ​ជា​ជនជាតិ​រ៉ូហីងយ៉ា (Rohingya) នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា។

មន្ត្រី​ដដែល​មិន​ទាន់​អាច​បញ្ជាក់​បាន​ឡើយ​ថា អ្នក​ទាំង​នោះ​នឹង​មក​ដល់​កម្ពុជា នៅ​ពេល​ណា​ពិត​ប្រាកដ​នោះ​ទេ ពីព្រោះ​ពេល​នេះ កម្ពុជា​ទើប​នឹង​ទទួល​ដំណឹង​ពី​ភាគី​ប្រទេស​អូស្ត្រាលី ហើយ​កំពុង​រៀបចំ​ក្រុម​ការងារ​ទៅ​ជួប​ជនភៀសខ្លួន​ទាំង​ពីរ​នាក់​នោះ ដើម្បី​សម្ភាស និង​ធ្វើ​បទបង្ហាញ​ដល់​ពួកគេ​ស្ដីពី​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ស្ម័គ្រចិត្ត មុន​ធ្វើ​ដំណើរ​ចេញ​មក​កម្ពុជា។

លោក គឹម សារិន៖ «យើង​មើល​ឯកសារ​ដែល​គាត់​បំពេញ​លើ​ពាក្យ​ស្ម័គ្រចិត្ត​មក​នេះ ហើយ​ឃើញ​ត្រឹមត្រូវ​ថា គាត់​ពិត​ជា​ស្ម័គ្រចិត្ត ដោយ​គ្មាន​ការ​បង្ខិតបង្ខំ បាន​យើង​ធ្វើ​បទ​បង្ហាញ​ជូន​គាត់ ហើយ​យើង​ត្រឡប់​មក​កម្ពុជា វិញ សុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​ទទួល​យក​ពួកគាត់​មក​កម្ពុជា»

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នៅ​តែ​បង្ហាញ​ជំហរ​មិន​គាំទ្រ​ឲ្យ​កម្ពុជា ទទួល​យក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​គ្រប់គ្រង​នោះ​ទេ។

ប្រធាន​ក្រុម​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជនភៀសខ្លួន ៤​នាក់ ដែល​ទើប​បាន​មក​ដល់​កម្ពុជា ថ្មី​នេះ ហើយ​ឥឡូវ​មាន​ម្នាក់​សុំ​វិល​ត្រឡប់​ទៅ​ប្រទេស​ដើម​របស់​គេ​វិញ​នោះ ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា ការ​មក​រស់​នៅ​កម្ពុជា គឺ​ពិបាក​ជាង​រស់​នៅ​ប្រទេស​ដើម​របស់​គេ​ទៅ​ទៀត៖ «ការ​មក​តាំង​ទីលំនៅ​នៅ​កម្ពុជា វា​មិន​ទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ ព្រោះ​កម្ពុជា យើង​ឥឡូវ​កំពុង​តែ​ពឹង​ផ្អែក​ភាគ​ច្រើន​ជំនួយ​បរទេស ដូចជា​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ដល់​ប្រទេស​ដែល​សន្យា​ផ្ដល់​ជំនួយ​នោះ សូម​ឲ្យ​ផ្ដល់​ឲ្យ​គ្រប់​ចំនួន ដូច្នេះ​យើង​ជា​សង្គម​ស៊ីវិល​យល់​ថា កម្ពុជា​មិន​ទាន់​ដល់​ពេល​ត្រូវ​ទទួល​យក​ជនភៀសខ្លួន​នោះ​ទេ»

​ដំណឹង​ពី​ជនភៀសខ្លួន​រ៉ូហីងយ៉ា ពីរ​នាក់​ទៀត​នឹង​មក​កម្ពុជា​នេះ គឺ​ស្រប​ពេល​ដែល​ជនភៀសខ្លួន​ម្នាក់​ក្នុង​ចំណោម ៤​នាក់ ដែល​មក​ស្នាក់នៅ​កម្ពុជា កាល​ពី​ជើង​ទី​មួយ​នោះ បាន​ស្ម័គ្រចិត្ត​បោះបង់​សិទ្ធិ​ជា​ជនភៀសខ្លួន ហើយ​សុំ​ចាក​ចេញ​ទៅ​រស់នៅ​ប្រទេស​របស់​គេ​វិញ។

ទាក់ទង​បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា បាន​យល់​ព្រម​ទទួល​យក​ជនភៀសខ្លួន​ម្នាក់​នោះ​ពី​ប្រទេស​កម្ពុជា ហើយ ប៉ុន្តែ​កម្ពុជា កំពុង​រង់ចាំ​ប្រទេស​នេះ​បំពេញ​ឯកសារ​ធ្វើ​ដំណើរ​ជូន​ដល់​ជនភៀសខ្លួន​រូប​នោះ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។