ក្រសួង​ពាណិជ្ជកម្ម​នឹង​ពិភាក្សា​រក​រូបមន្ត​តម្លៃ​លក់​ប្រេង​សាំង​ជាមួយ​ភាគី​ពាក់ព័ន្ធ

ទាញ​យក​កម្មវីធី

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ពិភាក្សា​ស្វែងរក​រូបមន្ត​លើ​តម្លៃ​លក់​ប្រេង​សាំង​នៅ​កម្ពុជា ជាមួយ​ភាគី​ពាក់ព័ន្ធ បន្ទាប់​ពី​ភាគី​ក្រុមហ៊ុន​ប្រេង​សាំង​នៅ​កម្ពុជា បញ្ជាក់​ពី​ព័ត៌មាន​ថ្លៃ​ដើម​ច្បាស់លាស់។ ទន្ទឹម​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម សង្ឃឹម​ថា រូបមន្ត​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល លើក​ឡើង​ថា កម្ពុជា មិន​ទាន់​មាន​រូបមន្ត​ច្បាស់លាស់​លើ​តម្លៃ​លក់​ប្រេង​សាំង​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ឲ្យ​ស្រប​នឹង​ទីផ្សារ​អន្តរជាតិ​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​អន្តរ​ក្រសួង ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​តុលា នា​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម។ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​បិទ​ទ្វារ​រយៈពេល ២​ម៉ោង​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ឲ្យ​ដឹង​ទៀត​ថា ក្នុង​កិច្ច​ប្រជុំ​នេះ ក្រសួង​បាន​ស្នើ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ឯកជន​ទាំង ៨​ក្រុមហ៊ុន​នៅ​កម្ពុជា ផ្តល់​ព័ត៌មាន និង​បញ្ជាក់​ឲ្យ​ច្បាស់​ពី​តម្លៃ​ដើម មក​កាន់​រដ្ឋាភិបាល ដើម្បី​ងាយ​ស្រួល​ប្រៀបធៀប​តម្លៃ​នេះ ទៅ​នឹង​ទីផ្សារ​ប្រេង​សាំង​បណ្ដា​ប្រទេស​ជិត​ខាង។

លោក ស៊ុន ចាន់ថុល បន្ត​ថា ក្រោយ​បាន​ព័ត៌មាន​ច្បាស់លាស់​ពី​បណ្ដា​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ឯកជន​ទាំង​នោះ ក្រសួង​ពាណិជ្ជកម្ម នឹង​ពិភាក្សា​រក​រូបមន្ត​ជាមួយ​អន្តរ​ក្រសួង ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​គ្នា​លើ​តម្លៃ​លក់​ចែក​ចាយ​ប្រេង​សាំង​នៅ​កម្ពុជា៖ «សំណូមពរ​ឲ្យ​ផ្នែក​ឯកជន​បញ្ជាក់​ឲ្យ​ច្បាស់​មក តើ​តម្លៃ​ដើម តម្លៃ​ដឹក​ជញ្ជូន តម្លៃ​គ្រប់គ្រង​ស្ថានីយ​របស់​គាត់​មក​កាន់​រដ្ឋាភិបាល​មក ដើម្បី​យើង​យក​ទៅ​ពិនិត្យ និង​ពិចារណា ព្រោះ​រដ្ឋាភិបាល​មាន​រូបមន្ត​ហើយ យើង​ដឹង​តម្លៃ​នៅ​ថៃ ប៉ុន្មាន? តម្លៃ​នៅ​វៀតណាម ប៉ុន្មាន? ចឹង​បើ​ក្រុមហ៊ុន​ត្រូវ​ប្រគល់​មក យើង​នឹង​គិតគូរ​ពី​រូបមន្ត»

ជាង​នេះ​ទៀត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ដឹង​បន្ត​ថា រូបមន្ត​នេះ​មាន​សារសំខាន់​ដល់​ភាព​ច្បាស់លាស់​លើ​ការ​គ្រប់គ្រង​តម្លៃ​លក់​ប្រេង​សាំង និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ គោរព​វិន័យ ស្រប​តាម​តម្លៃ​លក់​របស់​ទីផ្សារ​អន្តរជាតិ៖ «យើង​ដឹង​ថា ១​លីត្រ​តម្លៃ​ប៉ុន្មាន? ចឹង​យើង​អាច​ធ្វើ​តួលេខ​នេះ​បាន។ ដូច្នេះ ក្រុមហ៊ុន​មិន​ចេះ​តែ​ស្រែក​ថា តម្លៃ​នោះ​ថ្លៃ ហើយ​ស្រែក​ថា​លក់​មិន​ចំណេញ​ទៀត​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា ដើម្បី​ដឹង​ពី​ជំហរ​របស់​ខ្លួន​លើ​តម្លៃ​លក់​ប្រេង​សាំង​បាន​ឡើយ នៅ​ថ្ងៃ​ទី​១ ខែ​តុលា។

ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​សាំង​ភាគ​ច្រើន យល់ព្រម​តាម​សំណើ​របស់​ក្រសួង ដោយ​សន្យា​ថា​នឹង​ផ្តល់​ព័ត៌មាន និង​បញ្ជាក់​ឲ្យ​ច្បាស់​ពី​តម្លៃ​ដើម មក​កាន់​ក្រសួង​វិញ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា។ ជាង​នេះ​ទៀត លោក​ថា ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​សាំង​ទាំង​នោះ បញ្ជាក់​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ក្រសួង​ពាណិជ្ជកម្ម ថា យល់ព្រម​តាម​សំណើ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​ទាប​ជាង​ពេល​បច្ចុប្បន្ន និង​ស្រប​ទៅ​តាម​ការ​ប្រែប្រួល​តម្លៃ​លើ​ទីផ្សារ​ពិភពលោក។

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១ តុលា នា​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម មាន​ការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ធំៗ​ទាំង​៨ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា រួម​មាន ក្រុមហ៊ុន​សូគីម៉ិច (Sokimex) តេលា (Tela) ភី.ធី.ធី (PTT) កាល់តិច (Caltex) តូតាល់ (Total) សាវីម៉ិច (Savimex) ប្រាយធ៍ វិកធឺរី មេគង្គ (Bright Victory Mekong) និង អិល.អេច្ឆ.អ (LHR)។

ក្រសួង​ពាណិជ្ជកម្ម មិន​ទាន់​បញ្ជាក់​ពី​រូបមន្ត​របស់​រដ្ឋាភិបាល​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា នឹង​ប្រកាស​រូបមន្ត​តម្លៃ​លក់ និង​ចែក​ចាយ​ប្រេង​សាំង​នៅ​កម្ពុជា នេះ នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ជា​ថ្មី​ជាមួយ​អន្តរ​ក្រសួង និង​ភាគី​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។