សហព័ន្ធ ស្រូវអង្ករកម្ពុជា ព្រមានដាក់ទណ្ឌកម្ម ចំពោះក្រុមហ៊ុន ជាសមាជិក ដែលនាំចូល អង្ករពីប្រទេសជិតខាង

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានព្រមានដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុន ជាសមាជិករបស់សហព័ន្ធ ដែលប្រព្រឹត្តខុសទៅនឹងវិន័យ និងក្រមសីលធម៌ ពាក់ព័ន្ធនឹងការនាំ ចូលអង្ករពីប្រទេសជិតខាង យកមកបន្លំជាអង្ករ ដែលមានប្រភពដើមរបស់កម្ពុជា ។

សេចក្តីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចុះហត្ថលេខា ដោយប្រធានសហព័ន្ធលោក សុខ ពុទ្ធិវុធ ចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទើបទទួល នៅថ្ងៃទី១ ខែតុលានេះ បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា និងចាត់ វិធានការរួមទាំងដាក់ទោសទណ្ឌ ចំពោះបណ្តាសមាជិកណា ដែលល្មើសនឹងក្រមសីលធម៌ ដែលវិធានការទាំងនោះរួមមាន៖

១-ចំពោះអ្នកដែលនាំចូលអង្ករពីប្រទេសជិតខាង សម្រាប់ចែកចាយទីផ្សារនៅក្នុងស្រុក ត្រូវមានឯកសារគយនិងលិខិតបង់ពន្ធ ឲ្យបានត្រឹមត្រូវតាមច្បាប់។
២-ចំពោះសមាជិកទាំងឡាយណា ដែលនាំចូលអង្ករពីប្រទេសជិតខាង ហើយបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយប្រើវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញពីកម្ពុជា ហើយត្រូវសហព័ន្ធចាប់បាន និងត្រូវរងនូវពិន័យដូចជា៖ ចំពោះអង្ករក្រអូបត្រូវពិន័យ ក្នុង១តោន៣០០ដុល្លារអាមេរិក និងអង្ករសធម្មតាត្រូវពិន័យ១តោន១១៥ដុល្លារ ហើយថវិកានោះ ត្រូវបង់ចូលសហព័ន្ធស្រូវអង្ករកម្ពុជា។
៣-សមាជិកទាំងណាដែលមិនរាងចាល ហើយត្រូវបានសហព័ន្ធចាប់បានជាលើកទី២ ត្រូវទទួលពិន័យក្នុងកំរិតធ្ងន់ និងមិនត្រូវបញ្ជូនឈ្មោះ ក្រុមហ៊ុននោះ ទៅឲ្យស្ថាប័នពាក់ព័ន្ធទទួលពិន័យតាមផ្លូវច្បាប់កម្ពុជា ដូចជាក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ អគ្គនាយកដ្ឋានពន្ធដារ និងត្រូវផ្សព្វផ្សាយជាសារធារណៈផងដែរ។

ចំណាត់ការរបស់សហព័ន្ធនេះ ត្រូវបានក្រុមហ៊ុនអ្នកនាំចេញអង្ករស្វាគមន៍ និងសម្តែងនូវការគាំទ្រ យ៉ាងពេញទំហឹងដោយលើកឡើងថា ចំណាត់ការនេះ មិនត្រឹមតែជួយដល់ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ របស់កម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងជួយ ដល់ប្រជាកសិករខ្មែរថែមទៀតផង។

លោក សុង សារន អគ្គនាយកក្រុមហ៊ុន AMRU Rice Cambodia បានថ្លែងឲ្យដឹងថា នៅទីផ្សារអង្ករកម្ពុជាសព្វថ្ងៃ មានឈ្មួញកណ្តាល ដែលជាជាតិខ្មែរ សហការជាមួយឈ្មួញកណ្តាល ជនជាតិវៀតណាម ត្រូវរ៉ូវជាមួយសមត្ថកិច្ចព្រំដែន បាននាំចូលអង្កររបស់ប្រទេសជិតខាង មកលក់ទីផ្សារកម្ពុជា ដែលទង្វើនេះនាំឲ្យមាន ការខាតបង់ដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្រុមហ៊ុននាំចេញអង្ករព្រោះអង្កររបស់ ខ្មែរយើងមានតម្លៃថ្លៃជាងអង្កររបស់វៀតណាម ដូច្នេះយើងមិនអាចប្រកួតតម្លៃជាមួយនឹងគេបានទេ។

យ៉ាងណាអគ្គនាយកក្រុមហ៊ុនរូបនេះ បានថ្លែងនៅការស្វាគមន៍ ចំពោះចំណាក់ការរបស់ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចាត់វិធានការ ជុំវិញករណីនាំចូលអង្ករពីប្រទេសជិតខាងនេះ ហើយក៏បានសំណួមពរទៅដល់សមត្ថកិច្ចតាមព្រំដែន មេត្តារឹតបន្តឹងការនាំចូលអង្ករ ពីប្រទេសជិតខាង ដើម្បីជួយដល់ខ្មែរគ្នាឯង៕

សហព័ន្ធ ស្រូវអង្ករកម្ពុជា ព្រមានដាក់ទណ្ឌកម្ម ចំពោះក្រុមហ៊ុន ជាសមាជិក ដែលនាំចូល អង្ករពីប្រទេសជិតខាង