ប្រជាពលរដ្ឋ ជាង៥០០គ្រួសារ រង់ចាំមើល ចំណាត់ការ របស់គណៈកម្មការចម្រុះ

កណ្តាល ៖ បន្ទាប់ពី ផ្ទុះរឿងទំនាស់ដីធ្លី ដោយប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំរកាខ្ពស់ ឃុំស្អាងភ្នំ និងឃុំព្រែកគយ ដោយពួកគាត់បានចោទប្រកាន់ថា លោក វ៉ិត សុធារិទ្ធ ដែលនាយរងខណ្ឌជលផលខេត្តកណ្តាល បានទន្ទ្រានចូលដីបឹងក្អួកជាដីបឹងរដ្ឋ ដែលពួកគាត់ ធ្លាប់អាស្រ័យផល តាំងពីជីដូនជីតាគាត់មកម្ល៉េះ ទើបអាជ្ញាធរបានបង្កើតគណៈកម្មការចម្រុះមួយ ចុះទៅពិនិត្យមើល និងដោះស្រាយជូនប្រជាពលរដ្ឋផងដែរ ដោយគណៈកម្មការ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា លោកនឹងពិនិត្យមើលប្លង់សិន បើប្លង់ដីបឹងត្រឹមណា គឺត្រូវប្រគល់ទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់វិញ រីឯដីលោក វ៉ិត សុធារិទ្ធ បានទិញពីប្រជាពលរដ្ឋត្រឹមណា ស្ថិតនៅក្នុងប្លង់កំណត់ គឺត្រូវប្រគល់ទៅឲ្យលោក ទៅតាមប្លង់កំណត់ ប៉ុន្តែប្រជាពលរដ្ឋបានបញ្ជាក់ថា បឹងក្អួកនេះ កាលពីដើមឡើយ មានចំនួន១៨ហិកតា ប៉ុន្តែលោក ញ៉ែម វន្ថា ជាអភិបាលរងស្រុកស្អា ទទួលបន្ទុកបង្ក្រាបបទល្មើស និងជាប្រធានគណៈកម្មការចម្រុះ ចុះទៅពិនិត្យដីបឹងទំនាស់នោះ បាននិយាយថា ចំពោះទំហំដីបឹង គឺលោកមិនអាចនិយាយថាប៉ុន្មានបានទេ ដោយលោកបញ្ជាក់ថា រង់ចាំមើលផ្ទៀងផ្ទាត់ប្លង់ ដោយបឹងនេះមានប្លង់ត្រឹមត្រូវនោះទេ ។
ការអញ្ជើញទៅនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបឹងក្អួក ភូមិត្រពាំងឈូក ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ប្រជាពលរដ្ឋទាំងជាង៥០០គ្រួសារនោះ បាននិយាយនៅមុខគណៈកម្មការចម្រុះថា ពួកគាត់ទាំងអស់គ្នា ទាមទារយកតែដីបឹងមកវិញនោះទេ ដែលជាសម្បត្តិសាធារណៈ ដើម្បីពួកគាត់បានអាស្រ័យផលពីបឹងនេះជាបន្តទៀត ដោយនេសាទត្រី និងទាញយកទឹកទៅស្រោចស្រព ដំណាំកសិកម្មនារដូវប្រាំងនិងវស្សា ចំណែកឯដីដែលលោក វ៉ិត សុធារិទ្ធ បានទិញពីប្រជាពលរដ្ឋត្រឹមត្រូវនោះ គឺសូមឲ្យគាត់យកតែ ចំណែកនោះទៅ។ ជាមួយគ្នានោះដែរ លោក វ៉ិត សុធារិទ្ធ បានឆ្លើយតបទៅ និងប្រជាពលរដ្ឋថា លោកប្រគល់ដីបឹងទៅឲ្យរដ្ឋវិញ បើពិនិត្យឃើញថា ដីបឹងត្រឹមណា ហើយលោកក៏សុំថ្លែងអំណរគុណ ដែលប្រជាពលរដ្ឋក្លាហាន និងតស៊ូមតិដើម្បីរក្សារសម្បត្តិរដ្ឋឲ្យគង់វង្ស ។

ចំណែកលោក ញ៉ែម វន្ថា អភិបាលរង ទទួលបន្ទុកបង្ក្រាបបទល្មើសនោះ បាននិយាយថា លោកដឹកនាំកម្លាំងចុះមកនេះ គឺមិនមានកាន់ ភាគីខាងណានោះទេ គឺលោកមកដំណោះស្រាយ ជូនភាគីទាំងសងខាង ដោយមិនថាភាគីណាខុស ភាគីណាត្រូវនោះទេ ហើយចំពោះដីទំនាស់នេះ ទាល់តែគណៈកម្មការចម្រុះ ផ្ទៀងផ្ទាត់ប្លង់សិន តើវាប៉ះពាល់ត្រឹមណា បើពិនិត្យទៅឃើញនោះ គឺយើងនិងកាត់មកចូលដីបឹងរដ្ឋវិញ ។

ដោយឡែកលោក វ៉ិត សុធារិទ្ធ បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាននោះថា ចំពោះដីលោកបានទិញ ពីប្រជាពលរដ្ឋនាពេលកន្លងមក គឺលោកបានទិញពីប្រជាពលរដ្ឋ ចំនួនពីរម្ចាស់ គឺមានទំហំដីតែជាង១ហិកតានោះទេ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីបឹងទំនាស់នេះ ពីមុនមានចំនួន១៨ហិកតា ប៉ុន្តែបន្ទាប់ពីលោក វ៉ិត សុធារិទ្ធ ចូលមកទន្ទ្រាននោះ គឺនៅរួមកាន់តែតូចៗ ទៅបើតាមការស្មាន នៅប្រហែលជា៤ទៅ៥ហិកតាតែប៉ុណ្ណោះ ដូច្នេះពួកគាត់រង់ចាំមើល ចំណាត់ការរបស់គណៈកម្មការចម្រុះ ដោះស្រាយជូនពួកគាត់បានសមរម្យ ឬយ៉ាងណា?៕

ប្រជាពលរដ្ឋ ជាង៥០០គ្រួសារ រង់ចាំមើល ចំណាត់ការ របស់គណៈកម្មការចម្រុះ

ប្រជាពលរដ្ឋ ជាង៥០០គ្រួសារ រង់ចាំមើល ចំណាត់ការ របស់គណៈកម្មការចម្រុះ

ប្រជាពលរដ្ឋ ជាង៥០០គ្រួសារ រង់ចាំមើល ចំណាត់ការ របស់គណៈកម្មការចម្រុះ

ប្រជាពលរដ្ឋ ជាង៥០០គ្រួសារ រង់ចាំមើល ចំណាត់ការ របស់គណៈកម្មការចម្រុះ