នគរបាល​ស្រុក​អូរ​ជុំ​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ស្លាប់

ខេត្តរតនគិរី ៖ មន្ត្រី​នគ​បាល​អធិការ​ស្រុក​អូរ​ជុំ​ម្នាក់​បាន​ស្លាប់​រហូត​ហើម​​ជះក្លិន​ស្អុយ​ដល់​អ្នក​រស់នៅ​ក្បែរ​នោះ​ទើប​គេ​ដើរ​រក​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្បែរ​ម៉ូតូ​ក្នុង​ប្រឡាយ​មាន​ស្មៅ និង​គុម្ព​ឫស្សី ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១ កញ្ញា ២០១៥ ត្រង់​ចំណុច​អូរ​ថ្ម ស្ថិត​នៅ​ភូមិ​៧ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ។

ប្រភព​ពី​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា សព​ដែល​គេ​ប្រទះ​ឃើញ​នោះ​មានឈ្មោះ បួន នួន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ ជា​មន្ត្រី​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​នោះ​មក​ផឹកស៊ី​នៅ​ក្រុង​បាន​លុង រួច​ក៏​ត្រឡប់​ទៅ​ស្រុក​អូរ​ជុំ ហើយ​បាត់​ដំណឹង​រហូត​មិនឃើញ​មក​ធ្វើការ​៣-៤​ថ្ងៃ​ហើយ លុះដល់​ថ្ងៃ​ប្រទះ​ឃើញ​សព​ទើប​ដឹង​ថា ជា​មន្ត្រី​នគ​បាល​ខាងលើ​នោះ ។ ប្រភព​​បន្ត​ទៀត​ថា សព​នោះ​ពេល​អ្នក​រស់នៅ​ក្បែរ​នោះ​ធំ​ក្លិនស្អុយ​ក៏​ដើរ​ក​មើល ស្រាប់តែ​ប្រទះ​ឃើញ​​​ដេកស្លាប់​ក្បែរ​ម៉ូតូ​ក្នុង​ប្រឡាយ​មាន​ស្មៅ​ដុះ​ស៊ុបទ្រុប និង​ដើម​ឫស្សី​ជា​ច្រើន​ទៀត​ផង ។

បន្ទាប់​ពី​មន្ត្រី​នគ​បាល​បច្ចេកទេស​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច មិន​មាន​អ្វី​គួរ​សង្ស័យ​ទេ​ក៏​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ប្រហែលជា​ស្រវឹងស្រា​ហើយ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​កន្លែង​វិញ​ក៏​រេ​ចង្កូត​ដួល​ធ្លាក់​ចូល​ប្រឡាយ​នោះ​ស្លាប់​គ្មាន​អ្នកណា​ដឹង​រហូត​ធំ​ក្លិនស្អុយ​ទើបបាន​គេ​រក​ឃើញ ។ មន្ត្រី​នគរបាល​ស្រុក​អូរ​ជុំ​បាន​ប្រាប់​ថា ប៉ុន្មាន​ថ្ងៃមុន​ប្រទះ​ឃើញ​សព​នោះ​មិនឃើញ​ជន​រង​គ្រោះ​មក​ធ្វើការ​ទេ ហើយ​ក៏​មិនសូវ​ចាប់អារម្មណ៍​ដែរ ព្រោះ​គាត់​ធ្លាប់​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​ដើរ​បាត់​ៗ​រាល់ថ្ងៃ ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​គាត់​តែ​ម្តង ។

សព​​ជន​រង​គ្រោះ​ត្រូវ​នគរបាល​ប្រគល់​ឱ្យ​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕