សមាគម​សាមគ្គី​ធម៌​ប្រារព្ធ​ទិវា​ជន​ចាស់​ជរា​នៅ​ខេត្ត​បាត់ដំបង

ទាញ​យក​កម្មវីធី

សមាគម​សាមគ្គី​ធម៌​ជួយ​ជន​ចាស់​ជរា ដែល​បង្កើត​ឡើង​ដោយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១ តុលា នាំ​គ្នា​ប្រារព្ធ​ទិវា​ជន​ចាស់​ជរា​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ការ​រស់នៅ​របស់​មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង និង​មាន​ជីវភាព​ក្រីក្រ។

សហគមន៍​សាមគ្គី​ធម៌​ជួយ​ជន​ចាស់​ជរា និង​ប្រជាពលរដ្ឋ អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ចាស់​ជរា ដែល​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ទីពឹង​ឲ្យ​បាន​ច្រើន និង​ជួយ​ជា​ថវិកា​ខ្លះៗ​ដល់​ពួក​គាត់ ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជន​ចាស់​ជរា ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ៧០​នាក់ ដែល​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​អាយុ​ប្រមាណ​ពី ៧០​ឆ្នាំ​ឡើង​ទៅ។ អ្នក​ចូលរួម​ក្នុង​ពិធី​នោះ ត្រូវ​បាន​សមាគម​សាមគ្គី​ធម៌​ជួយ​ជន​ចាស់​ជរា រៀបចំ​តុ​កៅអី​ឲ្យ​ពួក​គាត់​អង្គុយ​ជា​ជួរ ដើម្បី​បាន​សំណេះសំណាល​ផ្លាស់ប្ដូរ​យោបល់​គ្នា​នៅ​ក្រោម​ផ្ទះ​ឈើ​មួយ​ខ្នង ដែល​មាន​ប្រក់​ដំបូល​ស័ង្កសី។

ជន​ចាស់​ជរា​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​ទិវា​មនុស្ស​ចាស់​នៅ​ភូមិ​ថ្មី ឃុំ​តាម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​១ តុលា ថា ពួក​គាត់​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បន្ទាប់​ពី​ពួក​គាត់​រស់នៅ​តែ​ផ្ទះ​សម្បែង​រៀងៗ​ខ្លួន។ អ្នក​ភូមិ​បញ្ជាក់​ថា ជីវិត​រស់នៅ​របស់​ពួក​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង លំបាក​ទាំង​ការ​ហូប​ចុក និង​សុខភាព​រាង​កាយ ហើយ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា មិន​បាន​ឆ្ងាយ​ដូច​កាល​ពី​ក្មេង​នោះ​ទេ៖ «ខ្ញុំ​ដើរ​ទាន់​តែ​មាន​ឈើ​ច្រត់ បាន​អាច​ដើរ​បាន ហើយ​ដេក​ឈឺ​នៅ​ផ្ទះ​ម្នាក់​ឯង ព្រោះ​កូន​ចៅ​គេ​ចេញ​ទៅ​ធ្វើ​ការ​អស់​ហើយ។ ខ្ញុំ​ហូប​បាយ​ដូច​គ្មាន​ដឹង​រសជាតិ​ថា​ឆ្ងាញ់​ទេ បើ​ថ្ងៃ​ណា​ហូប​បាយ​បាន​ច្រើន​អស់​ហើយ​មួយ​វែក​ប៉ុណ្ណឹង​ឯង»

រីឯ​ប្រធាន​សមាគម​ជួយ​ជន​ចាស់​ជរា​ឃុំ​តាម៉ឺន លោក សៅ សន្ដោស មាន​ប្រសាសន៍​ថា ទិវា​មនុស្ស​ចាស់​នេះ រៀបចំ​ឡើង​ជា​លើក​ទី​១៧ ហើយ​នៅ​ឆ្នាំ​២០១៥។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​រៀបចំ​ទិវា​នេះ​ឡើង ក្នុង​គោល​បំណង​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​មនុស្ស​ចាស់​ជរា​ដែល​គ្មាន​ទីពឹង និង​មាន​ជីវភាព​ក្រីក្រ មាន​ឱកាស​បាន​សំណេះសំណាល​គ្នា​ផង និង​បណ្ដុះ​គំនិត​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ងាក​មក​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រស់នៅ​របស់​មនុស្ស​ចាស់​ផង៖ «បើ​កាល​ណា​មនុស្ស​ចាស់​គាត់​ធ្លាប់​ចិញ្ចឹម​យើង​បាន​ធំ​ធាត់​ហើយ បើ​យើង​មិន​ដឹង​គុណ​មនុស្ស​ចាស់​ទេ គឺ​មនុស្ស​នោះ​រក​ស៊ី​មិន​រីក​ចម្រើន​ទៅ​មុខ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ខេត្ត​បាត់ដំបង លោក តឹង តេង មាន​ប្រសាសន៍​ថា សមាគម​ជួយ​មនុស្ស​ចាស់​ជរា​នៅ​ក្នុង​ខេត្ត​បាត់ដំបង មាន​ប្រមាណ ៦០​កន្លែង កំពុង​ដំណើរ​ការ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន។ ប៉ុន្តែ​លោក​បញ្ជាក់​ថា សមាគម​ទាំង​នោះ​ពុំ​មាន​ថវិកា​សម្រាប់​ជួយ​ដល់​ជន​ចាស់​ជរា​នោះ​ទេ៖ «ការ​លំបាក​របស់​គាត់ ភាគ​ច្រើន​ដោយសារ​គ្មាន​កូន​ចៅ​នៅ​ជុំ​ជាមួយ​គាត់។ ប្រសិន​បើ​យើង​បង្កើត​សមាគម​អ៊ីចឹង​ទៅ យើង​អាច​ជួយ​ពួក​គាត់​បាន​ខ្លះ ដូចជា​ការ​រក​ទីកន្លែង​ឲ្យ​ស្នាក់នៅ​ក្នុង​វត្ត​ជាដើម»

លោក​បន្ត​ថា ខាង​មន្ទីរ​សង្គមកិច្ច កំពុង​ស្នើសុំ​កញ្ចប់​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​យក​ទៅ​ជួយ​ដល់​ជន​ចាស់​ជរា​គ្មាន​ទីពឹង​នៅ​ក្នុង​ខេត្ត​បាត់ដំបង ប៉ុន្តែ​ខាង​ក្រសួង​សេដ្ឋកិច្ច ពុំ​ទាន់​អនុម័ត​ថា​យ៉ាង​ណា​នៅ​ឡើយ?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។