វិសោធនកម្ម ច្បាប់បោះឆ្នោត ឃុំ-សង្កាត់ មិនបានលើកមកពិភាក្សា ក្នុងជំនួបសម្តេច ស ខេង និងលោក សម រង្ស៊ី នៅថ្ងៃនេះទេ

ភ្នំពេញ៖ ចំណុចសេសសល់ នៃវិសោធនកម្មបោះឆ្នោតឃុំ-សង្កាត់ មិនត្រូវបានលើកមកជជែកពិភាក្សាបន្ត នៅក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន និងលោក សម រង្ស៊ី ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគតិច នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះឡើយ។ នេះបើយោង តាមការ បញ្ជាក់ របស់ក្រុមការងារ នៃជំនួបទាំងសងខាង ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុងក្រោយកិច្ចជំនួប។

កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅ ក្រុមការងារតំណាងរាស្រ្តសំឡេងភាគច្រើន និងសំឡេងភាគតិចក្នុងរដ្ឋសភា បានជួបពិភាក្សាគ្នារួចម្តងមកហើយ ដោយបានជជែកទៅលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតឃុំ-សង្កាត់ និងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។ ក្នុងជំនួបលើកទី១ ការពិភាក្សាទៅលើវិសោធនកម្មច្បាប់បោះឆ្នោតឃុំ-សង្កាត់ នៅមានចំណុចខ្វែងគំនិតគ្នារហូតដល់ទៅ ៥ចំណុច។ ចំណុចខ្វែងគ្នាទាំង ៥នោះរួមមាន៖ ទី១. យុទ្ធនាការ ហែក្បួន, ទី២. ការលើកស្លាកគណបក្សនៅតាមទីសាធារណៈ, ទី៣. រយៈពេលនៃការឃោសនាបោះឆ្នោត, ទី៤. ពាក់ព័ន្ធទោសបញ្ញត្តិ, និងទី៥. ការដាក់ពិន័យ។

ចំណុចខ្វែងគ្នាលើវិសោធនកម្មច្បាប់បោះឆ្នោតឃុំ-សង្កាត់នេះ ត្រូវបានគេរំពឹងថា ជារបៀបវារៈដ៏សំខាន់មួយ ដែលនឹងត្រូវលើកមកពិភាក្សាបន្តនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥នេះ។ សំខាន់ ក៏ព្រោះតែច្បាប់ បោះឆ្នោត ឃុំ-សង្កាត់ គឺជាជំហានមួយដ៏សំខាន់សម្រាប់ឈានទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និង យុត្តិធម៌។

នៅមុនជំនួបនារសៀលថ្ងៃនេះ ក្រុមការងារទាំងពីរ ក៏សុទ្ធតែបានអះអាងផងដែរថា ពួកគេនឹងលើកយក របៀបវារៈ នៃការធ្វើវិសោធនកម្ម និងចំណុចខ្វែងគំនិតគ្នាមកពិភាក្សាបន្ត។ តែផ្ទុយទៅវិញលទ្ធផលខុស ពីការរំពឹងទុក ជាមួយ និងលទ្ធផលផ្លែផ្កាហាក់មានតិចតួចនោះ ជំនួបជាច្រើនម៉ោងនេះ មិនបានពិភាក្សាបន្ត លើវិសោធនកម្មច្បាប់បោះឆ្នោតនោះទេ។

ក្រុមការងារជជែកពិភាក្សាទាំងសងខាង បានប្រាប់ក្រុមអ្នកព័ត៌មានថា កិច្ចប្រជុំនៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ មិនត្រូវបានលើកបញ្ហាសេសសល់ចំនួន ៥ចំណុច នៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឃុំ-សង្កាត់ មកពិភាក្សានោះទេ ប៉ុន្តែបានជជែកតែអំពីបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ក្រុមការងារប្រកាសថា កិច្ចពិភាក្សានេះ នឹងបន្តនៅសប្តាហ៍ក្រោយ។

លោក អេង ឆៃអ៊ាង តំណាងគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងកិច្ចប្រជុំល្ងាចនេះ មានភាពវិជ្ជមាន ប៉ុន្តែមិនអាចបញ្ជាក់លទ្ធផលទាំងអស់បានទេ។ លោក អេង ឆៃអ៊ាង បាននិយាយនៅក្នុង សន្និសីទកាសែតខ្លីថា «មានចំណុចដែលយើងឯកភាពគ្នាច្រើន ប៉ុន្តែយើងមិនអាចយកមកធ្វើអត្ថាធិប្បាយ អស់ទេ ហើយចំណុចដែលសេសសល់ហ្នឹង មិនមែនជាចំណុចដែលហៅថា តានតឹងទេ មិនមែនទេ និយាយឱ្យខ្លីទៅបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាហ្នឹង វាខុសគ្នានឹងច្បាប់បោះឆ្នោតឃុំ-សង្កាត់»។

ដោយឡែកលោក ប៉ែន បញ្ញា តំណាងគណបក្សប្រជាជននៅក្នុងសន្និសីទកាសែទ ក៏បានអះអាងដែរថា មិនមានចំណុចណាមួយ ដែលនាំឱ្យមានភាពតានតឹង ក្នុងការពិភាក្សាគ្នានោះទេ ហើយលទ្ធផល នឹងត្រូវប្រកាសនៅពេលណាមួយ បន្ទាប់ពីមានការសម្រេចរួម ។ លោកថា «យើងគ្មានអ្វីខ្វែងគំនិតគ្នាធំដុំទេ ខ្ញុំគិតថាពេលវេលា វានឹងមកដល់នៅពេលដែលយើងសម្រេចគ្នា ហើយខ្ញុំនឹងបញ្ជាក់ជូនលទ្ធផល នៅពេលហ្នឹងតែម្តង»៕

វិសោធនកម្ម ច្បាប់បោះឆ្នោត ឃុំ-សង្កាត់ មិនបានលើកមកពិភាក្សា ក្នុងជំនួបសម្តេច ស ខេង និងលោក សម រង្ស៊ី នៅថ្ងៃនេះទេ