នារី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​ដួល​បោក​ទៅ​នឹង​ថ្នល់​សន្លប់​ស្តូកស្តឹង

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​បាន​ចោរឆក់​កាបូបស្ពាយ​ចំហៀង​យក​ទៅ​បាត់​ហើយ​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់​សន្លប់​ឈឹង ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះ​ជួយ​សង្គ្រោះ​បឋម​រហូត​ដឹងខ្លួន​ហើយ​ក៏​សន្លប់​ទៅ​វិញ​ដោយសារ​តែ​មានការ​ភិតភ័យ​ពេក ដែល​ហេតុការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​០១ តុលា ២០១៥ នៅ​ចំណុច​មុខក្រសួង​ការងារ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-9145 តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​នាង​បណ្តាល​ឱ្យ​នាង​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់​សន្លប់​ស្តូកស្តឹង ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះ​ធ្វើការ​សង្គ្រោះ​បឋម​រហូត​ដឹងខ្លួន​វិញ តែ​នាង​ហាក់ដូចជា​មានការ​ភិតភ័យ​ខ្លាំង​ពេក​រហូត​ភ្លេច​អ្វី​ៗ​ទាំងអស់​សូ​ម្បី​តែ​អាសយដ្ឋាន​នៅ​ទីណា​ក៏​មិន​ចាំ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​ក៏​នាង​មិន​ចាំ នាង​ចាំ​បាន​តែ​ថា នាង​ឈ្មោះ​ថា រ័​ត្ន អាយុ​២៣​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​មក​នាង​ក៏​សន្លប់​ទៅ​វិញ​បាត់​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​ក៏​មក​ដល់​ជួយ​អន្តរាគមន៍ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​១ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​វិញ ៕