អាមេរិក​ចោទ​រុស្ស៊ី​ថា បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ក្រុមឧទ្ទាម​ស៊ីរី ដែល​បណ្តុះបណ្តាល​ដោយ​ក្រុម​CIA

រុស្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន បន្ត​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវអាកាស ក្នុង​ប្រទេស​ស៊ីរី។ ប្រតិបត្តិការ​ទ័ពអាកាស​រុស្ស៊ី ត្រូវ​អម​ដោយ​ការប្រយុទ្ធ​ជើងគោក របស់​ទ័ពអេស្បូឡា លីបង់ និង​ទាហាន​អ៊ីរ៉ង់ ដែល​គាំទ្រ​ទាហាន​របស់​រដ្ឋាភិបាល​បាស្ហា អាល់អាសាដ​រហូតមក។ កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួងការពារ​ជាតិ​រុស្ស៊ី ដើម្បី​ជំរះ​រាល់​មន្ទិលសង្ស័យ និង​ការចោទប្រកាន់​ពី​អាមេរិក បារាំង បាន​បញ្ជាក់​លម្អិត​ថា យន្តហោះ​ចម្បាំង​របស់ខ្លួន​មិនមែន​វាយប្រហារ​តែ​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​មួយ​ទេ ប៉ុន្តែ នឹង​ទម្លាក់​គ្រាប់​បែក​ផងដែរ ទៅ​លើ​អង្គការ​ភេរវជន​ផ្សេងទៀត នៅ​ស៊ីរី។