សុខ សោមា​វ​ត្តី​គ្រោង​បើក​ក្រុមហ៊ុន គ្រឿងសម្អាង និង រថយន្ត​

​ខណៈដែល​ការងារ​សិល្បៈ​នៅតែ​បន្ត​ជន់​ជោរ តារា​សម្តែង និង ពិធី​ការិនី​កូន​មួយ សុខ សោមា​វ​ត្តី ក៏បាន​ផ្សព្វផ្សាយ​លក់​រថយន្ត និង គ្រឿងសម្អាង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ។ ស្របគ្នា​នេះ​ក៏មាន​ប្រភព​អ្នក​ស្និទ្ធ​ជាមួយ​នាង បាន​បង្ហើប​ប្រាប់ថា សុខ សោមា​វ​ត្តី កំពុង​រៀបចំ​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ ហើយ​ព័ត៌មាន​នេះ សុខ សោមា​វ​ត្តី ក៏បាន​ប្រាប់​ផ្ទាល់​ថា នាង​ពិតជា មាន​គម្រោង​រៀបចំ​បើក​ក្រុមហ៊ុន​ពិតមែន ប៉ុន្តែ​នាង​មិនទាន់​អាច​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន និង ជួញដូរ​អ្វី​បានទេ ព្រោះ​នាង​សុំច្បាប់​មិនទាន់បាន​។​

​សិល្បករ សិល្បការិនី ល្បីឈ្មោះ​មួយចំនួន​ក្រៅពី​ខិតខំ​រកប្រាក់​ចំណូល​ពី​ការងារ​សិល្បៈ​បាន​ខ្ពស់​ហើយ ពួកគេ​ក៏​ព្យាយាម​បង្កើត​មុខ​ជំនួញ​ផ្សេងៗ ដើម្បី​បង្កើន​ប្រភព​ចំណូល​ផងដែរ ។ ជាក់ស្តែង​ដូចជា​តារា​សម្តែង និង ពិធី​ការិនី​ល្បីឈ្មោះ សុខ សោមា​វ​ត្តី ក៏បាន​ចាប់ផ្តើម​បង្ហាញ​សកម្មភាព​ធ្វើ​ជំនួញ​លក់​រថយន្ត និង គ្រឿងសម្អាង​នៅក្នុង​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​មាន​រយៈពេល​ជាច្រើន​ខែ​មកហើយ ។ ម្យ៉ាងទៀត​ជំនួញ​ខាងលើនេះ​ទំនងជា​កាក់កប​ខ្លាំង ទើប​នៅពេលនេះ​មាន​ប្រភពព័ត៌មាន​ពី​អ្នកសិល្បៈ​សិ្ន​ទ្ធ​ជាមួយ​តារា​រូបនេះ​បាន​បង្ហើប​ប្រាប់ថា​នាង​មាន​គម្រោង​បើក​ក្រុមហ៊ុន​។​

​ប្រភព​ដដែល​នេះ​បន្តថា សម្រាប់​គម្រោង​ដាក់ទុន​រកស៊ី​របស់ សុខ សោមា​វ​ត្តី ទោះបីជា​គេ​មិនទាន់​បានដឹង​តួលេខ​ច្បាស់ ហើយ​ក្រុមហ៊ុន​របស់​នាង​ឈ្មោះ​អ្វី និង បង្ហាញ​រូបរាង​នៅពេលណា​ឱ្យ​ប្រាកដ​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​ដែល សុខ សោមា​វ​ត្តី គ្រោង​បង្កើត​នេះ នាង​ធ្លាប់​និយាយថា​ធ្វើ​ជំនួញ​ខាង​គ្រឿងសម្អាង និង អាចឈាន ដល់​ការលក់​រថយន្ត​ថែមទៀត​ផងដែរ ។​

​យោងតាម​ព័ត៌មាន​ខាងលើនេះ​ដ្បិតតែ​សកម្មភាព សុខ សោមា​វ​ត្តី រៀបចំ​បើក​ក្រុមហ៊ុន​មិនទាន់​បង្ហាញ​ជា​ផ្លូវការ ប៉ុន្តែ​នៅពេល​ជួប​សម្ភាស​ជាមួយ​អ្នកព័ត៌មាន «​ប្រជាប្រិយ​» ផ្ទាល់​នៅក្នុង​ស្ទូ​ឌី​យ៉ូ​ស្ថានីយទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ អ្នកសិល្បៈ​កូន​មួយ សុខ សោមា​វ​ត្តី បាន​ប្រាប់ថា នៅពេលនេះ​នាង​ពិតជា​កំពុង​រៀបចំ​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​មួយ​ពិតមែន ប៉ុន្តែ​ការបង្កើត​ជំនួញ​បន្ថែម​លើ​ការងារ​សិល្បៈ​នេះ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ ដូច្នេះហើយ​នាង​ក៏​មិនទាន់​ចង់បង្ហាញ​ប្រាប់​ពី​ចំនួន​ទុន​ដែល​នាង​ត្រៀម​បានដែរ ព្រោះ​ការងារ​ជាក់ស្តែង​មិនទាន់បាន​ធ្វើឡើង តែ​មិនយូរប៉ុន្មាន​ទេ​ក្រុមហ៊ុន​របស់​នាង​ពិតជា​បង្ហាញ​រូបរាង​ពិតប្រាកដ​មែន ។​

ជាមួយគ្នា​នឹង​ការបញ្ជាក់​នេះដែរ​អ្នកយកព័ត៌មាន​យើង​ក៏បាន​ព្យាយាម​សួរនាំ​ឈ្មោះ​ក្រុមហ៊ុន និង ប្រាក់​វិនិយោគ​ទៅលើ​ការលក់​រថយន្ត ឬក៏​លក់​គ្រឿងសម្អាង​ពិត​ដូច​មិត្តភក្តិ​អ្នកសិល្បៈ​និយាយ​ដែរឬទេ​? សំណួរ​នេះ​ត្រូវបាន សុខ សោមា​វ​ត្តី ប្រាប់ថា រឿង​បើក​ក្រុមហ៊ុន​នាង​ពិតជា​បើក​ប្រាកដ​ណាស់ ប៉ុន្តែ​នៅក្នុង​ពេលនេះ​នាង​សុំ​ឈ្មោះ​មិនទាន់បាន ដូច្នេះ​នាង​សុំ​មិនទាន់​ប្រាប់ថា​ក្រុមហ៊ុន​ឈ្មោះ​អ្វី​ទេ តែ​សម្រាប់​ការវិនិយោគ គឺ​ប្រហែលជា​នាង​ធ្វើ​ឡើងលើ​គ្រឿងសម្អាង​ជា​ជំហាន​ដំបូង ហើយ​ការចំណាយ​ទុនវិនិយោគ​លើ​គម្រោង​នេះ​គឺមាន​ចំនួន​ច្រើន​ម៉ឺន​ដុល្លារ ។

នៅក្នុង​បទ​សម្ភាស​នេះ​ទោះបីជា សុខ សោមា​វ​ត្តី មិនទាន់​បញ្ជាក់ប្រាប់​ពី​ខ្ទង់ចំណាយ​បង្កើត​ក្រុមហ៊ុន ប៉ុន្តែ​តារា​ស្រី​រូប​ស្រស់​ម្នាក់នេះ ក៏បាន​ប្រាប់​ពី​គោលជំហរ​ថា ការបើក​ក្រុមហ៊ុន​នេះ​នាង​ជា​អ្នកគ្រប់គ្រង​ផ្ទាល់ដៃ ហើយក៏​ជា​ទុន​របស់​នាង និង គ្រួសារ​ផងដែរ ដូច្នេះហើយ​នាង​អាច​បញ្ជាក់បាន​ថា ជំនួញ​របស់​នាង​នឹង​ជោគជ័យ​ខ្លាំង ព្រោះ​ពេលនេះ​ផលិតផល​របស់​នាង​ក៏​ចាប់ផ្តើម​វាយលុក​នៅលើ​ទីផ្សារ​ជា​បណ្តើរៗ​ហើយ ។
​តារា​សម្តែង និង ពី​ធី​ការិនី សុខ សោមា​វ​ត្តី ទោះបីជា​នាង​ជា​អ្នកសិល្បៈ​មានកូន​ស្រី​ម្នាក់​រួចទៅហើយ​ក្តី ប៉ុន្តែ​បើ​គេ​ក្រឡេក​មើលរូប​សម្រស់​វិញ នាង​ថែ​សាច់ និង រាង​នៅ​ស្អាត​មិន​ចាញ់​ក្រមុំ​ឡើយ ។ ដោយឡែក​បរិមាណ​ការ​ងារ​សិល្បៈ​វិញ ទីផ្សារ​ខ្សែភាពយន្ត និង ពិធី​ការិនី​នៅតែ​ទាមទារ​ឱ្យ​នាង​បង្ហាញ​វត្តមាន​មិនសូវមាន​ពេលទំនេរ​ឡើយ ។ ជាក់ស្តែង​នៅ​ខែកញ្ញា​នេះ​បន្ទាប់ពី សុខ សោមា​វ​ត្តី ទើបតែ​បញ្ចប់​ការថត​រឿង «​អ្នក​មេម៉ាយ​មាន​លាភ​» និង រឿង «​ភូមិ​អត់​មនុស្ស​នៅ​» អ្នកនាង​ក៏​ទើបតែ​បាន​ចុះ​កុងត្រា​ថត​ខ្សែភាពយន្ត​ដុំ​ពីរ​រឿង​ទៀត​គឺ​រឿង «​អ្នកនាង​ម្ចាស់​ឡឺ​កឺ​» ឱ្យ​ផលិតកម្ម​មហាហង្ស និង រឿង «​សិស្ស​ប្អូន​» ឱ្យ​ផលិតកម្ម​រ៉ក់​ផងដែរ ៕ ចន្ថា​

​