គន្លឹះ​ងាយ​ៗ​យើង​គិត​មិន​ដល់ តែ​​ជួយ​ឲ្យ​យើង​កាន់​តែ​សុវត្ថិភាព​លើ​ដង​ផ្លូវ

គន្លឹះ​ងាយ​ៗ​យើង​គិត​មិន​ដល់ តែ​​ជួយ​ឲ្យ​យើង​កាន់​តែ​សុវត្ថិភាព​លើ​ដង​ផ្លូវ

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​លោត​មក​ឈរ​លេខ​១​នាំ​មុខ​រោគ​អេដស៍ នាម​ជា​អ្នក​គំរាមកំហែង​អាយុ​ជីវិត​មនុស្ស​ខ្លាំង​ក្លា​ជាង​គេ។ ជា​មួយ​គ្នា​នេះ “កត្តា​មនុស្ស” គឺ​ជា​ហេតុផល​ធំ​មួយ សិក្សា​ដោយ​ស្ថាប័ន​ជំនាញ បញ្ជាក់​ថា​ជា​កត្តា​គ្រោះ​ថ្នាក់​ជាង​គេ​បើ​ធៀប​នឹង​កត្តា យានយន្ត និង​កត្តា​ផ្លូវ។

 

គន្លឹះ​ងាយ​ៗ​យើង​គិត​មិន​ដល់ តែ​​ជួយ​ឲ្យ​យើង​កាន់​តែ​សុវត្ថិភាព​លើ​ដង​ផ្លូវ

 

បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន យោគយល់​គ្នា​លើ​ដង​ផ្លូវ កុំ​បើក​បរ​ក្រោម​ឥទ្ធិពលស្រវឹង គោរព​ច្បាប់​ចរាចរណ៍ កុំ​បើក​បរ​ហួស​ល្បឿន​កំណត់​ជា​ដើម សុទ្ធ​ជា​ដំបូន្មាន​របស់​ស្ថាប័ន​ជំនាញ ដើម្បី​ការ​បើក​បរ​ប្រកប​ដោយ​សុវត្ថិភាព។ បើ​មនុស្ស​ជា​អ្នក​បង្ក ហេតុ​អ្វី មនុស្ស​មិន​អាច​ទប់​ស្កាត់​កុំ​អោយ​មាន​គ្រោះ​បាន​? អ្នក​បើក​បរ​មួយ​ចំនួន​ដែល​ខ្វាយខ្វល់​ខ្លាំង​ពី​សុវត្ថិភាព មាន​តិចនិក​ងាយ​ៗ​ផ្ទាល់​ខ្លួន ដែល​ពួក​គេ​យល់​ថា បាន​ជួយ​ពួក​គេ​មួយ​ផ្នែក។ តិចនិក​ទាំង​នោះ​មាន៖

 

១.ជិះ​ដោយ​កាន់​ក្ដោប​ចុង​ដៃ​ម៉ូតូ៖ ការ​ជិះ​របៀប​នេះ​នៅ​តំបន់​មាន​អ្នក​ដំណើរ​ដោយ​ម៉ូតូ​ប្រជ្រៀត​គ្នា​ច្រើន គឺ​ជួយ​ឲ្យ​យើង​មាន​សុវត្ថិភាព​មួយ​ផ្នែក​ពី​ការ​ទាក់​ដៃ​ម៉ូតូ​គ្នា​ដួល​(កើត​មាន​ជា​រឿយ​ៗ​លើ​ដង​ផ្លូវ ហើយ​អ្នក​ជិះ​ម៉ូតូ​មួយ​ចំនួន​បាន​ស្លាប់​ក្រោយ​ពេល​ដួល ហើយ​រថយន្ត​មក​ពី​ក្រោយ​កិន) ចែក​រំលែក​ដោយ​លោក ពិន សុធី អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ម្ដុំ​វត្តមាន​សន្សំ​កុសល។ សុធី និយាយ​ថា លោកបាន​ស្រមៃ​ទៅ​ផ្លែ​សន្ទូច​បបក់​ត្រី ដែល​អ្នក​ខ្លះ​អាច​ស្គាល់។ នៅ​ចុង​ផ្លែ​សន្ទូច​គេ​ច្រើន​ប្រើ​កំណាត់​ដើម​ត្រកួន កញ្ឆែត ឬ​អ្វី​ផ្សេង​ថ្ពក់​នៅ​ចុង ដើម្បី​ការពារ​ការ​ទាក់​ជាមួយ​ដើម​ស្រូវ។ អីចឹងលោក​​ក៏​ចាប់​ផ្ដើម​រៀន​ជិះ​ដោយ​កាន់​ក្ដោប​ចុង​ដៃ​ម៉ូតូ​ទាំង​សងខាង​​នៅ​តំបន់​ប្រជុំ​ជន​តែ​ម្ដង។

 

“ដំបូង​អាច​ពិបាក តែ​មួយ​រយៈ​ខ្លី គឺ​ទម្លាប់​ហើយ ហើយ​ខ្ញុំ​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ដែរ។ យូរ​ហើយ​ខ្ញុំ​ឌុប​ម៉ូយ​ទៅ​ពេទ្យ​លោក​សង្ឃ។ កាល​ណោះ​ខ្ញុំ​ត្រូវ​ម៉ូតូ​កង់​បី​កៀប​សង​ខាង​ហើយ​ប៉ះ​ដៃ​ម៉ូតូ​ដែល​ខ្ញុំ​កាន់​ក្ដោប​ខាង​ចុង។ពេល​ប៉ះ គ្រាន់​តែ​ធ្វើ​ឲ្យ​រេ​ពី​ឆ្វេង​មក​ប៉ះ​ស្ដាំ ស្ដាំ​ទៅ​ឆ្វេង តែ​អត់​ដួល​ទេ បើ​មិន​កាន់​អីចឹង​ខ្ញុំ​ជឿ​ថា​កាល​ណោះ​ខ្ញុំ​ត្រូវ​បោក​ដួល​លើ​ថ្នល់​មិន​ខាន”។
២.កុំ​ជិះ​ចំ​ពាក់​កណ្ដាល​ពី​ក្រោយ​រថយន្ត៖ រថយន្ត​មាន​កង់​៤ ដូច្នេះ​អ្នក​បើក​បរ​រមែង​បើក​យ៉ាង​ណា​អោយ​ជង្ហុក​ស្ថិត​នៅ​ចំ​ប្រលោះ​កណ្ដាល​នៃ​កង់​ទាំង​សង្ខាង។ ដូច្នេះ​បើ​យើង​ជិះ​ចំ​ពី​ក្រោយ និង​ពាក់​កណ្ដាល​រថយន្ត​ហើយ​កៀក​ទៀត យើង​នឹង​ធ្លាក់​ជង្ហុក​នោះ​ក្រោយ​ឡាន​ទៅ​ផុត​ដែល​អាច​អោយ​យើង​ដួល​ម៉ូតូ និង​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ប្រសិន​បើ​មាន​រថយន្ត​មក​ពី​ក្រោយ។

 

ជា ចាន់ណា ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​បាន​រៀបរាប់​ថា “យូរ​ដែរ គឺ​ប្រមាណ​២​ឆ្នាំ​ហើយ កាល​ណោះ ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ស្រុក ហើយ​ជិះ​ពី​ក្រោយ​ចំ​ពាក់​កណ្ដាល​តាក់ស៊ី​មួយ​គ្រឿង និង​ចម្ងាយ​ប្រមាណ​ជា​២​ម៉ែត្រ។ ស្រាប់​តែ​ធ្លាក់​ជង្ហុក​ពី​ក្រោយ​តាក់ស៊ី​នោះ ធ្វើ​ខ្ញុំ​កាច់​ក​ម៉ូតូ​លើ​ផ្លូវ ហើយ​បាក់​ដៃ​ឆ្វេង។ ពេល​នោះ​បើ​មាន​ឡាន​មក​ពី​ក្រោយ ខ្ញុំ​ប្រហែល​ចប់​បាត់​ហើយ”។

 

៣.កុំ​ជិះ​ម៉ូតូ​ហាល​ភ្លៀង៖ ឆ ពិសិដ្ឋ បុគ្គលិក​ក្រុមហ៊ុន​លក់​ថ្នាំ​ពេទ្យ​មួយ បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ការ​ជិះ​ម៉ូតូ​កាត់​ភ្លៀង​មាន​ហានិភ័យ​ច្រើន ក្នុង​នោះ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ចោរកម្ម​ទៀត។

 

គន្លឹះ​ងាយ​ៗ​យើង​គិត​មិន​ដល់ តែ​​ជួយ​ឲ្យ​យើង​កាន់​តែ​សុវត្ថិភាព​លើ​ដង​ផ្លូវ

 

លោក ថ្លែង​ថា “ពេល​ភ្លៀង​ពេល​ខ្លះ ឡាន​បើក​លឿន​ៗ​ណាស់ អីចឹង​ពេល​ជួប​ឧបសគ្គ​ចាប់​ហ្រ្វាំង​អត់​ស៊ី​ទេ ជួន​ពិបាក​មើល​គ្នា​ទៀត។ មួយ​ទៀត គឺ​អាច​ប្រឈម​នឹង​ចោរ ខ្ញុំ​ចង់​និយាយ​ថា យក​ល្អ​ពេល​ភ្លៀង​ចៀស​បាន​កុំ​ធ្វើ​ដំណើរ ពេល​ធ្វើ​ដំណើរ​ផ្លូវ​ខ្លះ​ស្ងាត់ ព្រោះ​គេ​ចូល​ជ្រក ឬ​ចូល​ផ្ទះ​អស់ ចៃដន្យ​អាក្រក់​មាន​ករណី​ប្លន់​អី អត់​មាន​នរណា​ជួយ​ទេ។ មួយ​វិញ​ទៀត បើ​យើង​ឈប់​ជ្រក​ភ្លៀង កន្លែង​ណា​ស្ងាត់​ក៏​អាច​មាន​រឿង​ដូច​គ្នា និង​គ្មាន​នរណា​ដឹង ថ្លង់​ស្នូរ​ទឹក​ភ្លៀង​ស្រែក​មិន​លឺ​ឡើយ”។

 

៤.ចៀស​បាន​កុំ​បត់​ប្រថុចញ៉ុច​ពី​មុខ​គេ៖ ករណី​នេះ​ចែក​រំលែក​ដោយ​គ្រូ​បង្រៀន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

 

លោក​គ្រូ​វិទ្យាល័យ​រូប​នេះ​ថ្លែង​ថា “ខ្ញុំ​ជួប​តែ​ញយ ជួន​អ្នក​មក​ពី​មុខ​មក​ដល់​បត់​ចូល​ផ្ទះ ឬ​ផ្លូវ​កាត់​ពី​មុខ​យើង​ភ្លាម អត់​ចាំ​ឲ្យ​យើង​ទៅ​ផុត​សិន​អី​ទេ។ ពេល​ខ្លះ អ្នក​មក​ពី​ក្រោយ​ក៏​អីចឹង​ដែរ បើក​វ៉ា​យើង​បន្តិច ហើយ​បត់​កាត់​មុខ​យើង​ភ្លាម​តែ​ម្ដង ចុះ​មិន​ចាំ​យើង​ទៅ​ផុត​បន្តិច​ហើយ​បត់​ពី​ក្រោយ​យើង​ទៅ។ គ្រោះ​ថ្នាក់​ណាស់​ណា ជួន​ចាប់​ហ្វ្រាំង​មិន​ទាន់​បុក​គ្នា​ក៏​មាន ហើយ​បើ​ជាន់​ហ្វ្រាំង​មិនទាន់ ជួន​មើល​មុខ​គ្នា​ចុះ​ឡើង អាច​ឈ្លោះ​គ្នា​ទៀត។ ចាំ​តែ​បន្តិច​គេ​ទៅ​ផុត បត់​ទៅ មាន​ទៅ​ខាត​ប៉ុន្មាន​ម៉ោង!”៕

 

ប្រិយមិត្ត…ប្រិយមិត្ត​គិត​ថា​ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធភាព​ទេ?

 

អត្ថបទ៖ ទារិកា