ផឹក​ស្រវឹង​ទៅ​ដក​ក្រអៅឈូក ដួល​ឈ្លក់ទឹក​ស្លាប់ សមត្ថកិច្ច​សង្ស័យ​ខ្យល់គរ

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​ដួល​ផ្កាប់មុខ​ក្នុង​ទឹកដែល​សង្ស័យ​ថា ដោយសារ​ខ្យល់គរ ខណៈ​ពេល​ទៅ​ដក​ក្រអៅឈូក​នៅ​ក្នុង​ត្រពាំង។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០ ​កញ្ញា​ ២០១៥ នៅ​ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី​ជើង ស្រុក​ជល​គិរី ​។

សមត្ថកិច្ច​ស្រុក​ជល​គិរី បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ​ជី​ម ចក់ អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ និង​កូនប្រុស​ម្នាក់ អាយុ​១២​ឆ្នាំ បាន​នាំ​គ្នា​ទៅ​ដក​ក្រអៅឈូក​នៅ​ក្នុង​ត្រពាំង​ស្រងែ​ខ្ពស់ ដែល​មានទឹក​ត្រឹម​ជង្គង់ ហើយ​កូន​បាន​ចុះ​ទៅ​ដក​ឆ្ងាយ​ពី​កន្លែង​ឪពុក​ដក ។ នៅ​ពេល​ដែល​ដក​ក្រអៅឈូក​បាន​ជាង​កន្លះ​ម៉ោង ក្រឡេក​ទៅ​រក​ឪពុក​មិនឃើញ កូនប្រុស​បាន​ដើរមក​រក​ដល់​កន្លែង​ឪពុក​ដក​ក្រអៅឈូក​ក៍​ឃើញ​ឪពុក​បាន​ដួល​ផ្កាប់មុខ​ឈ្លក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ហើយ​បាន​ហៅ​អ្នក​ភូមិ​និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះមកពិនិត្យ​សាកសព ។

ក្រោយ​ពី​និត្យ​សព​ជន​រង​គ្រោះ​ហើយ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​អាច​ខ្យល់គរ ដួល​ចូល​ក្នុង​ទឹក​ឈ្លក់​ស្លាប់​តែ​ម្តង ព្រោះ​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នេះ​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​នេះ​ជា​មនុស្ស​ដែល​ញៀន​ស្រា​ខ្លាំង​ណាស់ ហើយ​មុន​នឹង​ទៅ​ដក​ក្រអៅឈូក​ គឺ​បាន​ផឹក​ឡើង​ស្រវឹង​ទៅ​ហើយ៕
                                                                                                                          ​