រដ្ឋមន្ត្រី​អប់រំ​៖លទ្ធផល​ផ្លូវការ​របស់​បេក្ខជន​ប្រឡង​ធ្លាក់​បាក់ឌុប​ដែលតវ៉ា​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី១២ តុលា​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ លោកហង់​ ជួនណារ៉ុន​ បាន​ប្រកាសថា ​លទ្ធផល​ចំពោះ​អ្នកតវ៉ា​លទ្ធផល​ប្រលង​បាក់ឌុប​កាលពី​សម័យប្រលង​២៤ ២៥ សីហា​ ឆ្នាំ២០១៥នេះ​ នឹងត្រូវ​ប្រកាសជា​ផ្លូវការ ​នៅថ្ងៃទី​១២ ​ខែតុលា​ខាង​មុខនេះ។ ​

សូម​បញ្ជាក់ថា ​ក្នុងចំណោម​បេក្ខជនជាង ​៣៦.៧៦៥ នាក់ ​ដែល​បានប្រឡង​ធ្លាក់បាក់​ឌុបនៅឆ្នាំនេះ​ គឺមាន​តែបេក្ខ​ជនជាង​១០០នាក់​ប៉ុណ្ណោះ ​ដែល​បានមកដាក់​ពាក្យប្តឹង​នៅក្រសួង​អប់រំ ​ដោយស្នើ​សុំឲ្យក្រសួង​ ពិនិត្យ​អត្រា​កំណែ​ឡើងវិញ។ ​
រដ្ឋមន្ត្រី​អប់រំ​៖លទ្ធផល​ផ្លូវការ​របស់​បេក្ខជន​ប្រឡង​ធ្លាក់​បាក់ឌុប​ដែលតវ៉ា​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី១២ តុលា​

ចំពោះ​ដំណើរ​ការនៃ​ការតវ៉ា​របស់​សិស្ស​ ដែល​ប្រឡងធ្លាក់​បាក់ឌុប ​ឆ្នាំ២០១៥ ​នេះ​ ត្រូវបាន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និងកីឡា​ ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃពុធ​កន្លងទៅ​ នៅ​សណ្ឋាគារ​សាន់វេ ​ថា នៅពេល​នេះ​ ក្រសួង​អប់រំ​កំពុង​ធ្វើការ​ ដើម្បី​ជ្រើស​រើស​ យកមក​ត្រួត​ពិនិត្យ ​ពីព្រោះថា ​ក្រសួង​មិន​អាចយក​ទាំងអស់​បានទេ​ ដែល​មានជាង​១០០នាក់។​

បើតាម​លោកហង់ ​ជួនណារ៉ុន ​គឺក្រសួង​បាន​ជ្រើសរើស ​យកតែ​សំណូម​ពរណា​ដែល​មានសភាព​ជាក់ស្តែង​ មាន​ហេតុផល​ បើគាត់​ថា ខ្ញុំ​ ហើយសួរ​ថា​ ហេតុអ្វី​បានជា​ខ្ញុំប្រឡង​ធ្លាក់ ​អានឹង​ក៏ពិបាក​ដែរណា​ ប៉ុន្តែបើ​សិនជាថា​ គាត់ពូកែ ​តែបែរ​ជាធ្លាក់ ​ហើយ​គាត់​មានការ​បញ្ជាក់ថា ​គាត់មាន​ស្អីៗ​អីចឹង ​ក្រុម​ការងារ​របស់​ក្រសួង​អប់រំ​នឹង​ពិនិត្យ​មើល​។ នៅពេល​នេះ ​ក្រុម​ការងារ​របស់​ក្រសួង​កំពុង​តែពិនិត្យ​មើល​ រហូត​ដល់​ថ្ងៃទី​១២​ ខែតុលា​ នឹងចប់​ ពេល​នោះក្រសួង ​នឹងប្រកាសលទ្ធផល។​

គួររម្លឹក​ថា​ ឆ្នាំនេះ​ជាឆ្នាំ​ទី១​ហើយ​ ដែល​ក្រសួង​អប់រំ​បានប្រកាស​ឲ្យបេក្ខជន​ប្រលង​បាក់​ឌុបណា​ដែល​មិនពេញចិត្ត​ចំពោះ​លទ្ធផល​បាក់ឌុប​របស់​ខ្លួនអាច​មាន​សិទ្ធិប្ដឹង​តវ៉ាជំទាស់​នូវលទ្ធផល​របស់​ខ្លួន​បាន ​ខណៈ​ដែល​សម័យ​កាលនៃ​ការរឹត​បន្ដឹង​បាក់ឌុប​បានធ្វើ​ឲ្យសិស្សានុ​សិស្ស​ទាំងអស់​ខិតខំរៀន​កាន់តែ​ខ្លាំង​ ប៉ុន្ដែ ​អត្រានៃ​អ្នកធ្លាក់​បាក់ឌុប​នៅតែ​មាន​ចំនួន​ច្រើន​បើធៀប​ទៅនឹង​មុនសម័យ​ដែល​លោកហង់​ ជួនណារ៉ុន​មិនទាន់​ធ្វើជារដ្ឋ​មន្ត្រីអប់រំ​។ ក្រោយ​បើ​ប្រកាស​ឲ្យប្ដឹង​តវ៉ាចំ​ពោះ​លទ្ធផល​បាក់​ឌុបនេះ​ ក្រសួង​អប់រំ ​យុវជន​ និងកីឡា ​បានទទួល​ពាក្យ​ប្តឹង​ ពីបេក្ខជន​ប្រឡង​ធ្លាក់​បាក់ឌុប​ និងអាណាព្យា​បាល​ ជាង ​១០០ នាក់​ ក្នុងចំណោម​បេក្ខជន​ ៣៦.៧៦៥ នាក់ ​ដែល​បានប្រឡង​ធ្លាក់បាក់ឌុប។​ ពាក្យបណ្តឹង​ទាំងជាង ១០០ នាក់​នោះ​ បាន​ស្នើសុំឲ្យ​ក្រសួង​អប់រំ ​ពិនិត្យ​អត្រា​កំណែ​ឡើងវិញ។​

ក្រសួង ​អប់រំ ​យុវជន​ និងកីឡា​ មានគណៈ​កម្មការ​ពិនិត្យ ​និង​អង្កេត​អត្រាកំណែ​នោះ​ ក៏ប៉ុ​ន្តែអត្រា​កំណែ​ទាំងឡាយ​ ត្រូវ​បានរដ្ឋមន្ត្រី​ក្រសួង​អប់រំយុវជន​ និងកីឡា ​ពុំអាច​ប្រគល់​ឲ្យទៅបេក្ខជន ​ដើម្បីពិនិត្យ​ និងផ្ទៀង​ផ្ទាត់​បានឡើយ​។ ក្រសួងអប់រំ​ បានលើក​ឡើងថា​ បេក្ខជន​ មាតាបិតា​ អ្នកអាណាព្យា​បាល​ ឬអ្នក​ពាក់ព័ន្ធ​ ដែល​មិនពេញចិត្ត​នឹង ​លទ្ធផល​នៃការ​ប្រឡង ​មាន​សិទ្ធិប្ដឹងតវ៉ា ក្នុង​រយៈពេល​ ៣០ (សាមសិប) ​ថ្ងៃ ​ចាប់ពី​ថ្ងៃប្រកាស​លទ្ធផល​ប្រឡង​។ អ្នកប្ដឹង​តវ៉ា ​ត្រូវសរសេរ​ជាលាយ​លក្ខណ៍​អក្សរត្រឹមត្រូវ​ មានភស្តុ​តាង​ មានឈ្មោះ ​មុខរបរ​ អាសយ​ដ្ឋាន​ច្បាស់លាស់​ និងមាន​ការទទួល​ខុស​ត្រូវចំពោះ​មុខច្បាប់​ជាធរមាន​ ចាប់ពី​ថ្ងៃប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​ កាលពី​ថ្ងៃទី១២ ​ខែកញ្ញា​ ឆ្នាំ២០១៥៕​

អត្ថបទ វ៉ាន វណ្ណរ៉ា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​