កំហុសឆ្គង​អ្វីខ្លះ ដែលនាំឲ្យធ្លាក់ខ្លួន​ទៅជា​ប្រេត ?

ភ្នំពេញ: តាំងពី​បុរាណកាល​មក រហូតដល់​សម័យ​ក្រោយៗ​ទៀត ហើយ​សូម្បីតែ​នៅ​សម័យ​ទំនើប​នេះ​ក្តី ក៏​ពុទ្ធសាសនិក​ខ្មែរ នៅតែ​ជឿ​លើ​បុណ្យ​បាប កម្ម​ពៀរ​វេរា​។ ដោយសារតែ កំហុសឆ្គង នៃ​អំពើអាក្រក់ កាច​សាហាវ អធម៌ ដែល​ខ្លួន​បាន​សាង ទើប​ពេល​ទទួល​មរណកាល បានក្លាយ​ទៅជា​ប្រេត អា​សុរ​កាយ​។​

​តាម​ចាស់ៗ​បុរាណ គេ​ចែក​ប្រេត ទាំងនោះ​ជា​១២​ពួក ដោយមាន​ឈ្មោះ​ខុសៗ​គ្នា​។ យោងតាម​ជំនឿ និង​ការរៀបរាប់ តំណាល​តៗ​មក ការតាំង​ឈ្មោះ​ប្រេត​ទាំងនោះ គឺ​អាស្រ័យ​មកពី​អំពើ​បាបកម្ម ដែល​ខ្លួន​បាន​សាង ពី​ជាតិ​មុន​មក​។ ម្យ៉ាងវិញទៀត ប្រេត​ខ្លះ ក៏មាន​រូប​សញ្ញា​ផ្ទាល់​របស់ខ្លួន​ដែរ​។​

​ចំពោះ​ប្រេត​អសុរកាយ មាន ១២​ពួក​គឺ ៖

- ប្រេត​ទី​១. ឈ្មោះ​វ​ន្តា​សា ប្រេត​នេះ មាន​ភ្នែក​ក្រ​លូ​ង មានមុខ​ក្រញូវ ដុះ​រោម​ច្រើន​ស្រ​ម៉ូ​វ មាត់​វៀច​កំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធុំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ព​ស់ជ​ង្គ្រោ​ង ស្គម​ដូច​កុកគ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ មិនដែល​ស្គាល់​បាយ ស៊ី​តែ​កំហាក ដែល​ស្តោះ​ចេញពី​មាត់​គេ​។ ចំពោះ​ប្រេត​ទាំងនេះ មកពី​មិនបាន​ធ្វើបុណ្យ ដោយ​ចិត្ត​ជ្រះថ្លា ស្តោះដាក់​អាហារ​ឲ្យ​អ្នកមាន​សីល​ខ្ពស់​។​

- ប្រេត​ទី​២. ឈ្មោះ​កុណ​បា គឺមាន​ពោះ​ធ្លាក់​ត្រ​យោក មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រឡោក ចង្កា​យា​ស្តោក ធ្មេញ​ធំ​ប៉ុន​ដប សក់វែង​អូស​ដី ច្រមុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប​។ ធុំក្លិន​ខ្លួន​ស្អុយ​អសោច ស៊ី​តែ​សព​ខ្មោច​។ ប្រេត​នេះ អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះ​ឈាម​នៃ​សាកសព​ខ្មោច ឥត​បាន​ប្រយោជន៍​ទេ បើ​ស៊ី​ណាស់ កាន់តែ​ឃ្លាន​ណាស់ ព្រោះ​មាន​ផលកម្ម​ចាស់ ដែល​ខ្លួន​បាន​សាង​ឡើង​។​

- ប្រេត​ទី​៣. ឈ្មោះ​គូ​ថៈ ប្រេត​នេះ ភ្នែក​រិល​ទទឹង មាត់​ខើច​សំញេញ ដុះ​រោម​ជិតឈឹង ច្រមុះ​ត្រង់ភ្លឹង ក​ខ្លី​ដូច​ហ៊ីង​។ ក្បាល​ធំ​ក្រ​មាង សក់​ដុះ​ខាងៗ កណ្តាល​រលីង ត្រចៀក​កំប៉ិត ពោះធំ​កំភ្លឹង រូបរាង​ស្គមកំព្រឹង ស៊ី​តែ​លាមក ក្លិនស្អុយ​ខ្មោះៗ សាច់​ស្រែង​កក្រោះ ដៃជើង​ធំ​ស្ច​ក់ ខំ​ដើរ​ស្កាត់រក​គំនរ​លាមក​មក​ធ្វើ​ចំណី​។ ចំពោះ​ប្រេត​នេះ គឺ​រស់នៅ​របៀបនេះ រាប់រយ​កោដិ​ឆ្នាំ រស់​ដោយ​ផលកម្ម គឺ​ពៀរ​វេរា​ពី​ជាតិ​មុន ជា​ជនពាល​អត់​មាន​សទ្ធា កោងកាច​អប្រិយ​។​

- ប្រេត​ទី​៤. ឈ្មោះ​អគ្គី​ជាល មាន​ភ្លឺ​ង​ឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ភ្នែក​ហើម​លៀន ភ្លើង​ឆេះ​រន្ធ​មាត់ មាន​ដំបៅ​ខ្លាំង​ស្រែកយំ គគ្រក់ ហុយផ្សែង ព័ន្ធ​ព័ទ្ធ​សាច់​ស្បែក​ឡើង​រលួយ ភ្លើង​ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ។ ពួក​ប្រេត​នេះ គឺ​ចង្រៃ ព្រោះ​មានកម្ម​សាង​ពី​ជាតិ​មុន គឺជា​មនុស្ស​ប៉ោឡែ លេង​នឹង​ព្រះសង្ឃ បញ្ឆោត​លេង​សប្បាយ​។ ប្រេត​នេះ ច្រើនតែ​រស់នៅ​ដងព្រៃ​ជ្រៅ ញក​បព្វ​តា ក្បែរ​មាត់សមុទ្រ លើ​ដុំ​សិលា ស្រេកឃ្លាន​អាហារ ស្រេកទឹក​ពុំ​អាច​ឆី​ចំណី​បាន​។​

- ប្រេត​ទី​៥. ឈ្មោះ សុចិ មុខមាត់​ស្រួច​ដូច​ម្ជុល ក្បាល​ធំ​ត្រមែង រន្ធ​មាត់​ប៉ុន​រន្ធ​ក្តិត​ម្ជុល ដៃជើង​ធំ​បែក រាង​ទុល​មុ​ល ធំ​ប៉ុន​ភ្នំ ភ្នែក​លៀន​ក្រ​ឡោក ក្រចកដៃ​សោត ស្រែង​ស៊ី​សុះ​ដុំ ដុះ​វែង​ក្រាស ចោទ​ដូច​ជើងភ្នំ សក់​ក្បាល​ពុកមាត់ ពុកចង្កា​ដុះ​ដូច​ព្រឹក្សា​។ ពួក​ប្រេត​នេះ ច្រើន​រស់នៅ​បព្វ​តា​ព្រៃ​ជ្រៅ ភ្នំ​គិ​ជ្ឈ​កូដ ហើយ​ប្រេត​នេះ ស្រេកឃ្លាន​អាហារ​ចាក់ទឹក​មិន​ចូល ញាត់​បាយ​មិន​ទៅ ចេះតែ​រស់នៅ​ដោយ ផលកម្ម​ដែល​ខ្លួន​បាន​សាង​។ កាលពី​ជាតិ​មុន មិនបាន​ធ្វើបុណ្យ មានទ្រព្យ​ច្រើន តែ​ចិត្ត​កំណាញ់ មិន​ដាក់​ទាន ឲ្យ​អ្នកក្រខ្សត់ សូម្បីតែ​មាតាបិតា ក៏​មិន​ឲ្យ​លោក​ពិសា​គ្រប់​ដែរ​។​

- ប្រេត​ទី​៦. ឈ្មោះ​ក​ណ្ហ​ជិ មាន​រូបរាង​ធំ​ខ្ពស់​ពេញចិត្ត ដៃជើង​ធំៗ ខ្លួន​ធំ​ដូច​យក្ស​សាច់ ពព្លាក់​ពពាល ឡើងចាង កវែង ក្បាល​ផ្អៀង ភ្នែក​ស្រលៀង ច្រមុះ​ធំ​ខ្លី រោម​ដុះ​ស្រ​មាង ដៃជើង​ក្រញាង ធ្មេញ​សំញេញ បបូរមាត់​ស្ពែះ យា​ធ្លាក់​សំយែះ ពោះ​ប៉ោង​ក្រអាញ ធំ​វែង​ដូច​ភ្នំ សាច់​ស្បែក​ស្ពោត​សាញ ដុះ​ស្លែ​ស្រមាញ​។ ប្រេត​នេះ ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ ដាច់​ពី​គេឯង ហើយ​ស្រេកឃ្លាន​អាហារ ព្រោះ​ស៊ី​មិនបាន ស្រេកទឹក​ខ្លាំងណាស់ ឃើញ​បឹង​ស្រះ ស្ទុះ​ទៅរក ប៉ុន្តែ​បានប្រែក្លាយ ទៅជា​គ្រួស​ថ្ម​ទៅវិញ​។​

- ប្រេត​ទី​៧. ឈ្មោះ និ​ជ្ឈា មាន​រូបរាងកាយ​គ្រាំគ្រា គ្មាន​ពេល​ស្បើយ​ទេ ប្រេត​នេះ គឺមាន​កម្មក្រាស់​ណាស់ បើ​មាន​ចំណី គឺ​ពុំ​អាច​ស៊ី​បានទេ គឺ​មាត់​ដុះ​កន្ទុយ ចំពោះ​រូបរាង​វិញ គឺ​រូបរាង​អាក្រក់ ពោះ​ប៉ោង​កំប៉ិត ផ្ចិត​ទុល​លៀន ស្អុយ ច្រមុះ​កញ្ឆា​ត ភ្នែក​ដូច​ទីទុយ ដុះ​រោម​ច្រើន មាត់​ស្អុយ​ខ្មូរ​ខ្មោះ សាច់​ខ្មៅក្រងិត រាង​ខ្ពស់​ស្គម​ស្វិត ដៃជើង​ក្រោះ ម្រាមដៃ​ដុះ​ចង្កា​។ ត្រចៀក​បាក់​ធ្លាក់ យា​ដាប​ដល់​ស្មា សក់​ក្បាល​វែង​ស្កា អាក្រក់​ពេក​ក្រៃ​។ ប្រេត​នេះ ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ ឆ្ងាយ​ដាច់​ពី​គេ ឬ​នៅលើ​កោះ​តែម្នាក់ឯង ព្រោះ​ខ្លួន​ចង្រៃ ប្រព្រឹត្ត​តក់​ម៉ក់ ពេល​ឃើញ សាម​ណៈ ឬ ស្មូម​យាចក ប្រើពាក្យ​អាក្រក់ ជេរ​ស្តី​ឲ្យ​លោក និយាយ​ពាក្យចាក់ដោត​ឡកឡឺយ បញ្ឆោត​អ្នកមាន​សីល ឲ្យ​អាប់​កិត្តិយស​។

- ប្រេត​ទី​៨. ឈ្មោះ សព្វ​ង្កា មាន​ដំបៅ​ពេញ​រាងកាយ ក្នុង​សាច់​សុទ្ធតែ​ពងរុយ មាន​ខ្ទុះ​ពាសពេញ​ខ្លួនប្រាណ ក្លិនស្អុយ​គគ្រុក ភ្នែក​ធំ​លៀន ច្រមុះ​ធំ​វែង ពោះ​ធ្លាក់​ទ្រយុក ស្រែកថ្ងូរ​រង​ទុក្ខ ដោយមាន​សេចក្តីស្រេកឃ្លាន ខំ​យកដៃ​ខ្វារ ពាសពេញ​ប្រាណ ក្រចក​វែង​មុត ខ្វេះ​ហែក​សាច់​បាន​គឺ​សាច់​ខ្លួនឯង យកមក​ស៊ី​ជា​អាហារ ប៉ុន្តែ​បើ​ស៊ី​ណាស់ រឹតតែ​ឃ្លាន ព្រោះ​វា​មានកម្ម​ក្រាស់​ណាស់​។ នៅក្នុង​ព្រៃ​ជៅ​លើ​កោះ ក៏មាន​ច្រើនណាស់ គ​គោក​រាប់ម៉ឺន​សែន​លាន កាលពី​ជាតិ​មុន អត់​បានធ្វើ​បុណ្យ មានចិត្ត​កាច​។ ប្រេត​នេះ ច្រើន​រស់នៅ ឫស្យា ហាម​ប្រកែក​ជាមួយ​ម៉ែឪ ព្រមទាំង​វាយ​គាត់ ប្រើពាក្យ​ប្រមាថ​ជីដូន​ជីតា ឬ ញាតិសន្តាន បំភ្លេច​គុណ​គេ បែរជា​ឲ្យ​ទោស​គេ​ទៅវិញ​។​

- ប្រេត​ទី​៩. ឈ្មោះ បព្វ​ង្កា មាន​ដៃខ្លី​ជើង​ខ្លី ខ្លួន​វែង​ជ្រងក់ ធំ​ខ្ពស់ ដូច​ភ្នំ ក្បាល​តូច ក​ខ្លី សាច់​រឹង​ដូច​ដំរី ចំពោះ​ខ្លួនប្រាណ​វិញ គឺមាន​ភ្លើង​ឆេះ​រងំ ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ដូច​ភ្លើង​ឆេះ​ភ្នំ ស្រេកឃ្លាន​អាហារ រាប់​កោដិ​ឆ្នាំ ឃ្លាន​ឥតមាន​ស្រាក តែ​មិន​ស្លាប់ ព្រោះ​បានធ្វើ​បាបកម្ម​ច្រើន និង​ទ្រាំ​រស់នៅ​បែប​ប​នេះ រាប់រយឆ្នាំ​ទៀត លុះ​អស់កម្ម​ពៀរ​។ ប្រេត​នេះ ច្រើន​រស់នៅក្នុង​ដងព្រៃ​ជ្រៅ នា​ហេមពាន្ត ភ្នំ​គិ​ជ្ឈ​កូដ កាលពី​ជាតិ​មុន គឺ​មនុស្ស​ទុរជន មានចិត្ត​រឹងរូស ចងគំនុំ ឈ្លោះប្រកែក និង​តាម​ព្យាបាទ​គេឯង ឥត​កោតក្រែង អំពើអាក្រក់ ដែល​ខ្លួន​បាន​សាង​។​

- ប្រេត​ទី​១០. ឈ្មោះ អ​ជត​រៈ មាន​ក្បាល​ច្រើន ប្រភេទ​ដូចជា ពស់ថ្លាន់ សត្វ​ខ្លា ជា​ឆ្មា គោ ក្របី ប្រេត​នេះ ចម្លែក​មាន​រូបរាង​ប្លែក​ខុស​ប្រក្រតី ខ្លួន​ជា​ពស់ថ្លាន់ ធំ​វៀន​លើដី ធំ​វែង​ដូច​ភ្នំ​។ ភ្លើង​ឆេះ​ព័ទ្ធ​រុំ ទាំងយប់​ទាំង​ថ្ងៃ ស្រេកឃ្លាន​អាហារ គ្រប់ពេលវេលា ចេះតែ​ថ្ងូរ​ស្រែក ទុក្ខ​ខ្លាំងពេក​ក្រៃ​។ ប្រេត​នេះ ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ ឬ បុព្វ​តា ក្បែរ​សមុទ្រ លើ​ដុំ​សិលា​។ ប្រេត​នេះ ពី​ជាតិ​មុន មិនបាន​ធ្វើបុណ្យ ប្រព្រឹត្ត​ប៉ោឡែ មិន​ខ្លាច​ម៉ែ ឪ ជីដូន ជីតា ជេរ​អ្នកមានគុណ​ថា ឆ្កែ​ជា​ឆ្មា​។ ចំពោះ​ព្រះសង្ឃ ក៏​មិន​ខ្លាច ប្រើពាក្យ​ប្រមាថ​ទៅទៀត ទើប​ធ្វើ​ឲ្យ​ប្រេត​នេះ មាន​ក្បាល​ច្រើនបែប​នេះឯង មាន​ភ្លើង​គ្រប់ពេលវេលា​បែបនេះ​។​

- ប្រេត​ទី​១១. ឈ្មោះ វេ​មា​និក មាន​រូប​ធំ​ទ្រមឹង រាង​ធាត់​ក្រអាញ ដុះ​រោម​ជិតឈឹង ពោះ​ប៉ោង​ត្រង់ភ្លឹង សម្បើម​អស្ចារ្យ ប៉ុន្តែ​សុខទុក្ខ​ស្ទើរ​គ្មាន​។ តាម​ធម្មតា​ដៃ​កាន់​អាវុធ ចិត្ត​កាច​ក្លៀវក្លា ប្រេត​នេះ គេ​ហៅថា យមរាជ ទៅ​កាប់​សត្វ​នរក ឈាម​ប្រឡាក់​ព្រាច ពី​ព្រឹក​ដល់​ល្ងាច អត់បាយ​អត់​ទឹក វាយ​សួរចម្លើយ កាត់ទោស​គ្រប់​នរក ត្រួតត្រា​លើ​គេ​ទាំងអស់​។ ពេលដែល​សោយសុខ គឺ​ក្លាយខ្លួន​ទៅជា​ទេវបុត្រ​ក​ម្លោះ មាន​រូបល្អ​ឥតខ្ចោះ នៅក្នុង​ឋានសួគ៌ ស្រី​ទេពអប្សរ ចោមរោម​សុំ​ស្នេហ៍ ដល់ពេល​សោយទុក្ខ កើតជា​ប្រេត​ចង្រៃ រងទុក្ខវេទនា ទាំងយប់​ទាំង​ថ្ងៃ ប្រេត​នេះ កាលពី​ជាតិ​មុន ជា​មនុស្ស​ស៊យ ប្រព្រឹត្តិ​លេលា បានធ្វើ​ទាន​ខ្លះ ធ្វើតាម​ទម្លាប់ គឺ​បុណ្យ​ក៏​ធ្វើ បាប​ក៏​ធ្វើ ក្នុងន័យ​ប្រមាថ ដូចនេះហើយ​ទើប​ផលកម្ម សង​ទាំងពី​បែបនេះ​។​

- ប្រេត​ទី​១២. ឈ្មោះ ម​ហិ​ទ្ធិ​កៈ រូបល្អ​ពេញទី ជា​ស្តេច​នៃ​ប្រេត អ្នកមាន​ឫទ្ធី​ល្អ ឥតមាន​ពីរ​ស្មើ រូប​ទេព្តា​មាន​គ្រឿង​ស្លៀកពាក់ ស្រស់ស្អាត​ពេក​ក្រៃ ទាស់​តែ​ស្រេកឃ្លាន​អាហារ អ្វីៗ​ត្រេកអរ​លើសលន់ ខំ​ស្ទុះ​ទៅ​ចាប់​ភ្លើង​ឆេះ​ពេកពន់ បើ​មិន​ដូច​នោះទេ ឃើញ​ហើយ​ខំ​ស្ទុះ ចាប់​កើប​ស្រវា​បានដាក់ ក្នុង​មាត់​លេប​ទៅ​កាលណា ស្រាប់តែ​ក្លាយជា​ដុំ​ដែក ក្រហមច្រាល ឆ្អៅ​ឆេះឆាប ក្នុង​មាត់​ស្រេកឃ្លាន​ណាស់ ព្រោះ​មានកម្ម​ច្រើន ក្លិនស្អុយ​អស្ចារ្យ ល្អ​តែ​រូប​កាយ​។ ប្រេត​នេះ កាលពី​ជាតិ​មុន បួស​ក្នុង​សាសនា ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែ​បាយ ប្រព្រឹត្ត​អាក្រក់ ធ្វើ​មិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់​លាភ​សាសនា​វិន័យ សិក្ខា​មិន​ប្រតិបត្តិ​។​

​ដូច្នេះហើយ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រារព្ធ ជា​រៀងរាល់ឆ្នាំ ក្នុង​វត្ត​អារាម​នានា ទូទាំងប្រទេស​កម្ពុជា ពុទ្ធបរិស័ទ​ខ្មែរ រមែង​តែង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ នៅពេល​ព្រឹក ឬ ថ្ងៃត្រង់ ដើម្បី​បង្សុកូល​ឧទ្ទិស បុណ្យ​កុសល ទៅដល់​ញាតិ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​។ ភ្ជុំបិណ្ឌ​នេះ​មាន​រយៈពេល ១៥​ថ្ងៃ ចាប់តាំងពី​ថ្ងៃ ១​រោច (​បិណ្ឌ​១) ទៅដល់​ថ្ងៃ​១៥​រោច ដាច់​ខែភទ្របទ​។ នៅក្នុង​ឆ្នាំ​២០១៥​នេះ ពិធី​កាន់បិណ្ឌ គឺ​ចាប់ផ្តើម កាលពី​ថ្ងៃទី​២៨ ខែកញ្ញា រហូតដល់​ថ្ងៃទី​១២ ខែតុលា ដែលជា​ថ្ងៃ​ភ្ជុំ​ធំ​។​

​ក្នុង​មួយឆ្នាំ មានតែ​រយៈកាល​នេះ​ទេ ដែល​យមរាជ​ដោះលែង​ពួក​ប្រេត​ម្តង ដើម្បី​ទទួល​នូវ​ចំណីអាហារ​។ ប៉ុន្តែ​សម្រាប់​ពុទ្ធសាសនិកជន​ខ្លះ ដែល​ខ្លាច​ញាតិសន្តាន​របស់ខ្លួន បានក្លាយ​ទៅជា​ប្រេត ដោយ​អំពើ​បាបកម្ម​គ្រប់​ប្រភេទ ដែល​បានធ្វើ​ពី​ជាតិ​មុន នោះ​ពួកគេ ក៏​យក​អាហារ​ទៅ​វេរ​ឲ្យ​ពួក​អា​សុរ​កាយ​ទាំងនោះ តាមរយៈ​អាចារ្យវត្ត​ថែមទៀត ។​

​តាម​ទំនៀមទម្លាប់ ប្រពៃណី​របស់​ប្រជាជន​ខ្មែរ ដើម្បី​ម្ហូបអាហារ ទៅដល់​ពួក​ប្រេត គេ​ក្រោក​ឡើង នៅ​ម៉ោង ៤​ភ្លឺ ដាំបាយ​ដំណើប លាយ​ជាមួយ​ល្ង ហើយ​ពូត​ជា​ដុំៗ ដាក់​ក្នុង​ចាន ដោយ​ដាក់​ទឹកជា​មួយ​ផង រួច​កាន់​តាម​ខ្លួន​ទៅ​វត្ត​។ ក្រោយពី​ជួបជុំគ្នា នៅមុខ​ព្រះវិហារ​រួច ក្រោម​ការណែនាំ​របស់​អា​ចា​រ្យ ពួកគេ​ក៏​ដើរ​ប្រទក្សិណ ជុំវិញ​ព្រះវិហារ ចំនួន​៣​ជុំ​។ បន្ទាប់មក ពួកគេ​ម្នាក់ៗ ក៏​យក​បាយដំណើប ផ្លែឈើ ដូចជា​ក្រូច ចេក មៀន និង​នំនែក ជាដើម ព្រមទាំង​ចាក់ទឹក​ក្រូច​បន្តិច នៅលើ​បាយដំណើប​ទាំងនោះ និង​ដោត ធូប​មួយ​ដើម ដើម្បី​ឧ​ទ្ទិ​ឲ្យ​ខ្មោច​ដូនតា​មក​ទទួល​សំណែន​ទាំងនោះ​៕V​/S

កំហុសឆ្គង​អ្វីខ្លះ ដែលនាំឲ្យធ្លាក់ខ្លួន​ទៅជា​ប្រេត ?
កំហុសឆ្គង​អ្វីខ្លះ ដែលនាំឲ្យធ្លាក់ខ្លួន​ទៅជា​ប្រេត ?