ភាគី​ថៅកែ​រោងចក្រ នៅ​រឹង​ជំហរ រីឯ​សហជីព​ខ្លះ ចង់​បញ្ចុះ​ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​

ភ្នំពេញ: កិច្ចប្រជុំ​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ រវាង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី  គឺ​ភាគី​និយោជក ជា​ថៅកែ​រោងចក្រ​កាត់ដេរ ភាគី​រដ្ឋាភិបាល និង​ភាគី​សហជីព​កម្មករ មកដល់​ថ្ងៃទី​២ ខែតុលា​នេះ ដែលជា​ថ្ងៃទី​៥​ហើយ​។ ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ នៅតែ​រឹង​ជំហរ​ដដែល ពោលគឺ​ថៅកែ​ព្រម​តម្លើង​ត្រឹមតែ ៥ ដុល្លារ ថែម​លើ​ប្រាក់ខែ​ចាស់​ប៉ុណ្ណោះ​។ រីឯ​ភាគី​សហជីព ក៏​មិនទាន់​ឯកភាព​រួម​ដែរ ដោយ​សហជីព​ខ្លះ ចង់​បញ្ចុះ​ការទាមទារ​ឡើង​ប្រាក់ខែ​កម្មករ ពី ៣៣% ចុះមក​ត្រឹម ២៦% លើ​ប្រាក់ខែ​ចាស់ ដែលមាន​ចំនួន ១២៨ ដុល្លារ​។

​ប៉ុន្តែ​សហជីព​មួយចំនួនទៀត ដូចជា សហជីព​កម្មករ​រប​ស់លោក​ស្រី យ៉ាង សោ​ភ័​ណ្ឌ ជាដើម នៅ​រក្សា​ជំហរ​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ១៦៨ ដុល្លារ គឺ​ឡើង ៣៣% ដដែល​។​

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ក្រុមការងារ​ត្រីភាគី នៅពេល​ព្រឹក​ថ្ងៃទី​១​តុលា​ម្សិលមិញ គឺជា​កិច្ចប្រជុំ​ត្រីភាគី តែ​ដោយ​មិនមាន​ជំហរ​រួម ទើប​នៅពេល​រសៀល ថ្ងៃទី​១​តុលា ជា​កិច្ចប្រជុំ​ផ្ទៃក្នុង​រវាង​ភាគី​និយោជក និង​កិច្ចប្រជុំ​ផ្ទៃក្នុង​រវាង​សហជីព ដើម្បី​ស្វែងរក​ជំហរ​រួម​។ កិច្ចប្រជុំ នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃទី​២​តុលា​នេះ បន្តទៀត​។​

​លោក ហេង សួរ បន្តថា កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី នៅពេលនេះ មិនទាន់​កំណត់ថា ចប់​នៅពេលណា​នៅឡើយ​ទេ ព្រោះ​នៅមាន​គំលាត​ពីគ្នា ក្នុងការ​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ ( ១៦៨ ដុល្លារ ) និង​ការយល់ព្រម​របស់​និយោជក ក្នុងការ​តម្លើង​ប្រាក់ខែ​នោះ ( ឡើង​ត្រឹម ៥ ដុល្លារ ថែម​លើ​ប្រាក់ខែ​ចាស់ ១២៨ ដុល្លារ )​។​

​យ៉ាងណាក៏ដោយ លោក ហេង សួរ បាន​បញ្ជាក់ថា កិច្ចពិភាក្សា​រវាង​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី នៅពេលនេះ មិន​តឹងតែង​ទេ ព្រោះ​កាលពី​ឆ្នាំទៅ ក្រុមការងារ​បាន​ចំណាយពេល ២ សប្តាហ៍ ក្នុង​ការចរចា ទើប​ឈានទៅដល់​តួលេខ​ប្រហាក់ប្រហែលគ្នា​។​

​ចំណែក​លោកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សហជីព​កម្មក​រ​មួយរូប ក្នុងចំណោម​សហជីព ១៤ រូប ដែល​ស្ថិតនៅក្នុង​ក្រុមការងារ​បច្ចេកទេស ភាគី​ខាង​សហជីព បាន​បញ្ជាក់ថា សហជីព​របស់​លោកស្រី នៅ​រក្សា​ជំហរ​ដដែល គឺ​ទាមទារ​ឡើង​ប្រាក់ខែ ១៦៨ ដុល្លារ ដោយ​សំអាង​លើ​កត្តាសេដ្ឋកិច្ច ដែល​កម្មករ​កាត់ដេរ ត្រូវ​ចំណាយ​លើ​ចំណីអាហារ ការ​ស្នាក់នៅ និង​ចិញ្ចឹម​គ្រួសារ ជាដើម​។​

​យ៉ាងណាក៏ដោយ ក្រុមការងារ​បច្ចេកទេស​ត្រីភាគី នឹង​បន្ត​កិច្ចប្រជុំ ដោយ​គ្មាន​កំណត់​ថ្ងៃ រហូតដល់​ស្វែងរក​ជំហរ​រួម ឬក៏​ទទួលបាន​តួលេខ​ប្រហាក់ប្រហែលគ្នា ទើប​បញ្ជូន​សំណើ​ឡើង​ប្រាក់ខែ​កម្មករ​នោះ ទៅកាន់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែលជា​យន្តការ​ត្រីភាគី ដឹកនាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រជុំ​សម្រេច​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​២​តុលា​នេះ ជំហរ​នៃ​ភាគី​ទាំងពីរ គឺ​សហជីព​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ នៅ​ឃ្លាត​ពីគ្នា​ឆ្ងាយ​។ ដូច្នេះ​ការកំណត់​ជា​បណ្តោះអាសន្ន​ថា គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ ទី​៥​តុលា​នោះ ប្រហែលជា មិនអាច​ធ្វើ​បានទេ​៕​