រដ្ឋាភិបាល​​​និយាយ​​​​ថា ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​នាក់​​​ទៀត​​​​​​​​នៅ​លើ​​​​កោះ​ណូរូ​​​ ​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​​​​​កម្ពុជា ​​​

លោក ស ខេង រដ្ឋ​​​មន្ត្រីក្រសួង​​​មហាផ្ទៃ ​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​​​ថា ប្រទេស​កម្ពុជា​​​ នឹង​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​នាក់​​​បន្ថែម​​​ទៀត​​​ដែល​​​អូស្ត្រាលី​​​ កំពុង​​​ឃុំ​​​ខ្លួន​​​​​នៅ​លើ​​​កោះ​​​ណូរូ​​​ ​​​កណ្តាល​​​មហាស​មុទ្រ​​​បា៉សីុហ្វិក​​​ខាង​​​ត្បូង​​​ ជា​​​ផ្នែក​​​​មួយនៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​តាំង​​​លំនៅ​​​ថ្មី​​​ដ៏​​​ចម្រូង​​​ចម្រាស​​​រវាង​​​​រដ្ឋាភិបាល​​​​​​ក្រុង​​​ភ្នំពេញ និង​​​រដ្ឋាភិបាល​​​​ក្រុង​កង់បេរ៉ា បន្ថែម​​​ពី​​​លើ​​​ជន​​​ភៀស​​​ខ្លួន​​​បួន​​​នាក់​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ទី​​​នេះ​​​រួច​ទៅ​ហើយ​។

លោក​បាន​​​​​​​ប្រកាស​​​បែប​​​នេះ​នៅ​​​​​​ក្នុង​​​បទ​​​សម្ភាសន៍​​​ផ្សាយ​​​​​​បន្ត​​​ផ្ទាល់​​​ដោយ​​​ស្ថានីយ​​​ទូរ​ទស្សន៍ PNN កាល​​​ពី​ម្សិលមិញ ក្រោយ​ការ​វិល​ត្រឡប់​​របស់​​​គណៈ​​​ប្រតិភូ​កម្ពុជា​​​ ដែល​​​បាន​​​ទៅកាន់​​​​ប្រទេស​​​​ដែន​កោះ​​​ណូរូ​​​ ដើម្បី​​​ជួប​​​​​ជាមួយ​​​អ្នក​​​ដាក់​​​ពាក្យ​​​​​​​ទាំង​​​​​នេះ ហើយ​​បាន​បញ្ជាក់​​​ថា ពួក​​​គេ​​​មក​​​ដោយ​​​​​ស្ម័គ្រ​​​ចិត្ត​​​។

អូស្ត្រាលី​​​ បាន​​​ប្រាប់​​​កម្ពុជា​​​ថា ខ្លួន​​​មាន​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ថ្មី​​​សរុប​​​​ចំនួន​បួន​​​នាក់​​​សម្រាប់​​​ឲ្យ​​​គណៈ​​​ប្រតិភូ​​​កម្ពុជា ​​​ជួប​​​ ប៉ុន្តែ រដ្ឋ​​​មន្ត្រី​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពីរ​​​នាក់​​​បាន​​​សម្រេច​​​ចិត្ត​​​ដក​​​ខ្លួន​​​វិញ​​​។

លោក​​​​​​ថ្លែង​​​ថា ”​​​យើង​​​បាន​​​ចាត់​​​តាំង​​​មន្ត្រី​​​ឲ្យ​​​​​ទៅ​​​សម្ភាស​​​ពួក​​​គេ។ របាយការណ៍​​​បឋម​​​ដែល​​​​​​​​ខ្ញុំ​​​ទទួល​​​បាន​​​ពី​​​អគ្គនាយកដ្ឋាន​​​អន្តោ​ប្រវេសន៍​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ គឺ​​​ថា ក្នុង​​​ចំណោម​​​បួន​​​នាក់​​​នោះ មាន​​​តែ​​​ពីរ​​​នាក់​​​ប៉ុណ្ណោះ​​​ដែល​​​ស្ម័គ្រ​​​ចិត្ត​​​មក​​​ ហើយ​​​ពីរ​​​នាក់​​​មិន​​​ចង់​​​មក​​​រស់​នៅ​​​ក្នុង​ប្រទេស​​កម្ពុជា ​​​ទេ​​​”។

ទោះ​ជា​យ៉ាងណា លោក​​​មិន​បាន​​បញ្ជាក់​​​​ថា ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​ពីរ​​​នាក់​​​​​​នេះ​​​​​​នឹង​​​មក​​​នៅ​​​ពេល​​​ណា​​​ ឬ​​​មូល​​​ហេតុ​​​អ្វី​​​បាន​​​​​​​ជា​ពីរ​​​នាក់​​​ទៀត​​​​​​ប្តូរ​​​ចិត្ត​​​ឡើយ។

ដំណឹង​​​េនះ​​​បាន​​​កើត​​​មាន​​​ឡើង​​​រយៈ​​​ពេល​​​​​ជាង​​​មួយ​​​ឆ្នាំ​បន្ទាប់​​​ពី​​​កម្ពុជា ​​​បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​ទទួល​តាំង​​​លំនៅ​​​ថ្មី​​​ ដែល​​​ក្នុង​​​នោះ​​​ខ្លួន​​​បាន​​​​​ព្រម​ព្រៀង​​​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​​​អូស្ត្រាលី ​​​កំពុង​​​ឃុំ​​​ឃាំង​​​តាម​​​ជំរំ​​​​​លើ​​​កោះ​​​ណូរូ​​​ ​ក្នុង​ចំនួន​មិន​បញ្ជាក់​ជា​​​ថ្នូរ​​​នឹង​​​ជំនួយ​​​បន្ថែម​​​៤០​​​លាន​​​ដុល្លារ​​​អូស្ត្រាលី (ប្រហែល​​​២៨​​​លាន​​​ដុល្លារ​​​ )សម្រាប់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​។

ជា​ផ្នែក​មួយ​​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ជន​​​ភៀស​​​ខ្លួន​​​បួន​​​នាក់​​​ដំបូង​​​​បាន​​​មក​​​ដល់​​​រាជធានី​ភ្នំពេញ​ ​​​កាល​​​ពី​​​ខែ​​​មិថុនា ហើយ​​​ត្រូវ​​​បាន​​​ដាក់​​​ឲ្យ​​​ស្នាក់​​​នៅ​​​ក្នុង​​​វីឡា​​​ដែល​​​មាន​​​របង​​​បិទ​​​ជិត​​នា​ប៉ែក​ខាង​​​ត្បូង​​​រាជធានី​​​ភ្នំពេញ ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​។ ក្រុម​​​នេ​​​ះ​​​រួម​​​មាន​​​ជន​​​ជាតិ​​​អីុរ៉ង់​​​ បី​​​នាក់​​​ បុរស​ជន​ជាតិ​​ភាគ​តិច​​​​រ៉ូហីុងយ៉ា ​​​ម្នាក់​​​មក​​​ពី​ប្រទេស​​​​ភូមា ដែល​​​បាន​​​សុំ​​​វិល​​​ត្រឡប់​​​​​ទៅ​ប្រទេស​​​​​​កំណើត​របស់​ខ្លួន​​​​​វិញ​​​។

អំឡុង​​​បទ​​​សម្ភាសន៍​ លោក ស ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា រាល់​​​លិខិត​​​ស្នាម​​​​​​​​​​សម្រាប់​អនុញ្ញាត​​​ឲ្យ​​​បុរស​​​ជន​​​ជាត​​​ិ​​​រ៉ូហីុង​​​យ៉ា នេះ​​ចាក​​​ចេញ​​​ពីប្រទេស​​​កម្ពុជា​​​ ត្រូវ​​​បាន​​​បំពេញ​រួច​​រាល់​អស់​ហើយ ហើយ​​​ការ​​​បញ្ជូន​​​បុរស​​​នេះ​ត្រឡប់​​​​ទៅ​​​វិញ គឺ​​​ស្រេច​​​លើ​​​ប្រទេស​​​ភូមា។

ទាក់ទិន​​​បញ្ហា​​​នេះ ​​​ស្ថាន​​​ទូត​របស់​​​​​ភូមា ​​​នៅ​​​ក្នុង​​​រាជ​ធានី​ភ្នំពេញ​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។

ពេល​​​ទាក់ទង​​​តាម​​​ទូរស័ព្ទ លោក ខៀវ ​សុភ័គ អ្នក​​​នាំ​ពាក្យ​​​ក្រសួង​​​​​​មហាផ្ទៃ​​​ បាន​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​ភូមា​​​ បាន​​​អនុញ្ញាត​​​ឲ្យ​​​បុរស​ជន​ជាតិ​​​​រ៉ូហីុង​​​យ៉ា​​​ ​នេះ​​វិល​​​ត្រឡប់​​​ទៅ​វិញ​​​​​ហើយ ហើយ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ត្រៀម​​​​​ឯកសារ​​​របស់​​​គាត់​​​ដែល​​​អាច​​​នឹង​​​ចំណាយ​​​ពេល​​​មួយ​ខែ​​​ទៀត​​​។ ប៉ុន្តែ​ ការ​លើក​​ឡើង​​​​របស់​​​លោក​​​អំពី​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ថ្មី​​​ទាំង​​​ពីរ​​​ដែល​​​កំពុង​​ត្រៀម​ខ្លួន​​មក​​កម្ពុជា ​​​ខុស​​​គ្នា​​​ពី​​​ការ​​​លើក​ឡើង​​​​​របស់​​​លោក​​​រដ្ឋ​​​មន្ត្រី​​​។

អ្នក​ស្ម័គ្រ​​​ចិត្ត​​​បួន​​​នាក់​​​ដែល​​​គណៈ​ប្រតិភូ​កម្ពុជា​​​  បាន​​​ទៅ​​​ជួប​​​នៅ​​លើ​កោះ​​​ណូរូ រួម​​​មាន​ជន​​​​​ជាតិ​​​អីុរ៉ង់បីនាក់ និង​​​បុរស​ជន​ជាតិ​​​​រ៉ូហីុងយ៉ា ​​​​​ម្នាក់​ដូច​​​ក្រុម​ដំបូង​​​ដែល​បាន​​​​មក​​​កម្ពុជា​ ​កាល​​​ពី​ខែ​​​​​មិថុនា​​​ដែរ។ ប៉ុន្តែ ឧត្តម​​​សេនីយ៍​​​ ខៀវ ​សុភ័គ ​​​​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​ទាំង​​​បួន​​​នាក់​​​​​​​​​​នោះ​បាន​​​ប្តូរ​​​ចិត្ត​​​ហើយ​​​ ហើយ​ពីរ​​​នាក់​​​ដែល​​​នឹង​​មក​​​កម្ពុជា ​​​មិន​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ពួក​​​គេ​​​ទេ។

លោក​​​បាន​​​លើក​ឡើង​អំពី​​​ពីរ​នាក់​​​ដែល​​​បាន​​​ព្រម​​​ព្រៀង​​​មក​​​តាំង​​​លំនៅ​ថ្មី​​​​នៅ​ទី​នេះ​​​ថា “ពួក​​​គេ​​​ទាំង​​​ពីរ​​​ជា​​​ជន​​​ជាតិ​​​រ៉ូហីុង​​​យ៉ា។ បួន​​​នាក់​​​​ទៀត​​​បាន​​​ដក​​​ខ្លួន​​​ចេញ​​ហើយ​”។ លោក​​​បាន​​​បន្ត​​​ថា អ្នក​​​ទាំង​​​ពី​​​រ​​​នេះ​​​ទំនង​​​ជា​​​នឹង​​​មក​​​ដល់​កម្ពុជា ​​​”ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​បី​​​សប្តាហ៍​ទៀត​”​​ប៉ុន្តែ ដូច​លោក ស ខេង ដែរ គឺ​លោក​មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ដែល​​​​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ខ្លះ​​​បាន​​​ដក​​​ខ្លួន​​​ចេញ​ឡើយ៕ សុខុម

 

The post រដ្ឋាភិបាល​​​និយាយ​​​​ថា ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​នាក់​​​ទៀត​​​​​​​​នៅ​លើ​​​​កោះ​ណូរូ​​​ ​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​​​​​កម្ពុជា ​​​ appeared first on ខេមបូឌា ដេលី.