វិចារណកថាៈ ការកំណត់តម្លៃរួម ទៅលើប្រេងឥន្ធនៈ ជាបញ្ហាដ៏សំខាន់

រយៈពេលប៉ុន្មានខែកន្លងទៅនេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិមានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែតម្លៃប្រេង ឥន្ធនៈក្នុង ប្រទេសកម្ពុជាពុំទាន់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅឡើយទេ បើទោះបីមានកិច្ចប្រជុំរវាងក្រសួង ពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងឥន្ធនៈជាបន្តបន្ទាប់ក៏ដោយ ។ ថ្មីៗនេះសម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍ ទាក់ទងទៅនឹង តម្លៃប្រេងឥន្ធនៈក្នុង ប្រទេសកម្ពុជាដែរ ។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជុំវិញបញ្ហានេះ គឺក្រុមហ៊ុនខ្លះបានបញ្ចុះតម្លៃ ប្រេងឥន្ធនៈបន្តិចបន្តួច ចំណែកក្រុមហ៊ុនខ្លះមិនទាន់ចុះថ្លៃនៅឡើយ ។ ចំណុចនេះ បានធ្វើឲ្យមានការរិះគន់ថា នៅពេល តម្លៃប្រេងលើទីផ្សារ អន្តរជាតិឡើងខ្ពស់ គឺក្រុមហ៊ុនប្រេងឥន្ធនៈដំឡើង ថ្លៃយ៉ាងលឿន ប៉ុន្តែពេលតម្លៃប្រេងលើទីផ្សារ អន្តរជាតិធ្លាក់ចុះយ៉ាង គំហុក គឺក្រុមហ៊ុនប្រេងឥន្ធនៈមិនបញ្ចុះតម្លៃ ឲ្យបានទាន់ពេលវេលានោះទេ ។

កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបើក កិច្ចប្រជុំមួយ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ហើយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រ សួងរ៉ែ និងថាមពល ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗ ដែលធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ។ កិច្ចប្រជុំនោះបានធ្វើឡើង ដើម្បីពិនិត្យឡើងវិញ ដោយលម្អិតជាមួយក្រុមហ៊ុន ប្រេងឥន្ធនៈអំពីសា្ថនភាពតម្លៃប្រេងឥន្ធនៈ បច្ចុប្បន្ននៅកម្ពុជា ប្រៀបធៀបជាមួយទីផ្សារពិភពលោក និង បណ្តាប្រទេសនៅក្នុងតំបន់ ។ ជាងនេះទៅទៀតកិច្ចប្រជុំ បានធ្វើឡើងដើម្បីពិនិត្យ អំពីរូបមន្តកំណត់ថ្លៃ ដែលក្រុមហ៊ុនបានប្រើប្រាស់ដោយប្រៀបធៀបជាមួយរូបមន្តកំណត់ថ្លៃ ដែលកំពុងអនុវត្តន៍នៅប្រទេស ជិតខាងនាពេលបច្ចុប្បន្ន ។ ក្នុងនោះមន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានបកសា្រយ លម្អិតអំពីខ្សែ សង្វាក់តម្លៃនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសថៃផងដែរ ជាពិសេសរូបមន្តរចនាសម្ព័ន្ធថ្លៃដើម និងភាព ខុសគ្នាលើការគណនាតម្លៃប្រេងឥន្ធនៈរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុននានាផ្តល់ព័ត៌មាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ទាក់ទង ទៅនឹងរចនាសម្ព័ន្ធថ្លៃដើម និងកត្តាថ្លៃដើមផ្សេងទៀត ដើម្បីកំណត់រូបមន្តសមស្របមួយ សម្រាប់ ការគណនាថ្លៃ ដែលនឹងត្រូវពិនិត្យឡើងវិញដោយក្រសួងពាណិជ្ជកម្មសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ។ លោក ស៊ុន ចាន់ថុល បានស្នើបន្ថែមឲ្យមានកិច្ចប្រជុំមួយផ្សេងទៀត រវាងក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនប្រេងទាំងអស់ម្តងទៀត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ដើម្បីពិភាក្សា និងឯកភាព លើរូបមន្តកំណត់ថ្លៃប្រេងឥន្ធនៈ ដែលរូបនោះ នឹងត្រូវកំណត់ និងមានការយល់ព្រមទទួលយកពីគ្រប់ភាគីពាក់ព័ន្ធទាំង អស់ ។ បញ្ហានេះត្រូវបានមជ្ឈដ្ឋាននានា តាមដានដោយយកចិត្តទុកដាក់ ព្រោះការបញ្ចុះតម្លៃប្រេងឥន្ធនៈមានសារសំ ខាន់ខ្លាំងណាស់ទាក់ទងទៅនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

  កន្លងមកប្រជាពលរដ្ឋទូទៅបានពិនិត្យឃើញថា តម្លៃប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាតែងតែខ្ពស់ជាងប្រទេសជិត ខាងដូចជាវៀតណាម ឡាវ និងថៃ បើទោះបីប្រទេសវៀតណាម និងឡាវនាំចូលប្រេងឥន្ធនៈពីទីផ្សារ អន្តរជាតិ ដូចកម្ពុជា ដែរក៏ដោយ ។ ជាងនេះទៅទៀតប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជាបានឡើងថ្លៃភ្លាមៗ នៅពេល តម្លៃប្រេងលើទីផ្សារអន្តរ ជាតិកើនឡើងតិចតួច ហើយនៅពេលដែលតម្លៃប្រេង លើទីផ្សារអន្តរជាតិ ធ្លាក់ចុះ យ៉ាងគំហុករយៈពេលប៉ុន្មាន ខែកន្លងទៅនេះ បែរជាតម្លៃប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាធ្លាក់ចុះយឺតបំផុត ។ ជាក់ស្តែងក្រសួង និងស្ថាប័នពាក់ព័ន្ធបានបើក កិច្ចប្រជុំជាបន្តបន្ទាប់ពីការបញ្ចុះតម្លៃប្រេង ប៉ុន្តែរហូតមកដល់ ពេលនេះមិនទាន់ឃើញមានការកំណត់តម្លៃមួយច្បាស់ លាស់នៅឡើយទេ ។ ក្រុមហ៊ុនចែកចាយប្រេង ឥន្ធនៈធំៗដូចជា ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ និងក្រុមហ៊ុនភីធីធី ជាដើមបានបញ្ចុះតម្លៃតិចតួចមិនទាន់ សមស្របជាមួយតម្លៃប្រេងលើទីផ្សារអន្តរជាតិនោះទេ ។

រឿងដោយឡែកមួយទៀតគឺតម្លៃប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដូចជាខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ តាកែវ និងកំពតជាដើមគឺខុសគ្នាយ៉ាងច្រើន ធ្វើឲ្យប្រជាពលរដ្ឋមាន ការ សង្ស័យយ៉ាងខ្លាំងថា ក្រុមហ៊ុនមួយចំនួននាំចូលប្រេងសាំងគេចពន្ធមកលក់ ទើបអាចលក់ក្នុងតម្លៃទាប ។ ហេតុនេះក្រ សួង និងស្ថាប័នពាក់ព័ន្ធគួរទប់ស្កាត់ឲ្យខាងតែ បាននូវការនាំចូលប្រេងសាំងគេចពន្ធ មកលក់ចែក ចាយដែលធ្វើឲ្យបាត់ បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ និងប៉ះពាល់ដល់ស្ថិរភាពនៃតម្លៃប្រេងឥន្ធនៈ ។ ដូច្នេះការកំណត់រូបមន្តតម្លៃ ប្រេងឥន្ធនៈជារួម គឺជាកត្តាសំខាន់ណាស់ ដើម្បីផលប្រយោជន៍ជាតិ និងផល ប្រយោជន៍ប្រជាពលរដ្ឋទូទៅដែលប្រើ ប្រាស់ប្រេងឥន្ធនៈសម្រាប់ប្រកបអាជីវកម្មចិញ្ចឹមជីវិត ។ ជាងនេះទៅទៀត ការកំណត់តម្លៃប្រេងឥន្ធនៈជារួមគឺជាបញ្ហា ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ ព្រោះនៅពេលដែល តម្លៃប្រេងលើទីផ្សារអន្តរជាតិធ្លាក់ចុះ អាចធ្វើឲ្យយន្តការ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាស្របទៅតាមទីផ្សារអន្តរជាតិ ហើយក្រុមឈ្មួញខិលខូចមិនអាចនាំប្រេងសាំងគេចពន្ធយក មកចែកចាយតាមអំពើចិត្តទៀតឡើយ ៕