នារី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​ដួលសន្លប់​ស្តូកស្តឹង ខណៈ​កំពុង​ជិះ​ម៉ូតូ​

រាជធានី​ភ្នំពេញ​៖​នារី​ម្នាក់​ត្រូវបាន​ចោរឆក់​កាបូបស្ពាយ​ចំហៀង​យកទៅ​បាត់ ហើយ​ដួល​ម៉ូតូ​បោក​ទៅនឹង​ថ្នល់​សន្លប់​ឈឹង​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះ​ជួយសង្គ្រោះ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥៥​នាទី​យប់​ថ្ងៃទី​០១ ខែតុលា ២០១៥ នៅ​ចំណុច​មុខក្រសួង​ការងារ តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។​

​ប្រភពព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុ​ពី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-9145 តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ខណៈ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មកពី​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​របស់​បណ្តាលឱ្យ​នាង​ដួល​ម៉ូតូ​បោក​ទៅនឹង​ថ្នល់​សន្លប់​ស្តូកស្តឹង ហើយក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅ​ម្តុំ​នោះ​សង្គ្រោះ​បឋម​រហូត​ដឹងខ្លួន​វិញ តែ​នាង​ហាក់ដូចជា​មានការ​ភិតភ័យ​ខ្លាំងពេក​រហូត​ភ្លេច​អ្វីៗ​ទាំងអស់​សូម្បីតែ​អាសយដ្ឋាន​នៅទីណា​ក៏​មិន​ចាំ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឬ​សាច់ញាតិ​ក៏​នាង​មិន​ចាំ នាង​ចាំ​បានតែ​ថា នាង​ឈ្មោះថា រ័ត្ន អាយុ​២៣​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់មក​នាង​ក៏​សន្លប់​ទៅវិញ​បាត់ទៅ​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​ក៏​មកដល់​ជួយ​អន្តរាគមន៍ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល ទឹកល្អក់​១ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យកទៅ​វិញ​៕ 

នារី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​ដួលសន្លប់​ស្តូកស្តឹង ខណៈ​កំពុង​ជិះ​ម៉ូតូ​