គ្រូ​ណាហ្គាវើល ​សង្ឃឹម​៧០​%បាន​កៅអី Top4 ក្រោយ​ឈ្នះ​ទ័ព​ម្សិលមិញ

គ្រូ​ណាហ្គាវើល ​សង្ឃឹម​៧០​%បាន​កៅអី Top4 ក្រោយ​ឈ្នះ​ទ័ព​ម្សិលមិញ

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល មាន​សង្ឃឹម៧០​ភាគ​រយ ក្នុង​ការ​ដណ្ដើម​បាន​កៅ​អី Top4 មួយ​ដើម្បី​ប្រកួត Play Off លើក​ពាន​លីក​កំពូល​កម្ពុជា។ ការ​លើក​ឡើង​បែប​នេះ គឺ​ក្រោយ​ពេល​ក្រុម​ណាហ្គាវើល យក​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ ២-០ លើ​ទីលាន​ស្មៅ​ធម្មជាតិ​កងយោធពល ខេមរភូមិន្ទ (ស្តាត​ចាស់) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

 

គ្រូ​ណាហ្គាវើល ​សង្ឃឹម​៧០​%បាន​កៅអី Top4 ក្រោយ​ឈ្នះ​ទ័ព​ម្សិលមិញ
លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល

 

«​ពេល​នេះ ខ្ញុំ​សង្ឃឹម ៧០​ភាគ​រយ​​ហើយ ដែល​ថា​​ស្ថិត​ក្នុង​ចំណោម Top4… អ្វី​ៗ​ខ្ញុំ​នឹង​ចាំ​មើល​ប្រកួត​បន្ទាប់ ទើប​អាច​វាយ​តម្លៃ​បាន​ប៉ុន្មាន​ភាគ​រយ​បន្ទាប់​ទៀត… ឥឡូវ​វា​សល់​ពីរ​ប្រកួត​ក្នុង​ដៃ សុទ្ធតែ​ប្រកួត​តឹង​តែង ព្រោះ​មាន​ពិន្ទុ​ស្មើ​គ្នា​​ប៉ុន្មាន​ក្រុម»។ នេះ​បើ​តាម​លោក មាស ចាន់​ណា និយាយ​ប្រាប់ Sabay ក្រោយ​ចប់​ការ​ប្រកួត​នៅ​ស្តាត​ចាស់​ភ្លាមៗ។

 

ក្រោយ​ជ័យ​ជម្នះ​លើ​ក្រុម​ក្រសួង​ការពារ​ជាតិ​ម្សិលមិញ ក្រុម​ណាហ្គាវើល​បាន​ហក់​ឡើង​លេខ​រៀង​ទី​៤ ក្នុង​តារាង​បណ្ដោះ​អាសន្ន មាន ៣៥​ពិន្ទុ​ក្នុង​ដៃ ស្មើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ ឯ​ពីរ​ប្រកួត​នៅ​សល់​ត្រូវ​ប៉ះ​ក្រុម​បាត​តារាង​គីរីវង់​សុខ​សែន​ជ័យ​ដែល​កំពុង​ត្រូវ​ការ​ពិន្ទុ​រួច​ផុត​ពី​តំបន់​កាត់​ចោល និង​ក្រុម​ស្វាយ​រៀង​ដែល​កំពុង​ស្រេក​ឃ្លាន​ជ័យ​ជម្នះ​រក​កៅអី Top4 ដូច​គ្នា។

 

ដោយសារ​ក្រុម​ទាំង​ពីរ​ខាង​លើ​សុទ្ធតែ​ត្រូវការ​ពិន្ទុ​ចាំបាច់ ទើប​គ្រូ​បង្គោល​ក្រុម​ណាហ្គាវើល​ចាត់​ទុក​ជំនួប​ចុង​ក្រោយ​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​បំផុត។ លោក​បាន​បញ្ជាក់​ថា ទោះ​បី​ក្រុម​គីរីវង់​កំពុង​ស្ថិត​នៅ​បាត​តារាង​ក្ដី​ក៏​មិន​អាច​មើល​ងាយ​បាន​ដែរ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​ក្រុម​នេះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ បូក​រួម​ទាំង​ឆន្ទៈ​កីឡាករ​កើន​ឡើង​ផង។ ទោះ​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា នឹង​ដាក់​សម្ពាធ​លើ​ក្រុម​គីរីវង់ ដើម្បី​រក​គ្រាប់​បាល់​ឲ្យ​បាន​នៅ​ប្រកួត​ក្រោយ​នេះ៕

 

គ្រូ​ណាហ្គាវើល ​សង្ឃឹម​៧០​%បាន​កៅអី Top4 ក្រោយ​ឈ្នះ​ទ័ព​ម្សិលមិញ
តារាង​លីក​កំពូល​កម្ពុជា​សប្ដាហ៍​ទី២០

 

អត្ថបទ៖ គង់ វិសាល