បឹងកេត តាមទាន់ភ្នំពេញក្រោន តែណាហ្គាវើល ធ្វើឲ្យទ័ព កាន់តែមានសម្ពាធ

ក្រុម​បឹងកេតអង្គរ បាន​​យក​​​​ក្រុម​មជ្ឈ​មណ្ឌល​​កំចាត់​​កម្ពុជា​(CMAC) ៣-០ កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍​ម្សិល​មិញ​ ដើម្បី​មាន​៤៨​ពិន្ទុ​ស្មើ​​ភ្នំពេញ​ក្រោន​វិញ ប៉ុន្តែ​ក្រុម​ក្រសួង​ការពារ​(ទ័ព) កាន់​តែ​មានសម្ពាធ​ខ្លាំង ក្នុង​ការ​រក​ច្រក​វិល​មក​​តំបន់ Top4 វិញ ខណៈ​ពួក​គេ​បាន​បន្ត​ចាញ់​ក្រុម​ណាហ្គាវើល មុន​ពេល​ក្រុម​ខេមបូឌាន​ថាយហ្គឺរ បាន​ផ្តួល​ក្រុម​អាស៊ីអឺរ៉ុប ដើម្បី​រុញ​ក្រុម​ទ័ព ​ឲ្យ​ធ្លាក់​ចុះ​១​លេខ​ទៀត​នោះ។
1
សម្រាប់​​ក្នុង​ការ​ប្រកួត នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ កាល​ពី​ម្សិល​មិញ​នោះ ក្រុម​បឹង​កេត បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​ CMAC ក្នុង​ការ​ប្រកួត​តង់​ទី​១ ប៉ុន្តែ​​​​​ការ​​ប្រកួត​តង់​ទី​២ ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ជា​ប្រធាន​ក្រុម ឃួន ឡាបូរ៉ាវី បាន​រក​ឃើញ​គ្រាប់​បាល់​ទី​១​ឲ្យ​បឹង​កេត នៅ​នាទីទី​៤៨ ហើយ​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា បាន​ទម្លុះ​សំណាញ់​ទី​១​គ្រាប់​ទៀត នៅ​នាទីទី៥៥ ខណៈ​ខ្សែ​ការពារ រស់ សំអឿន ជា​អ្នក​រកបាន​គ្រាប់​បាល់​ចុង​ក្រោយ នៅ​នាទី​​បន្ថែម​ ៩០+៣ ដើម្បី​​ជួយ​​ឲ្យ​បឹង​កេតឈ្នះ CMAC ៣-០ លើក​នេះ។
2
ផ្ទុយ​ទៅ​វិញ​ក្រុម​ម្ចាស់​ផ្ទះ​ក្រសួង​ការពារជាតិ បាន​បន្តចាញ់​ក្រុម​ណាហ្គាវើល ២-០ នៅកីឡដ្ឋាន​ស្តាត​ចាស់របស់​ខ្លួន កាល​ពី​ម្សិលមិញ​នោះ​ដែរ ដែល​គ្រាប់​បាល់​ជ័យ​ជម្នះ​ទាំង​២​នេះ​រក​បានដោយ​​ខ្សែ​បម្រើ​ជើង​ចាស់ ទៀប វឌ្ឍនៈ នៅនាទីទី​៧៩ និងនាទីទី​៩០ ហើយលលទ្ធ​ផល​នេះ​បាន​ជួយ​ឲ្យ​ណាហ្គាវើល បន្ត​ឈរ​នៅ​លេខ​រៀង​ទី​៤ ដោយ​មាន​៣៥ពិន្ទុស្មើ​ក្រុម​ប៉ូលិស។

ចំណែក​​ក្រុម​ខេមបូឌានថាយហ្គឺរ បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ២-១ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​​ព្រហស្បតិ៍​ម្សិល​មិញ​នោះ​ដែរ។ កីឡាករ Privat បាន​រក​គ្រាប់​បាល់បើក​ឆាក​ឲ្យ​ខេមបូឌានថាយហ្គឺរ ខណៈ​ការ​ប្រកួត​ទើបតែ​ចាប់​ផ្តើម​បាន​៣​នាទី ហើយ​កីឡាករ ឆាង ហៃ បាន​វាយបក​ជួយ​ឲ្យ​ក្រុម​អាស៊ីអឺរ៉ុប ​នៅ​នាទី ៧៣ ប៉ុន្តែ​៣នាទី​ក្រោយ​មក ខ្សែ​ប្រយុទ្ធ សួង វិរៈ បាន​ស៊ុត​បញ្ចូល​ទី ដើម្បី​ជួយ​ឲ្យ​ខេមបូឌានថាយហ្គឺរ បន្ត​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប លើក​នេះ។
3
ជាមួយ​ជ័យ​ជម្នះ​លើ​ក​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ ដែល​បាន​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៧ បន្ទាប់​ពី​ចាញ់​ណាហ្គាវើល ២-០ នោះ បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៥​វិញ ដោយ​មាន​៣៤ពិន្ទុ​ ប៉ុន្តែ​បាន​ទម្លាក់​ក្រុម​ទ័ព និង​ស្វ័យ​រៀង ឲ្យ​មក​ឈរ​នៅ​លេខ​រៀង​ទី​៦ និង​ទី​៧​វិញ ហើយ​បៀល​ប្រាយ ឈរ​នៅ​លេខ​រៀង​ទី​៨ មាន​២១ពិន្ទុ ក្រុម​អាស៊ីអឺរ៉ុប ឈរ​នៅ​លេខ​រៀង​ទី​៩ ដោយមាន​១៤ពិន្ទុ​ស្មើ​ក្រុម CMAC រីឯ​ក្រុមវេស្ទើន ឈរ​នៅ​លេខ​រៀង​ទី​១១ ដោយ​មាន​១៣ពិន្ទុ​ដដែល ខណៈ​គិរីវង់សុខសែនជ័យ បន្ត​ឈរ​នៅលេខ​រៀង​ចុង​ក្រោយ​គេ ដោយ​មាន​១១ពិន្ទុ។
4
​ក្រុម​ទ័ព​​ត្រូវ​​សង​សឹក​បឹង​កេត នៅ​ថ្ងៃ​អាទិត្យ

យ៉ាង​ណា​ក៏​ដោយ តំបន់កំពូល​តារាង​ទាំង(Top4) អាច​នឹងមាន​ការ​ផ្លាស់ នៅ​ចុង​សប្តាហ៍​នេះ គឺ​ខណៈ​ក្រុម​ទ័ព ត្រូវ​ធ្វើ​ការសង​សឹក​ក្រុម​បឹង​កេត ដែល​ពួក​គេ​ធ្លាប់​ចាញ់ ៣-០ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​អាទិត្យ​នោះ ប៉ុន្តែ​មហច្ឆិតា ចង់​បាន​៣ពិន្ទុ​បន្ថែម ដើម្បី​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១​ពី​ក្រុម​ភ្នំពេញ​ក្រោន របស់​ក្រុមបឹង​កេត ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​ទ័ព ជួប​ការ​លំបាក​ច្រើន ក្នុង​ការ​ស្វែង​រក​ការ​ឈ្នះ ដើម្បី​ឡើង​មក​តំបន់ Top4 វិញ៕