៦​ខែ​ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​កូរ៉េ ជាង ២ សែន​នាក់ បានមក​ទស្សនា​កម្ពុជា​

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​លើកឡើងថា ក្នុង​រយៈពេល ៦ ខែ​ដើម ឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវទេសចរ​កូរ៉េ មាន​ចំនួន​ជាង ២ សែន​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា​ប្រទេស​កម្ពុជា​។ ចំណែកឯ​ក្នុង​ឆ្នាំ​២០១៤ ភ្ញៀវទេសចរ​កូរ៉េ ជាង ៤ សែន​នាក់ បានមក​កម្ពុជា​។​

​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ថ្លែង​ក្នុង​ពិធីបុណ្យ​ជាតិ​កូរ៉េ ឆ្នាំ​២០១៥ (National Day) នៅ​សណ្ឋាគារ Intercontinental កាលពី​យប់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ ថា ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក៏បាន​ពង្រឹង​វិស័យ​ទេសចរណ៍ ដោយមាន​ការហោះហើរ​ត្រង់ ចំនួន ៣២ ជើង ក្នុង​មួយ​សប្តាហ៍ ដែល​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាជន ក៏ដូចជា ភ្ញៀវទេសចរ នៃ​ប្រទេស​ទាំងពីរ​។

​លោក យឹម ឆៃលី បាន​ថ្លែង​បញ្ជាក់ថា តាម​តួលេខ នៃ​ក្រសួងទេសចរណ៍​កម្ពុជា ភ្ញៀវទេសចរ​កូរ៉េ ដែល​បាន​អ​ញ្ជើ​មក​ទស្សនា ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​ជាង ៤ សែន​នាក់ (​ជាប់​ចំណាត់ថ្នាក់​ទី​៤ នៃ​ភ្ញៀវទេសចរ​បរទេស ដែល​មក​ទស្សនា នៅ​កម្ពុជា​)​។ ដោយឡែក ៦​ខែ​ដើមឆ្នាំ​២០១៥​នេះ ចំនួន​ភ្ញៀវទេសចរ​កូរ៉េ មាន​ចំនួន​ជាង​២​សែន​នាក់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ បាន​ឈានទៅដល់​ជិត ១ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៤ ដោយមាន​ការកើនឡើង​ទេ្វ​ដង បើ​ប្រៀបធៀប ទៅនឹង​ឆ្នាំ​២០១៣ ដែលមាន​ទឹកប្រាក់ ចំនួន ៤៧៣ លាន​ដុល្លារ​៕V/S

៦​ខែ​ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​កូរ៉េ ជាង ២ សែន​នាក់ បានមក​ទស្សនា​កម្ពុជា​