​ស្ទើរ​គ្មាន​ដំណោះស្រាយ ករណី​ដី​ទំនាស់​ពលរដ្ឋ ១៣​គ្រួសារ នៅ​តំបន់​១ អតីត​ជំរំ​ជនភៀសខ្លួន នៅ​ព្រំដែន​កម្ពុជា ថៃ​

បន្ទាយមានជ័យ: មន្ត្រីបាន​និយាយថា មិនដឹង​ជា​ស្វែងរក​ដំណោះស្រាយ របៀប​ណា​ទេ ករណី​ដី​ទំនាស់ រវាង​ពលរដ្ឋ ចំនួន​១៣​គ្រួសារ នៅ​តំបន់​១ ក្នុង​ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ តបន្ទាយមានជ័យ (​អតីត​ជំរំ​ជនភៀសខ្លួន​ខ្មែរ ជាយដែន​កម្ពុជា ថៃ​) ដែល​លោក​អ៊ិន សារ៉ន  រំលោភ​យក​ដី​របស់​ពួកគាត់ ហើយ​មាន​អន្តរាគមន៍​ពី​លោក ឃួន ជឿន មន្ត្រី​យោធា​បន្ថែម​ទៀតផង​។​
    
​ដំណោះស្រាយ​រឿង​នោះ បាន​ធ្វើឡើង​លើកដំបូង នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ នា​សាលប្រជុំ​សាលា ខេត្តបន្ទាយមានជ័យ ដោយមាន​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ដឹកនាំ​សម្របសម្រួល​។​
 
​ភាគី​ទំនាស់ បានអោយដឹង​ក្នុង​កិច្ចប្រជុំ​នោះ​ថា ការ​ទំនាស់​ដីធ្លី នៅ​តំបន់​១ រវាង​ប្រជាពលរដ្ឋ ១៣ គ្រួសារ ជាមួយនឹង​លោក​សក្តិ​៤​យោធា អ៊ិន សារ៉ន ហើយ​មាន​អន្តរាគមន៍ ពី​លោក​សក្តិ​៥ ឃួន ជឿន នៃ​អតីត​អង្គភាព​កង​យោធា ការពារ​ព្រំដែន​លេខ​៥០៣ ជា​ដី​ទំនាស់ ដែលមាន​រយ​:​ពេល អស់​១៤​ឆ្នាំ កន្លងមកហើយ​។​
 
​ប្រជាពលរដ្ឋ ១៣ គ្រួសារ បាន​សំអាងថា ពួកខ្លួន​បាននាំគ្នា បង្កបង្កើនផល​ដំឡូង​មី ពេញ​ក្នុង​ដី​នោះ បាន​ផល​ចិញ្ចឹម​ជីវភាព​គ្រួសារ បាន​ធូរធា​រាល់​ឆ្នាំ​។ តែ​ថ្មីៗ​នេះ ក៏​ស្រាប់តែ​លេចមុខ លោក​សក្តិ​៥ ឃួន ជឿន ជួយ​លោក​សក្តិ​៤​យោធា អ៊ិន សារ៉ន ក្នុង​អតីត​អង្គភាព កង​យោធា​៥០៣ បច្ចុប្បន្ន អង្គភាព​យោធា​វរ​:​សេនា​តូច លេខ​៥១៥ បានចេញ​មុខមក​ហាមឃាត់ ប្រជាពលរដ្ឋ​ទាំង ១៣ គ្រួសារ​នេះ អោយ​ឈប់​ឲ្យ​បង្កបង្កើនផល លើដី​នេះ​បន្តទៀត​។​
    
​តំណាង​លោក​វរសេនីយ៍ អ៊ិន សារ៉ន​, លោក​វរសេនីយ៍ ឃួន ជឿន បាន​ថ្លែង​សំអាងថា​: ដី​នេះ​ជា​ដី​ក្នុង​សារពើភ័ណ្ឌ​រដ្ឋ របស់​យោធា​អតីត​អង្គភាព យោធា​កងការពារ​ព្រំដែន​លេខ​៥០៣​។ ឯ​ប្រជាពលរដ្ឋ​១៣​គ្រួសារ ឬ​ប៉ុន្មាន​នាក់ ប៉ុន្មាន​គ្រួសារ យោធា​មិនដឹង​ទេ​។ គឺ​សំខាន់​ពីមុន​ដី​នោះ ជា​ចម្ការមីន​ខ្លះ ជាទី​តាំង​ឈរជើង​របស់​យោធា​ខ្លះ ហើយ​ពលរដ្ឋ​ដែល​មក​ប៉ះពាល់​មុនៗ យោធា​បាន​ប្រាប់ ហើយ​ចាកចេញ​អស់ហើយ​។ ឯ​ពលរដ្ឋ​មក​ប្តឹងតវ៉ា​ទាំងនេះ ជា​ពលរដ្ឋ​ចំណាកស្រុក ចូលមក​តាំងទី​លំនៅ​ថ្មីៗ ដែល​ត្រូវបាន​ចាត់តាំងឡើង ក្នុង​បំណង "​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​"​។​
 
​លោក ឡោក សំបាន មេឃុំ​តា​បែន , លោក ឃូ ពៅ អភិបាលស្រុក​ស្វាយចេក បាន​និយាយថា​: អាជ្ញាធរ​មិនដឹង​ជា​ត្រូវ សម្របសម្រួល​ដោះស្រាយ ទំនាស់​ដីធ្លី​នេះ យ៉ាងម៉េច​ទេ បើ​ភាគី​ទំនាស់ មិនដឹងថា ដី​ទំនាស់​មាន​ទំហំ​ប៉ុន្មាន​? នៅ​ចំណុច​ណា​? ភូមិសាស្ត្រ​ភូមិ​ឃុំ​ណា អោយ​ប្រាកដ ដោយ​គ្រាន់តែ​ចង្អុល ស្មានៗ​លើដី​អតីត​ចម្ការមីន និង​សមរភូមិ នៅជាប់​ព្រំដែន ហើយក៏​ចង់​ដណ្តើម​គ្នា ក្រោយ​អង្គការ​បោសសម្អាត​មីន រួចរាល់​បណ្តើរៗ​នោះ​។​

​ពលរដ្ឋ​ដែល​ប្តឹងតវ៉ា ក៏​មិន​ស្គាល់មុខ ហើយ​មក​ចង្អុល​ដី លើ​ភូមិសាស្ត្រ​ឃុំ​ស្លរ​ក្រាម តែ​ដល់​បណ្តឹង​ដាក់ថា នៅ​ឃុំ​តា​បែន​ទៅវិញ​។ ដី​នោះ ឃើញ​បង្កបង្កើនផល ដាំដំឡូង​មី គឺ​របស់​អ្នក​ម្ចាស់​ផ្សេង​ទៅទៀត​។ ​ចំណែក​យោធា ក៏​មិនមាន​ឯកសារ​បញ្ជាក់ ពី​ដី​បន្ទាយ ឬ​ចម្ការមីន ឬ​សារពើភ័ណ្ឌ​ចាស់​នៅឡើយ​។ គឺ​មានតែ​បុគ្គល​មន្ត្រី​យោធា គឺថា​ឈ្មោះ លោក​វរសេនីយ៍ អ៊ិន សារ៉ន​, លោក​វរសេនីយ៍ ឃួន ជឿន នៃ​វរ​:​សេនា​តូច​យោធា​លេខ​៥១៥ ប​ច្ច​ប្បន្ន​មក​សំអាង​ផ្ទាល់មាត់​ប៉ុណ្ណោះ​។ ហេតុនេះ បានជា​ឃុំ ស្រុក មិនអាច​ដោះស្រាយបាន ហើយ​ពលរដ្ឋ ដើមបណ្តឹង មិន​អស់ចិត្ត ក៏​មកប្តឹង​ដល់​ខេត្ត​។​
 
​លោក លី សារី អភិបាលរង​ខេត្ត ទទួលបន្ទុក​ការដោះស្រាយ ទំនាស់​ដីធ្លី បាន​និយាយថា​: អាជ្ញាធរខេត្ត បន្ត​ស្រាវជ្រាវ​ករណីនេះ ហើយ​ស្នើអោយ​ភាគី​ទំនាស់ ដាក់​សំអាង​លាយលក្ខណ៍អក្សរ និង​មក​ធ្វើ​កំណត់ហេតុ ផ្ទាល់មាត់ អោយបាន​ជាក់លាក់ ទើប​ខេត្ត​សម្របសម្រួល​ដោះស្រាយបាន​៕V/S

​ស្ទើរ​គ្មាន​ដំណោះស្រាយ ករណី​ដី​ទំនាស់​ពលរដ្ឋ ១៣​គ្រួសារ នៅ​តំបន់​១ អតីត​ជំរំ​ជនភៀសខ្លួន នៅ​ព្រំដែន​កម្ពុជា ថៃ​

​ស្ទើរ​គ្មាន​ដំណោះស្រាយ ករណី​ដី​ទំនាស់​ពលរដ្ឋ ១៣​គ្រួសារ នៅ​តំបន់​១ អតីត​ជំរំ​ជនភៀសខ្លួន នៅ​ព្រំដែន​កម្ពុជា ថៃ​

​ស្ទើរ​គ្មាន​ដំណោះស្រាយ ករណី​ដី​ទំនាស់​ពលរដ្ឋ ១៣​គ្រួសារ នៅ​តំបន់​១ អតីត​ជំរំ​ជនភៀសខ្លួន នៅ​ព្រំដែន​កម្ពុជា ថៃ​