ធ្លាក់​យន្តហោះ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ស្លាប់​​១២នាក់​យប់មិញ


ធ្លាក់​យន្តហោះ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ស្លាប់​​១២នាក់​យប់មិញ

យន្តហោះ​ដឹកជញ្ជូន​យោធា​​អាមេរិក​ប្រភេទ C-130 បាន​ធ្លាក់​ឆេះ​នៅ​ព្រលាន​យន្តហោះ Jalalabad ប្រទេស​អាហ្វហ្គានីស្ថាន កាល​វេលា​ម៉ោង ២:៣០នាទី​​រំលង​អាធ្រាត្រ​​យប់​មិញ ដោយ​សម្លាប់​មនុស្ស ១២នាក់។

 

ធ្លាក់​យន្តហោះ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន ស្លាប់​​១២នាក់​យប់មិញ

 

បើ​យោង​ទៅ​តាម​វរសេនីយ៍ឯក​អាមេរិក លោក Brian Tribus បាន​ប្រាប់​សារព័ត៌មាន​ AFP ថា យោធា​អាមេរិក​ចំនួន ៦​នាក់​ បាន​ស្លាប់​​ ឯ​អ្នក​ស្លាប់​ផ្សេង​ទៀត​ជា​ជន​ស៊ីវិល ដោយ​ពីរ​នាក់​ជា​ប្រជាជន​អាហ្វហ្គានីស្ថាន​ផង​។ ទីក្រុង​កើត​ហេតុ​នេះ​ស្ថិត​នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​ប៉ាគីស្ថាន​ ​តែ​ង​តែ​កើត​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​ឧទ្ទាម​តាលីបាន។ ប៉ុន្តែ​ការធ្លាក់​​ឆេះ​នេះ​គេ​មិន​ទាន់​ដឹង​មូល​ហេតុ​នៅ​ឡើយ​ទេ។

 

យន្តហោះ C-130 ជា​យន្តហោះយោធា​មាន​ម៉ាស៊ីន​បួន ប្រើ​សម្រាប់​ដឹកជញ្ជូន​កងទ័ព អ្នក​ដំណើរ និង​ទំនិញ​ធ្ងន់​ៗ តាំងពី​ឆ្នាំ ១៩៥០មក​ម្ល៉េះ។ ចំណែក​ព្រលាន​យន្ត​ហោះ Jalalabad ត្រូវ​បាន​ប្រតិបត្តិការ​ដោយ​កង​កម្លាំង​អាកាស​អាមេរិក ហើយ​ជា​មូលដ្ឋាន​ទ័ព​មួយ ​ប្រើ​សម្រាប់​បើក​ប្រតិបត្តិការ​តាម​អាកាស។

 

កង​ទ័ព​អាមេរិក​មាន​ជិត ១ម៉ឺននាក់​កំពុង​ឈរជើង​ក្នុង​ប្រទេស​នេះ បន្ទាប់ពី​គម្រោង​ដក​ទ័ព​ជា​បណ្ដើរ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​កាល​ពី​ដើម​ឆ្នាំ​។ ប្រធានាធិបតី​អាមេរិក អូបាម៉ា សន្យា​ថា​នឹង​ដក​កម្លាំង​បន្ថែម​ទៀត​​រហូត​ដល់​ចុង​ឆ្នាំ ២០១៦ខាង​មុខ៕

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ telegraph